ភ្នំពេញៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៤ ខែមករានេះ បានជួបពិភាក្សាជាមួយ តំណាងគណបក្សនយោបាយចំនួន ៣ និងតំណាងអង្គការខុមហ្វ្រែលអំពីការកែប្រែលើកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) ដើម្បីកាត់បន្ថយនូវកំហុសឆ្គងមួយចំនួនដែលធ្លាប់មានការឆកល្វែងដែលកើតឡើងដោយអចេតនារបស់មន្ត្រីការិយាល័យបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ប៉ុន្ដែតំណាងគណបក្ស និងអង្គការនៅតែទទូចរក្សាជំហរទាមទាររបស់ខ្លួនដដែល។ នេះបើតាមសេក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីការជួបពិភាក្សាបានឱ្យដឹងថាដោយមានការអនុញ្ញាតពី គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញតំណាងគណបក្សនយោបាយចំនួន ៣ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា និងតំណាងអង្គការខុមហ្វ្រែល ដើម្បីចូលរួមពិភាក្សាលើអនុសាសន៍របស់គណបក្សនយោបាយពាក់ព័ន្ធនឹងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) នៅទីស្តីការ គ.ជ.ប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។
នៅក្នុងជំនួបពិភាក្សានេះ លោក ទេព នីថា បានថ្លែងថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) គណបក្សនយោបាយអាចថតនៅមុខការិយាល័យបោះឆ្នោតនៅពេលបិទផ្សាយជាសាធារណៈ ហើយគណបក្សនយោបាយអាចទៅទទួលយកទម្រង់បែបបទ ១១០២ ដដែលនេះពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ ទម្រង់ បែបបទ ១១០២ នេះ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ស្កេន (Scan) ដោយផ្ទាល់ រួចបោះពុម្ពចេញពីកុំព្យូទ័រ ហើយចែកជូនតំណាងគណបក្សនយោបាយដែលមានវត្តមាននៅគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត។
លោក ទេព នីថា បញ្ជាក់ថា៖«ហេតុផលដែលមានការកែប្រែលើចំណុចនេះ ដោយសារតែប្រទេសកម្ពុជា មានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលបានផ្ដល់ថវិកាមួយចំនួន ដើម្បីឱ្យ គ.ជ.ប មានលទ្ធភាពទិញកុំព្យូទ័រ និងម៉ាស៊ីន Scanner សម្រាប់ផ្តល់ជូនទៅដល់គណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោតក្នុងការបំពេញការងារនាពេលខាងមុខ»។
លោកបន្តថា ការបោះឆ្នោតកន្លងមក គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ពុំមានសម្ភារឧបករណ៍ទាំងនោះទេ។ ម្យ៉ាងទៀតដើម្បីកាត់បន្ថយនូវកំហុសឆ្គងមួយចំនួនដែលធ្លាប់មានការឆកល្វែង ដែលកើតឡើងដោយអចេតនារបស់មន្ត្រីការិយាល័យបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតជាអ្នកចែកជូនទម្រង់បែបបទ ១១០២ ដល់តំណាងគណបក្សនយោបាយដោយផ្ទាល់ដៃវិញ។
លោក ទេព នីថា បន្តថាការបោះឆ្នោតកន្លងមក មន្ត្រីការិយាល័យបោះឆ្នោតត្រូវចម្លងលទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយដៃជាច្រើនច្បាប់ចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យបោះឆ្នោត។ លើសពីនេះទៀតក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស ១២ ម៉ោង ហួសកម្លាំងមន្ត្រីការិយាល័យបោះឆ្នោតអាចនឹងមានការថ្លោះធ្លោយនៅក្នុងការសរសេរចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ។
សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២២ ខាងមុខ គ.ជ.ប បានធ្វើការកែសម្រួលត្រង់ចំណុចនេះ ដោយភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន នៅតែទទួលបានទម្រង់បែបបទ ១១០២ ដដែល គ្រាន់តែពីមុនទទួលដោយផ្ទាល់ដៃនៅការិយាល័យបោះឆ្នោត ប៉ុន្តែពេលនេះត្រូវមកទទួលដោយផ្ទាល់ដៃនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតវិញ ក្នុងថ្ងៃបោះឆ្នោតដដែល។ ម្យ៉ាងទៀតសាធារណជនក៏អាចចូលមើលលទ្ធផលនៃការបោះឆ្នោតនៅលើគេហទំព័ររបស់ គ.ជ.ប ផងដែរ។
លោក ទេព នីថា ពន្យល់ទៀតថា កន្លងមកតួលេខនៅលើទម្រង់បែបបទ ១១០២ មានខុសតែបន្តិចបន្តួចមិនធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ។ ប៉ុន្តែត្រូវបានគណបក្សនយោបាយខ្លះឬមហាជនមួយចំនួនថតបង្ហោះផ្សព្វផ្សាយលើបណ្តាញសង្គម ដើម្បីធ្វើឱ្យសាធារណជនមានការភាន់ច្រឡំអំពីលទ្ធផលនៃការបោះឆ្នោត។ មូលហេតុទាំងនេះហើយ ទើបពេលនេះ គ.ជ.ប បានធ្វើការ កែសម្រួល ដើម្បីឱ្យលទ្ធផលនៃការបោះឆ្នោតកាន់តែមានភាពសុក្រឹត តម្លាភាព ហើយដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
ទោះបីជា គ.ជ.ប បានពន្យល់ហេតុផលសព្វគ្រប់យ៉ាងណាក៏ដោយ ភាគីខាងគណបក្សនយោបាយទាំង ៣ នៅតែទទូចរក្សាជំហរទាមទាររបស់ខ្លួនដដែល។ ភាគីគណបក្សនយោបាយទាំង ៣ ក៏បានថ្លែងអំណរគុណដល់ គ.ជ.ប ដែលបានផ្តល់ឱកាសឱ្យគណបក្សនយោបាយបានជួបពិភាក្សាផ្ទាល់លើចំណុចខ្វែងគ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោកបានបន្តថា គ.ជ.ប នៅមានកិច្ចការជាច្រើនទៀតដែលត្រូវជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត។ លោកបានថ្លែងអំណរគុណដល់គណបក្សនយោបាយ និងអង្គការខុមហ្វ្រែលដែលបានចូលរួមផ្ដល់អនុសាសន៍លើសេចក្តីព្រាងបទបញ្ជ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ភាគីទាំង២បានវាយតម្លៃចំពោះជំនួបពិភាក្សាដោយផ្ទាល់នេះថា វាជាការយោគយល់គ្នា និងបានជជែកគ្នាត្រង់ទៅត្រង់មក។ ជំនួបពិភាក្សារយៈពេលប្រមាណជា ២ ម៉ោង បានបញ្ចប់ទៅ ដោយភាពស្និទ្ធស្នាល៕