
អគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ ថ្លែងអំឡុងពេលវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ានកាលពីឆ្នាំមុន។ រូបថត រី សុចាន់
ភ្នំពេញៈ អគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ (Lim Jock Hoi) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ទី ១៩ ខែមករា ដើម្បីស្វែងរកមធ្យោបាយពង្រឹងអាស៊ានឱ្យល្អប្រសើរ និងស្អិតរមួតខ្លាំងឡើង។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាដែលផ្សព្វផ្សាយនារសៀលថ្ងៃទី ១៥ មករា បានឱ្យដឹងថា លោក លឹម ចុក ហ៊ុយ នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។
លោកក៏រំពឹងថានឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក លឹម ចុក ហ៊ុយ ក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅថ្ងៃទី ១៩ ខែមករានៅក្រុងព្រះសីហនុផងដែរ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ទស្សនកិច្ចរបស់ ឯកឧត្តម លឹម ចុក ហ៊ុយ មកព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ននឹងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដើម្បីធានាសម្រេចបាននូវសមិទ្ធផលល្អប្រសើរសម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង»៕