ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ហើយលោកបានថ្លែងអបអរសាទរសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា៖ "ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ដែលឆ្នាំនេះមានរហូតដល់ ១ ៧៥៣ នាក់។ ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ ២០២០ ដែលឱ្យជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះ ខ្ញុំនឹងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេស A"។
លោកបានបន្ថែមថា ពេលវេលានិងទីកន្លែងជួបនឹងជម្រាបតាមក្រោយតាមរយៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕