ភ្នំពេញៈ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច ណែនាំដល់ពលរដ្ឋឱ្យមានការប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ ភ្លើងជាមធ្យោបាយចម្អិនអាហារ ដុតស្មៅ ព្រៃ និងការប្រមូលផលអនុផលព្រៃឈើជាដើម ដោយហេតុបញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារ ធម្មជាតិ និងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិនានានៅកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវប្រាំង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានស្តីពីវិធានការ ការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ នៅថ្ងៃទី១៤ ខែមករា បានឱ្យដឹងថា នៅរដូវប្រាំង ធាតុអាកាសទូទៅនៅប្រទេសកម្ពុជាមានសភាពក្តៅហួតហែង និងស្ងួតខ្លាំង ដែលងាយនឹងបង្កឱ្យមានកត្តាភ្លើងឆេះព្រៃ។
ទោះបីជា កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បាននិងកំពុងទទួលរងឥទ្ធិពលបាតុភូតឡានីណា (La Nina) ក៏ដោយ តែក្រៅពីបាតុភូតធម្មជាតិ ដែលបង្កឱ្យមានភ្លើងឆេះព្រៃ ហានិភ័យនៃភ្លើងឆេះព្រៃដែលបង្កដោយសកម្មភាពរបស់មនុស្សផ្ទាល់ ក៏ជា កត្តាចម្បងមួយគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភផងដែរ។
ក្រសួងបានបញ្ជាក់ថា ៖ «ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ កម្ទេចផ្សេងៗ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ហើយត្រូវរៀបចំធ្វើផ្លូវភ្លើង ដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត»។
មន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ ត្រូវណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ ដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីទីតាំងប្រើប្រាស់ ភ្លើងនោះ និងត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។ នេះបើតាមការបន្ថែមរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការបង្កឱ្យមានភ្លើងឆេះ ព្រៃដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លាន រៀល។
កាលពីសប្តាហ៍មុននេះដែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានដាក់ចេញនូវវិធានការចំនួន ៧ ចំណុច ដើម្បីត្រៀមទប់ស្កាត់ភ្លើងឆេះព្រៃនេះផងដែរ ខណៈដែលជាទូទៅ គេកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃបង្កឡើងដោយសកម្មភាពមនុស្ស តាមរយៈការដុតព្រៃ ដុតគល់ជញ្ជ្រាំងតាមវាលស្រែ និងការដុតភ្លើងយកឃ្មុំដោយខ្វះការប្រុងប្រយ័ត្ន។
លោករដ្ឋមន្ត្រីក៏ បានណែនាំឱ្យអង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍កសិកម្មចូលរួមសហការ អនុវត្តទប់ស្កាត់ករណីភ្លើងឆេះព្រៃនៅក្នុងរដូវក្ដៅឆ្នាំនេះ៕