ភ្នំពេញៈ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៤ រយៈពេល ២ ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋជាង ៤ ម៉ឺននាក់ បានចាក់វ៉ាក់សាំងប្រភេទ Pfizer នៅតាមបណ្តាមន្ទីរពេទ្យ មណ្ឌលសុខភាពក្នុងរាជធានីភ្នំពេញ ខណៈដែលមនុស្សចំនួនជាង ៤ លាននាក់បានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣។
របាយការណ៍របស់ក្រសួងសុខាភិបាលឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៤ បានចាប់ផ្តើមនាថ្ងៃទី ១៤ ខែមករា ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យគ្រប់ប្រជាពលរដ្ឋដែលត្រូវដល់វេនចាក់វ៉ាក់សាំងដូសទី ៤ នេះ មកចាក់នៅរាជធានីភ្នំពេញបាន។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ថ្លែងក្នុងពេលចុះពិនិត្យមើលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៤ ថា ថ្ងៃទី ១៤ មករា ជាថ្ងៃនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៤។ ការចាក់វ៉ាក់សាំងនេះ គឺធ្វើតែក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញទេ ដោយសារវ៉ាក់សាំង Pfizer នេះត្រូវរក្សាទុកក្នុងប្រព័ន្ធត្រជាក់រហូតដល់ដក ៨០(-៨០) អង្សារសេក្រោមសូន្យ។
លោកស្រីថ្លែងថា៖ «នៅតាមបណ្តារាជធានីខេត្តរបស់យើងមិនទាន់មានប្រព័ន្ធត្រជាក់នេះទេ តែតាមពិតទៅយើងបានគ្រោងនឹងចាត់ចែងរៀបចំនេះនៅពេលដែលប្រព័ន្ធត្រជាក់នេះមកដល់ប្រទេសយើង តាមរយៈអង្គការយូនីសេហ្វជាអ្នកផ្គត់ផ្គង់ ហើយប្រសិនបើមិនមានការប្រែប្រួលនោះទេ ប្រព័ន្ធត្រជាក់នេះអាចនឹងមកដល់កម្ពុជានៅចុងខែកុម្ភៈ»។
នៅពេលប្រព័ន្ធត្រជាក់មកដល់ក្រសួងនឹងធ្វើការដំឡើង និងចែកជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តក៏ដូចជានៅតាមស្រុកប្រតិបត្តិ ហើយវ៉ាក់សាំងនេះនឹងធ្វើការបែងចែកជាបន្តបន្ទាប់ នៅពេលមានប្រព័ន្ធត្រជាក់នេះ។ ប៉ុន្តែយុទ្ធនាការនេះត្រូវបានចាប់ផ្តើម ដោយមានភាពចាំបាច់ និងការវិវឌ្ឍនៃការបំប្លែងខ្លួនដ៏លឿនរបស់វីរុសកូវីដ ១៩ ពិសេសវីរុសប្រភេទអូមីក្រុងក្នុងប្រទេសកម្ពុជា។
លោកស្រី ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលផងនោះប្រាប់ថា ការចាក់វ៉ាក់សាំងដូសទី ៤ ដែលពេលនេះ កំពុងប្រើប្រាស់ប្រភេទវ៉ាក់សាំង Pfizer ប៉ុន្តែ វាមិនមែនមានន័យថា ចាំបាច់ដូសទី ៤ ត្រូវតែប្រើវ៉ាក់សាំងប្រភេទនេះទេ។
លោកស្រីបញ្ជាក់ថា៖ «ប្រសិនបើយើងមិនមានប្រភេទវ៉ាក់សាំង Pfizer នេះទេ យើងក៏អាចប្រើប្រាស់វ៉ាក់សាំង Astrazeneca ឬវ៉ាក់សាំង Moderna ដែលយើងអាចប្រើប្រាស់បានជាដូសទី ៤ ឬដូសជំរុញ ហើយប្រសិនបើយើងមិនមានវ៉ាក់សាំងទាំងនេះ យើងក៏អាចប្រើប្រាស់វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់បានដែរ»។
បើតាមលោកស្រី ឱ វណ្ណឌីន គ្រប់វ៉ាក់សាំងកូវីដ ១៩ ទាំងអស់សុទ្ធតែជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ទប់ទល់ពីការវាយលុកភាពធ្ងន់ធ្ងរពីវីរុសកូវីដ ១៩ កាត់បន្ថយបានជាអតិបរមានៃការទទួលមរណភាព ក៏ដូចជាកាត់បន្ថយបានពីអត្រានៃការចូលមកសម្រាកពេទ្យ។
អ្នកនាំពាក្យរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញដែលមានការធ្វើយុទ្ធនាការចាក់នេះនៅទូទាំងប្រទេស លើកលែងតែដូសទី ៤ ដែលមានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែវ៉ាក់សាំង Pfizer តម្រូវរក្សាទុកក្នុងប្រព័ន្ធត្រជាក់ក្រោម ៨០ អង្សាសេ។
គួររំឭកថា កាលពីថ្ងៃទី ១០ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាទៅក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់អនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែង ឬតាមបណ្តាខេត្តនានាអាចមកចាក់វ៉ាក់សាំងដូសទី ៤ បានដោយ ប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ Pfizer។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំបានដាក់បទបញ្ជារួចហើយ គឺចាក់ទៅដល់គ្រប់ប្រជាពលរដ្ឋ ដែលមកពីគ្រប់កន្លែងណាក៏បានដែរ។ បើអ្នកណាចង់ចាក់វ៉ាក់សាំង Pfizer គឺចាក់ឱ្យពួកគាត់បាន ដោយសារវ៉ាក់សាំងនេះដឹកចេញទៅខេត្តមិនមានប្រព័ន្ធត្រជាក់ -៨០ អង្សា វានឹងខូច។ សំខាន់ត្រូវឱ្យវ៉ាក់សាំងបានចូលទៅក្នុងខ្លួនមនុស្ស»។
យោងតាមរបាយការណ៍ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១៥ មករា ឆ្នាំ ២០២២ ធៀបនឹងប្រជាជនសរុប ១៦ លាននាក់ កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានចំនួន ៨៩,៤២% ហើយ ដោយក្នុងនោះមានចាប់ពីកុមារអាយុពី ៥ ឆ្នាំឡើង។ ក្រសួងបន្ថែមថា ចំពោះអ្នកចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៣ មានជាង ៤ លាន ៦ សែននាក់ និងដូសទី ៤ ចំនួន ៤៣,០៨១ នាក់។
ដោយឡែក សម្រាប់ការចាក់វ៉ាក់សាំងកុមារអាយុ ៣ ឆ្នាំ និង ៤ ឆ្នាំ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលមិនទាន់សម្រេចឱ្យមានការចាក់ជូននៅឡើយទេ ដោយរង់ចាំការតាមដានមើលពីបណ្តាប្រទេសផ្សេងៗជាមុនសិន។
លោកនាយករដ្ឋមន្ត្រីលើកឡើង កាលពីថ្ងៃទី ១៤ មករា លើបណ្តាញសង្គមហ្វេសប៊ុករបស់លោកក្នុងការឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋលើការចាក់វ៉ាក់សាំងកុមារក្រោម ៥ ឆ្នាំនេះថា ការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់កុមារអាយុ ៣ ឆ្នាំ និង ៤ ឆ្នាំ មិនទាន់សម្រេចចុងក្រោយនៅឡើយ។
អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ១ រូបបានសរសេរ (comment) ក្នុងរូបភាព របស់លោក ហ៊ុន សែន និងភរិយា ដែលបានបង្ហោះពីការចាក់វ៉ាក់សាំងដូសជំរុញថា៖ «សម្តេចពុកតើកូនក្មេងអាយុ ៣ និង ៤ ឆ្នាំ អាចចាក់វ៉ាក់សាំងបានពេលណាដែរ?»។
ជាការឆ្លើយតបលោក ហ៊ុន សែន សរសេរ ថា៖ «មិនទាន់មានការសម្រេចចុងក្រោយនោះទេសម្រាក់ការចាក់ក្មេងអាយុ ៣ និង ៤ ឆ្នាំ។ ត្រូវរង់ចាំមើលប្រទេសនានាដែលបានចាក់ទៅលើក្មេង ៣ និង ៤ ឆ្នាំមានប្រសិទ្ធភាព ឬផលប៉ះពាល់យ៉ាណា?»៕