កោះកុងៈ អាជ្ញាធរខេត្តកោះកុងបានសម្រេចដកហូតផ្ទៃដីទំហំ ១០២ ហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមាទុកជាសម្បត្តិឯកជនរបស់រដ្ឋ ដែលកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង បន្ទាប់ពីមានការកាប់ទន្ទ្រានវាតយកក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ។
សេចក្តីសម្រេច ចុះថ្ងៃទី ១៤ ខែមករា ដែលចុះហត្ថលេខាដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបញ្ជាក់ថា៖ «ត្រូវទុកជាមោឃៈនូវរាល់បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ និងឯកសារផ្សេងៗទៀត ដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ដីមិនស្របច្បាប់នៃដីក្នុងទីតាំងដីទំហំ ១០២ ហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង»។
សេចក្តីសម្រេចបន្តថា រដ្ឋបាលស្រុកមណ្ឌលសីមា និងរដ្ឋបាលឃុំទួលគគីរត្រូវសហការជាមួយមន្ទីរ និងអង្គភាពជំនាញជុំវិញខេត្តនេះ ដើម្បីថែរក្សា និងការពារទីតាំងដីនេះឱ្យបានគង់វង្ស។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៦ ខែមករា ថា ការដកហូតដីព្រៃនេះ ដោយសារមានការទន្ទ្រានយកដីរបស់រដ្ឋ។ ការទន្ទ្រាននេះមានរយៈជាង ១ ឆ្នាំមកហើយ ហើយអាជ្ញាធរ ក៏បានអប់រំណែនាំដល់ប្រជាពលរដ្ឋផងដែរមុននឹងដកហូត។
លោកថ្លែងថា៖ «ប្រជាជនគាត់ទៅកាប់ [ទន្ទ្រាន] យកហើយចេះតែមានអ្នកស៊ីញ៉េ ផ្តិតមេដៃលក់ចុះឡើងៗហ្នឹង។ វាបញ្ហាទន្ទ្រានដីធ្លីហ្នឹង ឧបមាថា បុគ្គល «ក» អ៊ីចឹងទៅគាត់ទៅទន្ទ្រានហើយដល់ពេលហើយគាត់ចេះតែមានឃុបឃិតគ្នាលក់ ពេលខ្លះក៏មានអាជ្ញាធរស៊ីញ៉េ ពេលខ្លះក៏អត់អ៊ីចឹងទៅអាហ្នឹង។ គ្រាន់តែថាដីហ្នឹងជាដីរដ្ឋត្រូវតែដកយកមកវិញ»។
លោក សុខ សុទ្ធី បញ្ជាក់ថា ការដកហូតទុកជាសម្បត្តិឯកជនរបស់រដ្ឋនេះគឺ នៅពេលដែលមានតម្រូវការរដ្ឋនឹងធ្វើការបែងចែកដីនេះតទៅទៀត នាពេលអនាគត។ ការចេញសេចក្តីសម្រេចដកហូតដីនេះ គឺជាការប្រកាសឱ្យបានដឹងថា ដីនេះគឺជាដីរបស់រដ្ឋ ដើម្បីចៀសវាងថ្ងៃក្រោយ មិនឱ្យមានអ្នកទៅទន្ទ្រានយកតទៅទៀត។
លោកបន្តការទន្ទ្រាននេះធ្វើឡើងមិនមែនទ្រង់ទ្រាយធំនោះទេ ហើយអាជ្ញាធរក៏មិនអាចកំណត់អត្តសញ្ញាអ្នកដែលទន្ទ្រានបាននោះទេ។
លោកបានថ្លែងថា៖ «ទន្ទ្រានមិនមែនទៅកាប់ឱ្យយើងឃើញទ្រង់ទ្រាយធំទេ ឧបមាថា ដី ១០២ ហិកតាអ៊ីចឹង កាប់នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចអ៊ីចឹង ហើយយើងកំណត់ថា មុខសញ្ញាណាក៏យើងអត់ច្បាស់ដែរ។ ប៉ុន្តែកុំឱ្យថ្ងៃក្រោយទៅ វាមានការយល់ច្រឡំជាពិសេសនៅពីក្រោយហ្នឹងថាដីហ្នឹងបានទៅលើបុគ្គលនេះបុគ្គលនោះ អ៊ីចឹង។ យើងចេញសេចក្តីសម្រេចមួយដូចសេចក្តីប្រកាសព័ត៌មានអ៊ីចឹង សម្រេចថា ដីនេះដីរដ្ឋទេ អត់មានអ្នកឯងមកយកអ៊ីចេះ អ៊ីចុះបានទេ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ព្រៃនឹងដុះឡើងវិញក្នុងរយៈពេល ១ ឆ្នាំបើមិនមានការទន្ទ្រាន។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកោះកុងបានចេញសេចក្តីសម្រេចដកហូតផ្ទៃដីទំហំជាង ២៨ ម៉ឺនម៉ែត្រការ៉េ និងផ្ទៃដីទំហំជាង ៤៧ ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ជាសម្បត្តិឯកជនរបស់រដ្ឋ ដែលកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុងបានជំរុញឱ្យរដ្ឋបាលស្រុកបទុមសាគរ និងរដ្ឋបាលឃុំអណ្តូងទឹកត្រូវសហការជាមួយមន្ទីរ និងអង្គភាពជំនាញជុំវិញខេត្តដើម្បីដាំ និងថែទាំដើមស្មាច់ ក្នុងទីតាំងដីដែលត្រូវបានដកហូតទុកជាសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុងនេះឡើងវិញឱ្យបានល្អប្រសើរ៕