ភ្នំពេញៈ លោក​ ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បានឱ្យ​ដឹងថា តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​វាយតម្លៃ​ជា​លើកដំបូង​ថា កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន ដើម្បី​ចាកចេញ​ពី​ចំណាត់​ក្រុម​នៃ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច ដោយហេតុ​ប្រទេស​នេះ​មាន​ផលទុនជាតិ​សរុប​ខ្ពស់ជាង​លក្ខខណ្ឌ​កំណត់​ដោយ​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍ (CDP) ​នៃ​អង្គការ​សហប្រជាជាតិ​។

លោក ឆាយ ថន​ បានបញ្ជាក់​បែប​នេះ​ក្នុង​ពេលធ្វើ​អធិបតី​ពិធី​បើក «​សិក្ខាសាលា​ស្តីពី​ការចាកចេញ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ពី​ចំណាត់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​» ជាមួយនឹង​លោកស្រី Pauline Thamesis តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា យូអិនអេសស្កាប់ ​( ESCAP) និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​តំណាង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​ ២០២២ តាម​ប្រព័ន្ធ​វីដេអូហ្សូម​។

លោក ឆាយ ថន បញ្ជាក់ថា​៖ «​នៅ​ឆ្នាំ​ ២០២១ កម្ពុជា ត្រូវបាន​វាយតម្លៃ​ជា​លើកដំបូង ដោយ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ថា បាន​បំពេញបាន​នូវ​លក្ខខណ្ឌ​ចាំបាច់​ទាំង​ ៣ ដើម្បី​រៀបចំ​ចាកចេញ​ពី​ចំណាត់​ក្រុម​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺ​កម្ពុជា​មាន ទី ​១- ផលទុនជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ (GNI per- Capita) ១ ៣៧៧ ដុល្លារ ខ្ពស់ជាង​លក្ខខណ្ឌ​កំណត់​ដែល​តម្រូវឱ្យ​មានតម្លៃ​ទាប​បំផុត ១ ២២២ ​ដុល្លារ​។ ២- ​សន្ទស្សន៍​ធនធានមនុស្ស ៧៤,៣ ​ពិន្ទុ ខ្ពស់ជាង​លក្ខខណ្ឌ​កំណត់​ដែល​តម្រូវឱ្យមាន​ពិន្ទុ​ទាប​បំផុត ៦៦ ពិន្ទុ​, និង ទី​ ៣-​ សន្ទស្សន៍​ភាពងាយ​រងគ្រោះ​នៃ​សេដ្ឋកិច្ច និង​​បរិស្ថាន ៣០,៦ ​ពិន្ទុ ទាប​ជាង​លក្ខខណ្ឌ​កំណត់​ដែល​តម្រូវឱ្យ​មាន​ពិន្ទុ​ខ្ពស់បំផុត ៣២ ​ពិន្ទុ​»​។

លោក​បន្ថែមថា​៖ «​ការបាន​បំពេញបាន​នូវ​លក្ខខណ្ឌ​ចាំបាច់​លើក​ទី​ ១ ដើម្បី​រៀបចំ​ចាកចេញ​ពី​ចំណាត់​ក្រុម​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នេះ គឺជា​ការចាប់ផ្តើម​នៃ​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​កម្ពុជា ដែល​បញ្ជាក់​ពី​ផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការទទួល​ស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ពី​សហគមន៍​អន្តរជាតិ​»​។

លោក រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការស្តារ និង​កសាង​ប្រទេស ព្រមទាំង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្រោយពី​វិនាសកម្ម​ដ៏ធំធេង​លើ​គ្រប់​វិស័យ​ដែល​បន្សល់​ទុកឱ្យ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ឡើងជា​បណ្តើរៗ​ពី​ចំណុចសូន្យ​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ រហូត​មកទល់​បច្ចុប្បន្ន ដោយមាន​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គមជាតិ​ទាំងមូល​ព្រមទាំង​ការឧបត្ថម្ភ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។ ក្រោយ​ការអនុវត្ត «​គោលនយោបាយ​ឈ្នះ​ឈ្នះ​» ដែល​ធានាឱ្យមាន​នូវ​បុរេលក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ គឺ​សន្តិភាព​ពេញលេញ រួម​ជាមួយ​នឹង​យុទ្ធសាស្ត្រ​, គោល​នយោបាយ និង​ផែនការ​អភិវឌ្ឍន៍​សង្កមសេដ្ឋកិច្ច​ដ៏​សមស្រប​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ភាពឈ្លាសវៃ​បំផុត​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ កសាង និង​អភិវឌ្ឍ​ទាំងអស់​នេះ បាន​នាំមក​នូវ​វឌ្ឍនភាព​យ៉ាង​ធំធេង និង​ឆាប់រហ័ស​រហូត​បាន​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៦​។

លោក​ថ្លែងថា ក្រោយ​ការចាកចេញ​ហើយ​សិក្ខាសាលា​នេះ​ក៏​ជា​សិក្ខាសាលា​លើក​ទី​ ១​ស្តីពី​ដំណើរការ​ និង​ការត្រៀម​រៀបចំ​ការចាកចេញ​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា​ពី​ចំណាត់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែលមាន​គោលបំណង​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​អំពី​ការបំពេញបាន​នូវ​លក្ខខណ្ឌ សម្រាប់​ការចាកចេញ​លើក​ទី​ ១ របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២១ និង​អំពី​ដំណើរការ​ និង​យន្តការ​នៃ​ការត្រៀម​ចាកចេញ​នៅក្នុង​បរិការណ៍​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​បរិស្ថាន និង​យន្តការ​នៃ​កម្មវិធី​សកម្មភាព​ទីក្រុង​ដូហា ២០២២ ​ដល់​ ២០៣១​។

លោក​បានឱ្យដឹងថា ដំណើរការ​នៃ​ការចាកចេញ​តម្រូវឱ្យ​កម្ពុជា​បំពេញបាន​នូវ​លក្ខខណ្ឌ​ចាំបាច់​ទាំង​ ៣ ខាងលើ​ម្តងទៀត​ជា​លើក​ទី​ ២ នៅ​ឆ្នាំ ២០២៤ រួម​ជាមួយនឹង​ការពិនិត្យ​អំពី​ស្ថានភាព​នៃ​ភាពងាយ​រងគ្រោះ និង​ការវាយតម្លៃ​ជាមុន​អំពី​ផលប៉ះពាល់​នៃ​ការចាកចេញ ដែល​ក្នុងករណី​បំពេញបាន​កម្ពុជា​នឹង​ត្រូវបាន​ស្នើឱ្យ​ចាកចេញ​ចំណាត់​ក្រុម​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។ ការចាកចេញ​នឹងត្រូវ​ចូល​ជាធរមាន​នៅ​ ៣ ​ឆ្នាំ​បន្ទាប់ គឺ​នៅ​ឆ្នាំ​ ២០២៧​។ ក្នុងអំឡុង​ពេលនេះ​កម្ពុជា​ត្រូវមាន​យុទ្ធសាស្ត្រ​ជាតិ​អំពី​អន្តរកាល​ដោយ​រលូន​មួយ​ដើម្បី​ធានាថា ការអភិវឌ្ឍ​ប្រទេស​នឹងមិន​ត្រូវបាន​រង​ការប៉ះពាល់​ដោយសារ​ការចាកចេញ ហើយ​ត្រូវ​ចាប់​អនុវត្ត​ក្រោយ​ការចាកចេញ​ចូល​ជា​ធរមាន​។ ចំពោះ​លទ្ធផល​នៃ​ការវាយតម្លៃ​នៃ​ការ​បាន​បំពេញបាន​នូវ​លក្ខខណ្ឌ​ចាំបាច់​លើក​ទី ​១ នៅ​ឆ្នាំ​ ២០២១ ខាងលើ លោក ឆាយ ថន បានបញ្ជាក់​បន្ថែមថា គឺ​ផ្អែកលើ​ទិន្នន័យ​មុនពេល​ការកើតមាន​ជំងឺ​កូវីដ​ ១៩​។ វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ បាន​ជះ​ផលប៉ះពាល់​អវិជ្ជមាន​ដោយ​ឥត​ព្រាងទុក​ទៅលើ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​បរិស្ថាន​ដែល​កំពុងមាន​ដំណើរការ​វិជ្ជមាន និង​ដោយ​រលូន ជាពិសេស​ទៅលើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន ក៏ដូចជា ទៅលើ​វិស័យ​ដែលជា​ចន្ទល់​នៃ​សេដ្ឋកិច្ច ដូចជា វិស័យ​ទេសចរណ៍ និង​វិស័យ​កម្មន្តសាល​កាត់ដេរ​។

លោក​បញ្ជាក់ថា ជាក់ស្តែង​សេដ្ឋកិច្ចកម្ពុជា​ដែល​ធ្លាប់មាន​ការរីកចម្រើន​ក្នុង​អត្រា​មួយ​ថេរ​ក្នុង​រង្វង់ ៧% ក្នុង​ ១ ​ឆ្នាំៗ​បាន​ជួបប្រទះ​នឹង​កំណើន​អវិជ្ជមាន (-៣,១%) នៅ​ឆ្នាំ​ ២០២០ ហើយ​អត្រា​ភាពក្រីក្រ​ដែល​យោងតាម​វិធីសាស្ត្រ​គណនា​ថ្មី​បាន​កើន​ឡើងដល់ ១៧,៨% ដែល​មួយផ្នែក​គឺ​ដោយសារ​ការបាត់បង់​ និង​ព្យួរការងារ​នៅក្នុង​វិស័យ​កម្មន្តសាល​កាត់ដេរ និង​វិស័យ​ទេសចរណ៍​។

លោក​ថា​៖ «​នៅ​កម្ពុជា​ការធ្លាក់ចុះ​អាចមាន​ក្នុង​ទំហំ​មិន​នឹកស្មាន​ដល់ ប្រសិនបើ​គ្មាន​ការឆ្លើយតប​យ៉ាង​ទាន់ពេល​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន បុរេសកម្ម និង​ទទួលខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល គួបផ្សំ​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​រហ័ស​ និង​ទូលំទូលាយ ដែល​ធ្វើឱ្យ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​មាន​កម្រិត​មធ្យម និង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន​»​។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់ចេញ និង​អនុវត្ត​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ចំនួន ១០ ​ជុំ ជា​បន្តបន្ទាប់ និង​យន្តការ​ចំពោះមុខ​ជាច្រើន​ទៀត ដើម្បី​ទ្រទ្រង់​ និង​ស្តារ​សកម្មភាព​អាជីវកម្ម និង​ធុរកិច្ច​ឱ្យ​ងើប​ឡើងវិញ និង​ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​។ ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទោះបី​ជាមាន «​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​» សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​សម្រេចបាន​អត្រាកំណើន ២,៤% នៅ​ឆ្នាំ​ ២០២១​។

ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​ស្ដារ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ពេល​ចំពោះមុខ និង​ក្នុង​រយៈពេល​មធ្យម ប្រកប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន ក៏ដូចជា ដើម្បី​ដាក់ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​សំដៅ​ពង្រឹង​ភាព​ធន់​សង្គម​សេដ្ឋកិច្ច (socio-economic resilience) ក្នុង​រយៈពេល​វែង តាមរយៈ​សសរស្តម្ភ ៣ គឺ​ការស្តារ​(Recovery) ការកែទម្រង់ (Reform) និង​ការកសាង​ភាពធន់​ (Resilience)​។ នេះ​បើតាម​លោក ឆាយ ថន​។

លោកស្រី Pauline Thamesis តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុងនាម​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ដោយ​បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​សម្រាប់​ការបញ្ចប់​ការសិក្សា​ពី​ស្ថានភាព​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច (Least developed countries) ជា​លើកដំបូង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​រយៈពេល ៣ ឆ្នាំ​ម្ដង​នៃ​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​ (CDP) កាលពី​ឆ្នាំ ​២០២១​។

លោកស្រី​ថ្លែងថា​៖ «​សិក្ខាសាលា​ថ្ងៃនេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​រាជរដ្ឋាភិ​បាល​ក្នុង​ការរៀបចំ​សម្រាប់​ការបញ្ចប់​ការសិក្សា​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ដែល​បាន​ពិភាក្សា​នៅ​ជំហាន​ដំបូង​របស់​យើង​កាលពី​ខែមិថុនា ឆ្នាំ ២០២១»​។

លោកស្រី​ថ្លែងថា ក្នុង​ឆ្នាំ ២០២០ សេដ្ឋកិច្ច​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ៣,១% ហើយ​ភាពក្រីក្រ​ត្រូវបាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​កើនឡើង​ដល់ ១៧,៨% [​ផ្អែកលើ​លទ្ធផល​ពី​ការស្ទង់មតិ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឆ្នាំ ២០១៩-២០២០]​។

ប៉ុន្ដែ​ក្នុង​ឆ្នាំ​​២០២១ សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​គេ​ប៉ាន់​ស្មានថា​នឹង​ងើប​ឡើងវិញ​ជាមួយនឹង​អត្រាកំណើន​ប្រមាណ ២,៣%​។ ទស្សនវិស័យ​សេដ្ឋកិច្ច​ភ្លាមៗ​នោះ​នៅតែ​ត្រូវបាន​សម្គាល់​ដោយ​ភាពមិន​ប្រាកដប្រជា និង​ភាពស្មុគស្មាញ​ខ្ពស់​ដែល​បណ្ដាលមកពី​បរិបទ​ជំងឺ​រាតត្បាត​កូវីដ-១៩ ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស និង​លទ្ធផល​នៃ​ការផ្លាស់ប្តូរ​មេរោគ និង​ការឆ្លើយតប​គោលនយោបាយ​សកល​។

បើតាម​គណៈកម្មការធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​ទទួលបន្ទុក​កំណត់​ឋានៈ​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​​តិចតួច​បំផុត​បាន​ឱ្យដឹងថា ប្រទេស​ដែល​អាច​រួច​ផុតពី​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត​បាន លុះត្រាតែ​ចំណូល​ជាតិ​ដល់ ឬ GNI ចាប់ពី​ជាង ១ ២២២ ដុល្លារ ឡើងទៅ​សម្រាប់​មនុស្ស​ម្នាក់ៗ​។ ក្រៅពីនោះ ក៏​នៅមាន​លក្ខខណ្ឌ​មួយចំនួន​ទៀត ដូចជា​កត្តា​សន្ទស្សន៍​មូលធន​មនុស្ស (Human Assets Index, HAI) ការអប់រំ និង​សុខភាព និង​សន្ទស្សន៍​ភាពងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន​ជាដើម​។ យោងតាម​ការវាយតម្លៃ​ចុងក្រោយ​របស់​គណៈកម្មាធិការ​របស់​អង្គការសហប្រជាជាតិ​នេះ ដែល​ធ្វើឡើង​នៅ​រៀងរាល់ ៣ ឆ្នាំ​ម្តង ទិន្នន័យ​ក្នុង​ឆ្នាំ​​ ២០២១ បង្ហាញថា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ គឺ​ចាប់តាំងពី​ឆ្នាំ​ ១៩៧៥​ មក កម្ពុជា​បាន​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​អាចឱ្យ​ពិភពលោក​ពិចារណា​ដក​ឈ្មោះ​ចេញពី​ឋានៈ​នៃ​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​បាន​ក្នុងចំណោម​ជាង​ ៤០ ប្រទេស​៕