ភ្នំពេញៈ អគ្គលេខាធិការអាស៊ានប្តេជ្ញាធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលជាមួយប្រទេសដៃគូអាស៊ានទាំងអស់ ដើម្បីជួយឱ្យកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឱ្យទទួលបានជោគជ័យ ក្រោយពីមានការស្នើសុំពីភាគីកម្ពុជា។ នេះបើតាមក្រសួងការពារជាតិ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងអគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ (Lim Jock Hoi) និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ នាថ្ងៃទី ១៧ មករា ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៥-១៩ មករា។
ក្រសួងការពារជាតិបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ១៨ មករា ថា៖ «ឯកឧត្តម អគ្គលេខាធិការអាស៊ានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងការពារជាតិកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកនៅឆ្នាំ ២០២២ និងបានប្តេជ្ញាចិត្តធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំដំណើរការឱ្យសម្រេចជោគជ័យ»។
ប្រភពដដែលបញ្ជាក់ថា លោក ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកអគ្គលេខាធិការអាស៊ានរូបនេះក្នុងការជួយគាំទ្រដល់កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដើម្បីឱ្យកម្ពុជាដំណើរការកិច្ចប្រជុំទាំងនេះបានរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា។ លោកទៀ បាញ់ ប្តេជ្ញាខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំទាំងនេះឱ្យទទួលបានជោគជ័យ។
លោកប្រាប់លោក Hoi ថា ក្នុងការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ កម្ពុជាបានត្រៀមរៀបចំកិច្ចប្រជុំចំនួន ១៣ និងត្រៀមរៀបចំឯកសារ ធនធានមនុស្ស និងមធ្យោបាយផ្សេងៗបានរួចរាល់។ ដោយសារកម្ពុជាមានស្ថានភាពល្អក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទើបកម្ពុជាគ្រោងរៀបចំកិច្ចប្រជុំទាំងនេះដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មីនេះ និងនៅតាមខេត្តមួយចំនួន។
រដ្ឋមន្ត្រីការពារជាតិរូបនេះលើកឡើងថា ទោះបីកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធរួចរាល់សម្រាប់កិច្ចប្រជុំទាំងនេះក៏ដោយ កម្ពុជានៅតែមានតម្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ពិសេសពីអគ្គលេធិការដ្ឋានអាស៊ានទៅលើការងារខ្លឹមសារ និងរដ្ឋបាល។
លោក ទៀ បាញ់ ស្នើលោក Hoi បន្តជួយសម្របសម្រួលរាល់កិច្ចការពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេសឯកសារទស្សនទានចំនួន ៣ គឺទី ១- កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ានទប់ស្កាត់ការឆ្លងដែននៃជំងឺកូវីដ ១៩ ទី ២- ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ានសន្តិភាព និងសន្តិសុខ និងទី ៣- ការបង្កើតកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម។
មកដល់ពេលនេះ កម្ពុជាទើបទទួលបានការស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ១ រួមមាន រុស្ស៊ី និងជប៉ុន។ លោក ទៀ បាញ់ ស្នើអគ្គលេខាធិការដ្ឋានអាស៊ានរូបនេះជួយជំរុញ និងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ដើម្បីស្នើរៀបចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ១ ដែលគ្រោងរៀបចំនៅដំណាច់ឆ្នាំ ២០២២។
ក្រសួងការពារជាតិអះអាងថា លោក Hoi នឹងបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ។ ពិសេសឯកសារទស្សនទានចំនួន ៣ នេះ ហើយលោក Hoi នឹងចាត់ក្រុមការងារពិសេស ១ ក្រុមសហការជាមួយក្រុមការងារក្រសួងការពារជាតិកម្ពុជាទទួលបន្ទុកកិច្ចការអាស៊ាននេះ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៨ មករា ថាក្នុងនាមកម្ពុជាជាប្រធានអាស៊ាន គឺត្រូវការសមាជិកទាំងអស់ចូលរួមជាយោបល់ និងស្វែងរកដំណោះស្រាយរួម ដើម្បីឱ្យតំបន់មួយនេះក្លាយជាតំបន់សន្តិភាព និងវិបុលភាព។ ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកម្ពុជាដែលជាប្រធានកំពុងតែមានការព្យាយាម ស្វះស្វែងរកដំណោះស្រាយចាំបាច់ក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ទាំងសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណី។ បច្ចុប្បន្ន បញ្ហាមីយ៉ាន់ម៉ាបានក្លាយទៅជាចំណុចក្តៅ និងរសើបបំផុតដែលបង្កឱ្យមានការប៉ះពាល់ដល់សាមគ្គីភាពអាស៊ានទាំងមូល។
លោកថ្លែងថា៖ «ក្រៅពីនេះអាស៊ានក៏មិនត្រូវមើលរំលងបញ្ហាសមុទ្រចិនខាងត្បូង ខណៈពេលដែលដំណើរការព្រាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងរវាងអាស៊ាន និងចិនកំពុងជិតបញ្ចប់។ ដំណើរការផ្សះផ្សានយោបាយមីយ៉ាន់ម៉ាបានជះឥទ្ធិពលមិនល្អចំពោះកិច្ចប្រជុំអាស៊ានទាំងមូល ដែលកម្ពុជាមិនចង់ឱ្យមានការបាត់បង់សមាជិកណាមួយឡើយ ក្នុងនាមជាម្ចាស់ផ្ទះ»។
លោក ថុង ម៉េងដាវិត បន្តថា៖ «អគ្គលេខាធិការអាស៊ាននឹងដើរតួនាទីសម្របសម្រួលសមាជិករដ្ឋដទៃទៀត ជាពិសេសជំនួយបច្ចេកទេសដើម្បីឱ្យកិច្ចប្រជុំអាស៊ាន ដែលមានកម្ពុជាប្រធាននេះទទួលបានលទ្ធផលល្អ និងជំរុញកិច្ចពិភាក្សាចំណុចឯកច្ឆនទាំង ៥ របស់អាស៊ានទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហានយោបាយ និងសន្តិសុខនៅមីយ៉ាន់ម៉ា»។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា ជាទំនៀមអគ្គលេខាធិការអាស៊ានត្រូវមកសម្តែងការគួរសមជាមួយប្រធានប្តូរវេនអាស៊ាន និងទទួលយកការងារ ឬរបៀបវារៈដែលប្រធានដាក់ចេញផង។ នេះមានន័យថា កម្ពុជា ជាប្រធានអាស៊ានជាអ្នកសម្រេចលើរបៀបវារៈ ហើយស្នើឱ្យអគ្គលេខាធិការទទួលសម្របសម្រួលឱ្យការងារប្រព្រឹត្តទៅរលូន មិនថាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឬកិច្ចប្រជុំដទៃទៀតនោះទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថា កម្ពុជានឹងស្នើអគ្គលេខាធិការអាស៊ានដែលមានតួនាទីសម្របសម្រួលការងារស្រាប់ជួយសម្របសម្រួលជជែកជាមួយប្រទេសសមាជិកដទៃទៀតអំពីបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ាបញ្ហាសមុទ្រចិនខាងត្បូង និងក្រមប្រតិបត្តិ [សមុទ្រចិនខាងត្បូង] ដែលជាបញ្ហាសំខាន់ និងរសើបដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ»៕