ភ្នំពេញៈ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនប្រកាសដាក់ដំណើរការគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដោយរំពឹងថាគម្រោងនេះនឹងផ្ដល់ឱកាសដល់ប្រទេសទាំង ៣ រួមគ្នាចែករំលែកបទពិសោធ ដើម្បីពង្រឹងសមត្ថភាពក្នុងការបណ្ដុះបណ្ដាល និងការអនុវត្តការងារទៅវិញទៅមក។
ការប្រកាសគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់នេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ចូនកាលពីថ្ងៃទី ១៧ ខែមករា ដោយមានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយផងដែរពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ប្រទេសឡាវ និងវៀតណាម ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការបានឱ្យដឹងថា ពិធីនេះ ប្រារព្ធឡើងក្នុងគោលបំណងប្រកាសជូនសាធារណជនឱ្យបានដឹងអំពីការចាប់ដំណើរការលើការអនុវត្តគម្រោងកសាងសមត្ថភាពស្ដីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ក្រសួងបានបញ្ជាក់ថា៖ «ព្រោះ [នេះ] គឺជាគម្រោងផ្ដោតលើការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់ក្នុងន័យលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាប្រទេសកម្ពុជា ឡាវ វៀតណាម ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃការថែទាំផ្លូវថ្នល់ជូនសាធារណជនឱ្យបានដឹងផងដែរ»។
បើតាមទំព័រហ្វេសប៊ុកដដែលកម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់នេះនឹងក្លាយជាកម្មវិធីដែលបានរចនាថ្មី និងមានតែមួយគត់ក្នុងប្រទេសកម្ពុជា។ នេះជាកម្មវិធីសិក្សាមួយដែលមានរចនាសម្ព័ន្ធល្អ និងត្រូវបានបង្កើតឡើង ដើម្បីបំពាក់បំប៉នដល់សិក្ខាកាមគោលដៅមកពីប្រទេសទាំង ៣ កម្ពុជា ឡាវ វៀតណាម ជាមួយអ្នកជំនាញ បច្ចេកទេសជាក់លាក់ និងទំនើបកម្មនៃការថែទាំផ្លូវថ្នល់។
កម្មវិធីបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនដោយប្រើមធ្យោបាយ និងវិធីសាស្ត្រផ្សេងៗគ្នារួមមាន ការបណ្ដុះបណ្ដាល ដោយផ្ទាល់ និងប្រយោលតាមកម្មវិធីអនឡាញ សិក្ខាសាលា ការអនុវត្តជាក់ស្ដែងនៅតាមការដ្ឋាន និងលំហាត់ ដើម្បីធានាថា សិក្ខាកាមគោលដៅមកពីប្រទេសទាំង ៣ កម្ពុជា ឡាវ និងវៀតណាម នឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកម្មវិធីបណ្ដុះបណ្ដាលនេះ។ ជាពិសេសការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានឹងជួយសិក្ខាកាមឱ្យទទួលបានអត្ថប្រយោជន៍នៃការបណ្ដុះបណ្ដាលពីកន្លែង ដែលពួកគេរស់នៅផ្ទាល់។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កិច្ចខិតខំយ៉ាងសស្រោកសស្រាំឥតទំនេរដៃក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៃការដឹកជញ្ជូនក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាសរសៃឈាមដ៏សំខាន់ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងថា៖ «កិច្ចខិតខំប្រឹងប្រែងនេះក៏បានលើកឡើងអំពីបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំដែលចង់ឱ្យកូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀតចេះសាងសង់ផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយខ្លួនឯងប្រកបដោយគុណភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនជាតិមាតុភូមិ»។
លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា នេះគឺជាភាពជោគជ័យមួយរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលទទួលបានជំនួយពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េក្នុងការកសាងសមត្ថភាពអ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករសំណង់ តាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់។
លោកស្រីបានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះបានចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ កម្មវិធីនៃគម្រោងនេះនឹងចូលរួមផ្ដល់នូវឱកាស មិនមែនតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែបានផ្ដល់ឱកាសដល់ប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីពង្រឹងសមត្ថភាព និងការចែករំលែកបទពិសោធនៃការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាល ការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ក្នុងពេលអនុវត្តការងារទៅវិញទៅមកជាដើម។
លោកស្រី នីថារ៉ា បានសម្តែងនូវការដឹងគុណថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់មូលនិធិគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) និងវិទ្យាស្ថានមេគង្គ ដែលបានវាយតម្លៃប្រកបដោយសុក្រឹតភាព និងបានជ្រើសរើសគម្រោងស្នើសុំរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននេះឡើង និងបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏មានគុណប្រយោជន៍នេះ»។
លោកស្រីក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការ និងចូលរួមផ្តល់ធាតុចូលឱ្យបានផុលផុសធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កា សម្រាប់នាពេលអនាគត និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹងដល់ការគ្រប់គ្រងប្រព័ន្ធថែទាំផ្លូវថ្នល់នៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបដែរថា គម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រ ថែទាំផ្លូវថ្នល់នេះ ត្រូវបានអនុវត្ត ដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុម័តថវិកាពីមូលនិធិក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ១៨ ខែ៕