ព្រះសីហនុៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ាន នៅក្នុងឆ្នាំ ២០២២ នេះ គឺការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដោយការបើកសេដ្ឋកិច្ចសង្គម និងគាំទ្រឱ្យបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ផងដែរថា អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។
លោកបានលើកឡើងដូចនេះ នៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុនាល្ងាចថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមករា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានរបស់យើងនឹងចូលរួមចំណែកដើម្បីរៀបចំជាច្រករបៀងដើម្បីធ្វើដំណើរសម្រាប់វិស័យទេសចរណ៍នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង ហើយក៏នៅក្នុងក្របខ័ណ្ឌដៃគូរបស់អាស៊ានផងដែរ»។ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថានៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះប្រទេសនីមួយៗបានប្រកាន់យកវិធានការដោយឡែកៗពីគ្នា ព្រោះវាជាតម្រូវការនៅក្នុងស្ថានភាពនាពេលនោះ ដើម្បីទប់ស្កាត់នូវការឆ្លងរាតត្បាតនៃជំងឺកូវីដនៅក្នុងប្រទេសរបស់ខ្លួនរាប់ទាំងការបិទព្រំដែន ទាំងព្រំដែនទឹក អាកាស និងព្រំដែនគោកផងដែរ។ លោកបន្ថែមថា ករណីបែបនេះបានកើតឡើងក្នុងក្របខ័ណ្ឌប្រទេសជាច្រើននៅក្នុងពិភពលោក រាប់ទាំងប្រទេសក្នុងអាស៊ានផងដែរ ហើយស្ថានភាពបែបនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាមួយនឹងការសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសរបៀបនៃការធ្វើដំណើរក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ដំណាក់កាលមុនជាដំណាក់កាលដែលមិនទាន់មានវ៉ាក់សាំង ប៉ុន្តែដំណាក់កាលបច្ចុប្បន្ននេះជាដំណាក់កាលនៃការចាក់វ៉ាក់សាំង ដែលឈានទៅដល់ការទទួលស្គាល់គ្នាពីការចាក់វ៉ាក់សាំងដូចដែលកម្ពុជាបានកំពុងអនុវត្ត។
លោកបញ្ជាក់ថា៖ «សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានរួចហើយគ្រាន់តែធ្វើតេស្តរហ័សត្រឹមតែ ១៥ ឬ ២០ នាទីប៉ុណ្ណោះ អ្នកនោះអាចធ្វើដំណើរទៅកាន់ទីណាក៏បាន ដែលនេះជាការជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់អាស៊ាន»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានកោតសរសើរ ចំពោះប្រទេសថៃដែលបានអនុវត្តជាមួយនឹងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាចាកចេញទៅប្រទេសថៃដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ហើយប្រជាជនថៃមកប្រទេសកម្ពុជាក៏មិនមានការធ្វើចត្តាឡីស័កដូចគ្នាដែរ ហើយកម្ពុជាក៏បានបើកក្របខ័ណ្ឌទូទាំងពិភពលោក ដោយមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កសម្រាប់អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញផងដែរ។
លោកមានប្រសាសន៍ថា៖ «សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ ១៩ កម្ពុជាតម្រូវឱ្យធ្វើចត្តាឡីស័ក។ វាមិនមែនជាទណ្ឌកម្មសម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងនោះទេ ក៏ប៉ុន្តែយើងមានតម្រូវការការពារប្រជាពលរដ្ឋទាំងប្រជាពលរដ្ឋកម្ពុជា ទាំងប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌអាស៊ាន»។ លោកថ្លែងថា អស់រយៈពេល ២ ឆ្នាំមកហើយ ដែលវិបត្តិកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់មកលើសង្គម សេដ្ឋកិច្ចជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរទាំងក្នុងប្រទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល។
វិបត្តិនេះពិតជាត្រូវធ្វើឱ្យវិស័យទេសចរណ៍ដើរថយក្រោយ ហើយថ្នាក់ដឹកនាំទេសចរណ៍ទាំងផ្នែករដ្ឋ ឯកជន និងសហគមន៍អន្តរជាតិត្រូវគិតគូរឡើងវិញនូវនយោបាយអភិវឌ្ឍន៍ ក៏ដូចជាផែនការអភិវឌ្ឍន៍ មូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាបរិបទក្រោយវិបត្តិនៃជំងឺកូវីដ ១៩។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «(ការងារនេះធ្វើឡើង) ក្នុងស្មារតីបន្តពង្រីកទំនាក់ទំនងអាស៊ានកាន់តែប្រសើរឡើងក៏ដូចជាកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍អាស៊ានឆ្ពោះទៅអនាគត ស្របតាមប្រធានបទ អាស៊ានសហគមន៍ សន្តិភាព និងវាសនាតែ ១ និងឈរលើទស្សនវិស័យ ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត»។
ការបើកដំណើរការសង្គមសេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញត្រូវបានវាយតម្លៃថា ស្ថិតនៅក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន។
លោកបន្តទៀតថា ផែនការស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិជំងឺកូវីដ ១៩ នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗ និងការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងធានាសុវត្ថិភាពសុខភាពសាធារណៈ។ លោកមានប្រសាសន៍បន្តថា៖ «ខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ»។ លោកថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ ២០២២ លោកសូមគាំទ្ររដ្ឋមន្ត្រីទេសចរណ៍អាស៊ានឱ្យពិភាក្សា និងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ។
ទាក់ទងទៅនឹងបញ្ហាប្រទេសមីយ៉ាន់ម៉ាលោក ហ៊ុន សែន ថ្លែងថា៖ «កិច្ចការរបស់អាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ ដូចដែលអ្នកទាំងឡាយបាននិយាយយ៉ាងច្រើនក្នុងរយៈពេលប្រមាណជិត ៣ អាទិត្យនេះ។ ខ្ញុំសុំនិយាយថា យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅពីរឿងមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ។ នេះជាការបញ្ជាក់យ៉ាងខ្លីដ៏សង្ខេប ដើម្បីចង្អុលបង្ហាញទិសទៅលើអ្នកតាមដានសភាពការណ៍ទាំងឡាយសម្រាប់ការគិតគូររបស់យើងនៅក្នុងក្របខ័ណ្ឌតំបន់»។
លោក ថ្លែងថា របៀបវារៈនៃកិច្ចការអាស៊ាន មិនមែនមានបញ្ហាតែមួយនោះទេ គឺមានបញ្ហាច្រើនដែលត្រូវដោះស្រាយដោយរាប់ទាំងការធ្វើយ៉ាងម៉េចឱ្យទេសចរណ៍រស់ឡើងវិញ នៅក្នុងបរិបទនៃជំងឺកូវីដ ១៩៕