ភ្នំពេញៈ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ ១៩ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្ថែមការចែកចាយឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស (Molnupiravir Capsules 200mg) នៅសាខាប្រៃសណីយ៍កម្ពុជានៅតាមបណ្តាខេត្តចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី ១៨ ខែមករា បានឱ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា និងបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ ក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩ ក្រុមការងារ បាននិងកំពុងចែកចាយឱសថម៉ូលណាទ្រីសនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួងបានបន្តថា ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារនឹងបន្ថែមការចែកចាយឱសថនេះនៅសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្តក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង ១ ដូស ដែល ១ ដូសស្មើនឹង ១កំប៉ុង មានចំនួន ៤០ គ្រាប់។
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា៖ «ការលក់ឱសថនេះនឹងចាប់ផ្តើមពីថ្ងៃពុធ ទី ១៩ ខែមករា ឆ្នាំ ២០២២ នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនតាមលក្ខខណ្ឌផ្សេងៗគ្នា ដូចជាបុគ្គលម្នាក់មានសិទ្ធិបញ្ជាទិញពី ៥ ដល់ ១០ ដូសក្នុង ១ ដង»។
សម្រាប់មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរងមានសិទ្ធិបញ្ជាទិញពី ១០ ដល់ ២០០ ដូសក្នុង ១ ដង ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម ហើយអាចលក់បន្តមិនលើសពី ៦៥ ដុល្លារ អាមេរិកក្នុង ១ ដូស។
ក្រសួងបានបន្តថា៖ «ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត»។
បើតាមក្រសួងប្រៃសណីយ៍ឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) គឺប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ចាប់ពីកម្រិតស្រាលដល់មធ្យម ចំពោះមនុស្សពេញវ័យអាយុចាប់ពី ១៨ ឆ្នាំឡើង៕