ភ្នំពេញៈ ក្រសួង​កសិកម្ម-រុក្ខាប្រមាញ់ និង​នេសាទ​បានប្រកាស​ទទួលស្គាល់​ព្រៃ​សហគមន៍​ថ្មី​ចំនួន ​៧ ​បន្ថែមទៀត​​កាលពី​ឆ្នាំ​ ២០២១ កន្លងមក ដែល​ធ្វើឱ្យ​ព្រៃ​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា​សរុប​មាន​ចំនួន ​៥៣៦ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​ ៤ ​សែន​ហិកតា​។

របាយការណ៍​ប្រចាំឆ្នាំ ​២០២១ ​របស់​ក្រសួង​កសិកម្ម​បានឱ្យដឹង​ថា ក្រសួង​បានចេញ​សេចក្តី​ប្រកាស​ស្ដីពី​ការបង្កើត និង​ការគ្រប់គ្រង​តំបន់​ព្រៃ​សហគមន៍​ចំនួន​ ៧ ​កន្លែង ដែលមាន​ផ្ទៃដី​សរុប​ទំហំ​ជាង ៣ ៦៧៣ ​ហិកតា​កាលពី​ឆ្នាំ​ ២០២១​។ សេចក្តី​ប្រកាស​ទទួលស្គាល់​បានបញ្ជាក់​​ថា ការ​បង្កើតជា​តំបន់​ព្រៃ​សហគមន៍​ទាំងនេះ គឺ​ធ្វើឡើង​ដើម្បី​គ្រប់គ្រង ប្រើប្រាស់ ការពារ ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​​ព្រៃ​សហគមន៍​ឱ្យមាន​និរន្តរភាព​,​ប្រើប្រាស់​ផល អនុផល​ព្រៃឈើ​ជា​លក្ខណៈ​ប្រពៃណី​សម្រាប់​ការរស់នៅ ទំនៀមទម្លាប់ និង​ជំនឿ​សាសនា​,​ទាញ​យក​ផលអនុផល​ព្រៃឈើ ស្របតាម​សក្តានុពល និង​លទ្ធភាព​ធនធាន​ព្រៃ​សហគមន៍ និង​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។

លោក ​ឡុង រត្តនៈកុមារ អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ និង​សហគមន៍​ព្រៃឈើ​នៃ​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៩ ខែមករា​ថា ព្រៃសហគមន៍​ដែល​ក្រសួង​ចេញប្រកាស​ទទួលស្គាល់​ត្រឹម​ឆ្នាំ​ ២០២១ សរុប​មាន​ចំនួន​ ៥៣៦ ​ដែលមាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤៤៩ ៤៧៥​ ហិកតា នៅ​ទូទាំង​ប្រទេស​។

លោក​បាន​ថ្លែងថា គម្រោង​បង្កើត​ព្រៃ​សហគមន៍​ថ្មី​មាន​ជា​ហូរហែ​រហូតមក ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​​ដែរ ដូចជា​រយៈពេល​ ២​ ឆ្នាំ​កន្លង​​មកនេះ បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ក៏បាន​ធ្វើឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​បង្កើត​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​ឆ្នាំ ​២០២២ យើង​នឹង​រៀបចំ​សម្រុក​ការងារ​នេះ​ឡើងវិញ​ដើម្បី​យើង​ចេញប្រកាស​ទទួលស្គាល់​ព្រៃ​សហគមន៍​ថ្មីៗ​ទៀត​»​។

លោក​បាន​បន្ថែមថា កន្លងមក​អត់​មាន​ការលុប​ព្រៃ​សហគមន៍​ដែល​ត្រូវបាន​ទទួលស្គាល់​រួចហើយ​វិញ​នោះទេ​។ ប៉ុន្តែ​មានតែ​តំបន់​ព្រៃ​ខ្លះ​ដែល​ត្រូវ​ប្តូរ​ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​វិញ​ដោយ​ស្វ័យប្រវត្តិ នៅពេល​ដែល​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ដើម្បី​បង្កើត​តំបន់​នោះ​ទៅជា​តំបន់​ព្រៃ​ការពារ​ ឬ​ឧទ្យាន​ជាតិ​ជាដើម​។

ការគ្រប់គ្រង​ព្រៃសហគមន៍​ក៏​បាននិង​កំពុង​ជួបប្រទះ​ការលំបាក​ផងដែរ ដោយសារ​តែ​ការទន្ទ្រាន​យក​ដីធ្លី​ខុសច្បាប់​។

លោក​ កែវ អូម៉ាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​កត់សម្គាល់ថា បទល្មើស​រំលោភ​យក​ដីព្រៃ​កើតមាន​គ្រប់​រដូវ​ដោយ​មិន​គិតថា ជា​រដូវប្រាំង​ ឬ​រដូវវស្សា​នោះទេ​។ ប៉ុន្តែ​បើ​បទល្មើស​កាប់​ឈើ​ខុសច្បាប់ ភាគច្រើន​វា​កើតឡើង​ក្នុង​រដូវប្រាំង​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​ធម្មតា​វា​ពិបាក​ហើយ ពេល​មាន​អ្នក​ទន្ទ្រាន​។ ប៉ុន្តែ​យើង​ដឹង​​តែ​អនុវត្ត​ច្បាប់​ទេ​។ យើង​ប្រឹងប្រែង​ណាស់​...​ឥឡូវ​យើង​ធ្វើ​ក្តៅ​ហើយ​។ អ្នក​ទាំងនោះ​មិន​ទៅណា​ទេ​។ ​រឿង​ [​បទល្មើស​] ​ដី​​ព្រៃ​គ្មាន​គិត​ខែ​ទេ​។ វា​បន់​ឱ្យតែ​ភ្លៀង​មក សមត្ថកិច្ច​យើង​ទៅ​មិន​ដល់​ហ្នឹង គេ​ស្រួល​ធ្វើ​ឯខាង​​ក្នុង​វិញ​»​។

របាយការណ៍​ប្រចាំឆ្នាំ​ដដែល​ក៏បាន​ឱ្យដឹង​ផងដែរ​ថា សំណុំរឿង​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​កាប់​រាន​ដីព្រៃ​ដែល​ទទួល​បាន​ពី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន និង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​​ព្រៃឈើ​សរុប​មាន​ចំនួន​ ៧៧៧ ​ករណី​។ វត្ថុតាង​នៃ​បទល្មើស​ព្រៃឈើ​បាន​ចាប់​ឃាត់ និង​ដកហូត​មាន​ឈើ​អារ​ចំនួន ១ ១៩២​ ម៉ែត្រគុប​, ឈើមូល​ជ្រុង​ចំនួន​ ៣២ ​ម៉ែត្រគុប​,​ឈើ​អារ​គ្រញូង​ ០,៤៩៥ ​ម៉ែត្រគុប និង​ ៨៦០ ​គីឡូក្រាម​និង​ផ្ទៃដី​ព្រៃឈើ​បាន​​កាប់​រាន​ទំហំ​ ៣ ៥៦៥ ​ហិកតា​។

ក្រសួង​ក៏បាន​ឱ្យដឹង​ផងដែរ​ថា ក្រុមការងារ​ក៏បាន​ចុះ​ផ្សព្វផ្សាយ​ស្តីពី​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​ចំនួន​ ៦​ កន្លែង​ដែរ​។ ក្នុងនោះ​រួមមាន​សហគមន៍​ព្រៃឈើ​ជា​រៅ សហគមន៍​ព្រៃឈើ​ត្រពាំង​ត្រាច សហគមន៍​ព្រៃឈើ​អណ្តូងច្រុះ សហគមន៍​ព្រៃឈើ​ភូមិ​ប្រស្និប សហគមន៍​ព្រៃឈើ​ភូមិ​សាអង និង​សហគមន៍​ព្រៃឈើ​ភូមិ​ត្រពាំង​អម្ពិល​ក្នុង​ខេត្តកំពង់ឆ្នាំង​។ ក្រៅពីនោះ ក្រសួង​ក៏បានផ្តល់​បណ្ណ​សម្គាល់​​សិទ្ធិ​ប្រើប្រាស់​រណារយន្ត​សរុប​ចំនួន ១១០ ​គ្រឿង និង​យានយន្ត​ចំនួន ១៤៥ ​គ្រឿង​ជូន​ក្រុមហ៊ុន​ចំនួន​ ៩ និង​អ្នកស្នើសុំ​ចំនួន​ម្នាក់​ផងដែរ​។

ដោយឡែក ចំពោះ​ការងារ​ដាំ​ដើមឈើ​វិញ ក្រសួង​បាន​ដាំឈើ​ជា​ចម្ការ​ថ្មី​លើ​ផ្ទៃដី​ទំហំ ៧ ៥៩៩​ហិកតា​។ ក្នុងនោះ​ដាំឈើ​ដោយ​រដ្ឋ​មាន​ទំហំ ១៤០ ​ហិកតា​ និង​ដាំ​ឈើ​ដោយ​ក្រុមហ៊ុន​ឯកជន​ដៃគូ​សហការ និង​បុគ្គល​ឯកជន​លក្ខណៈ​គ្រួសារ​ទំហំ ៧ ៤៥៩ ​ហិកតា​។ លើសពីនោះ​ក៏បាន​បណ្តុះ​កូនឈើ​គ្រប់​ប្រភេទ​សរុប​ចំនួន ៥៧២ ៥២៩ ​ដើម​,​បាន​ចែកចាយ​កូនឈើ​សម្រាប់​ដាំ​អាស្រ័យផល​សរុប​ចំនួន ៣៧៣ ៧៤៦ ​ដើម​, បាន​ជីក​ប្រឡាយ​ការពារ​ចម្ការ​គ្រញូង​នៅក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អន្លង់​ថ្ម ខេត្តកំពង់ធំ ប្រវែង​ ៨ ០០០ ​ម៉ែត្រ​។ បន្ថែម​ពី​នោះ​ក៏បាន​បង្កើត​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្តារ​ព្រៃឈើ​សែន​មនោរម្យ​នៅក្នុង​ខេត្តមណ្ឌលគិរី​លើ​ផ្ទៃ​​ដី​ទំហំ​ជាង​ ១០០ ​ហិកតា និង​ចុះ​សិក្សា​ទីតាំង​បង្កើត​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្តារ​ព្រៃឈើ​លើ​ផ្ទៃដី​ជាង ២២ ៣០៨ ​ហិកតា​នៅ​ខេត្ត​ប៉ៃលិន កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ហើយ​ក៏​បាននិង​កំពុង​ថែទាំ​ចម្ការ​ឈើ​សរុប​ទំហំ ៨២២ ​ហិកតា​៕