ភ្នំពេញៈ កម្ពុជាព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ (Kayah State)ប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់រាល់អំពើហិង្សា។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់នាថ្ងៃទី ២០ មករាថា៖ «អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការព្រួយបារម្ភ ជាខ្លាំង ចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធា និងកម្លាំងប្រដាប់អាវុធផ្សេងទៀត»។
សេចក្តីថ្លែងការណ៍បញ្ជាក់ថាអំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី៧-៨ មករា ដែលបានចែករំលែកអំពីភាពជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ផ្អែកលើបទពិសោធន៍ និងមេរៀននានាដែលទទួលបាន ពីដំណើរការសន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងការឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សេចក្តីថ្លែងការណ៍នេះបន្តថា៖«អ្នកនាំពាក្យយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នូវរាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាពនៅក្នុង ប្រទេសដែលអាចត្រួសត្រាយផ្លូវ សម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន»។
នៅក្នុងជំនួបរវាងលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំយោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing) បានប្រកាសសន្យាពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យទទួលអនុវត្ត បទឈប់បាញ់គ្នា បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត៕
វីដេអូ៖