កំពង់ធំៈ ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅនេះ អង្គភាពច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ធំបានផ្តល់សេវាសាធារណៈចំនួន ៦១ ៤៧១ សេវា សរុបជាទឹកប្រាក់ប្រមាណ ២ ១៦៧ លានរៀលស្មើជាង ៥៤ ម៉ឺនដុល្លារអាមេរិកដោយក្នុងនោះក៏ទទួលបានពាក្យបណ្តឹងរបស់ពលរដ្ឋជាង ១២០ បណ្តឹងផងដែរ។ នេះបើតាមរបាយការណ៍។
របាយការណ៍សង្ខេបចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ របស់លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ធំ ត្រូវបានដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។ របាយការណ៍ឱ្យដឹងថា ការិយាល័យប្រជាពលរដ្ឋនៃអង្គភាពច្រកចេញចូលតែមួយ ដែលជាតំណាងរបស់ប្រជាពលរដ្ឋមានតួនាទីទទួល និងសម្រុះសម្រួល បណ្តឹងនៅក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល។
បើតាមរបាយការណ៍នេះ ការិយាល័យច្រកចេញចូលតែមួយបានទទួលបណ្តឹងចំនួន ១២០ ក្នុងនោះបានសម្រុះសម្រួលដោះស្រាយ ៦៣ បណ្តឹង ធ្វើការស៊ើបអង្កេត ២៨ បណ្តឹង បិទសំណុំរឿង ៥ បណ្តឹង និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ២៤ បណ្តឹង។
លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបានបញ្ជាក់ក្នុងរបាយការណ៍ថា ការធ្វើកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន ជាពិសេស ភាពងាយស្រួល មិនសាំញ៉ាំ ឆាប់រហ័ស តាមរយៈ យន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ពិតជាកំណែទម្រង់ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
លោកបន្តថា៖ «ដើម្បីបំពេញតម្រូវការ និងភាពងាយស្រួលក្នុងការគ្រប់គ្រង និងផ្តល់សេវាកាន់តែ មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តក៏បានសាងសង់អគារអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត អគារការិយាល័យច្រកចេញចូលតែមួយក្រុងស្រុកចំនួន ៤ ស្រុក បានសាងសង់រួចរាល់ និង ២ ស្រុកកំពុងសាងសង់ និងបានសាងសង់អគាររដ្ឋបាលឃុំសង្កាត់ចំនួន ៧២ លើ ៨១ ឃុំសង្កាត់»។
លោកថា ផ្អែកតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រុមប្រឹក្សាថ្នាក់ខេត្តបានដាក់ទិសដៅអនុវត្តបន្ត ដោយពង្រឹងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រក-ចេញចូលតែមួយ និងបន្តរៀបចំសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាស្រុក ដែលមិនទាន់មាន។
លោកបានបន្តថា ទិសដៅបន្តនោះរួមមានជួយគាំទ្រ និងបង្កើនសមត្ថភាពដល់រដ្ឋបាលក្រុង-ស្រុក លើការងារគ្រប់គ្រងធនធានមនុស្សនៃរចនាសម្ព័ន្ធរដ្ឋបាលក្រុង-ស្រុកដែលបានធ្វើសមាហរណកម្មឆ្នាំ ២០២០។ ណែនាំ និងពិនិត្យសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សោភណភាព គុណភាពសំណង់ និងផលប៉ះពាល់ផ្សេងៗក្នុងការជួសជុល និងកែសម្រួលបណ្តាសំណង់សាធារណៈ និងសំណង់បេតិកភណ្ឌ។ បន្តរៀបចំវេទិកាសាធារណៈដើម្បីប្រមូលនូវសំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាបន្តជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្ត។
ផ្អែកតាមរបាយការណ៍ដដែលក្នុងឆ្នាំ ២០២១ ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំរបស់ខ្លួនបានចំនួន ៦៦ លើកក្នុងនោះប្រជុំសាមញ្ញ ១២ លើកវិសាមញ្ញ ៤ លើក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ១២ លើក និងគណៈកម្មាធិការលទ្ធកម្ម ៣៨ លើក។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន ថ្លែងថា តាមការសង្កេតរបស់លោកច្រកចេញចូលតែមួយនេះជាកន្លែងដែលផ្តល់សេវាកម្មផ្នែករដ្ឋបាលដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ដូច្នេះបើសិនជា ពង្រីកវិសាលភាពទំហំការងារ និងប្រសិទ្ធភាពការងារនៅច្រកនេះឱ្យបានមួយកម្រិតទៀតជាការល្អក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយជាបទពិសោធកន្លងមក ប្រជាពលរដ្ឋទៅទទួលសេវានោះគាត់ពេញចិត្ត ដោយសារនៅទីនោះមានព័ត៌មានគ្រប់គ្រាន់»។
លោកបន្តថា ច្រកចេញចូលតែមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅមូលដ្ឋាន។ លោកជំរុញដល់មន្ត្រីបន្តពង្រឹងប្រសិទ្ធភាពបន្ថែមទៀត ចៀសវាងមានការរិះគន់ ឬថ្នាំងថ្នាក់ពីពលរដ្ឋមូលដ្ឋាន។
លោកបញ្ជាក់ថា៖ «អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃគួរតែមានការស្រាវជ្រាវរកឱ្យឃើញថា តើមានចំណុចខ្វះខាតអី។ ចំណុចខ្លាំង និងចំណុចខ្សោយកន្លែងណា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៅកន្លែងធ្វើការ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី ២០ មករា ថា គោលដៅនៃកំណែទម្រង់ ដើម្បីប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺ ទី ១ ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងទី ២ ការជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសការកាត់បន្ថយភាពក្រីក្រ។
លោកថ្លែងថា៖ «គោលដៅកំណែទម្រង់ទាំង ២ នេះក្នុងរយៈពេល ១០ ឆ្នាំមកនេះទទួលបានលទ្ធផលល្អ ហើយការកាត់បន្ថយភាពក្រីក្រក៏ទទួលបានជោគជ័យដែរ។ ទោះ យើងបង្កើតកម្មវិធីយ៉ាងហោចណាស់ក្នុង ១ ឆ្នាំដើម្បីរំដោះចេញពី ភាពក្រីក្រ តែយើងធ្វើបានលើសពីការរំពឹងទុកដែលនេះជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា»៕