ភ្នំពេញៈ ក្រសួងបរិស្ថាន​ថា​​នឹង​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ដ​ច្បាប់​ទប់ស្កាត់​ការលក់ដូរ​សាច់​សត្វព្រៃ​ខុសច្បាប់​នៅ​កម្ពុជា បន្ទាប់ពី​មន្ត្រី​ឧទ្យានុរក្ស​រួម​ជាមួយ​អង្គការ​ដៃគូ និង​សហគមន៍​ដោះ​អន្ទាក់​ពី​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បាន​ជាង​ ៦ ​ម៉ឺន​អន្ទាក់​កាលពី​ឆ្នាំមុន ដែល​កើនឡើង​ជាង​ ២០% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​ដោះ​បានតែ​ជាង​ ៤​ ម៉ឺន​អន្ទាក់​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​ឱ្យដឹងពី​ថ្ងៃទី​ ២០ ខែមករា​ថា បរិមាណ​អន្ទាក់​ដែល​បាន​ដោះ​នៅ​ឆ្នាំ​ ២០២១ មាន​ចំនួន​ ៦១ ៦១១​ អន្ទាក់ កើនឡើង​ប្រមាណ​ជាង​ ២០% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ​ដែល​ដោះ​បាន​ចំនួន ៤៣ ២៧០ ​អន្ទាក់​។

លោក​បាន​ថ្លែងថា អន្ទាក់​នៅ​​តែ​ជាការ​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​សត្វព្រៃ​គ្រប់​ប្រភេទ ជាពិសេស​សត្វ​ជើង​ចម្ពាម​។ ​មិនមែន​ត្រឹមតែ​កម្ពុជា​ទេ ដែលមាន​បញ្ហា​ប្រឈម​នឹង​វត្តមាន​អន្ទាក់​នៅ​​ក្នុង​តំបន់​ការពារ​ធម្មជាតិ​គឺ​តំបន់​អភិរក្ស​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីបអាស៊ី​ក៏​រង​នូវ​ការគំរាម​ដោយសារ​អន្ទាក់​ដែរ​។

លោក​ថ្លែងថា​៖ «​អន្ទាក់​ជា​ច្រើន​លាន​ត្រូវបាន​គេ​ដឹងថា​បានដាក់​នៅក្នុង​តំបន់​អភិរក្ស​ក្នុងប្រទេស​វៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​»​។

បើតាម​លោក ភក្ត្រា កត្តា​ដែល​គំរាមកំហែង​ខ្លាំង​ចំពោះ​សត្វព្រៃ​គឺ​អន្ទាក់​ដែលជា​ឃាតករ​លាក់​មុខ​។ ដោយសារតែ​សម្ភារ​សម្រាប់ធ្វើ​អន្ទាក់​មាន​លក់​នៅលើ​ទីផ្សារ និង​មាន​តម្លៃថោក​ដូច្នេះ​ចំនួន​អន្ទាក់​ត្រូវបាន​ប៉ាន់​ស្មាន​ថា​មាន​ការកើនឡើង​ហើយ​នៅ​តំបន់​អាស៊ី​មាន​អន្ទាក់​ប្រមាណ​ជាង​ ១២ ​លាន​អន្ទាក់ ត្រូវ​​បាន​លួច​ដាក់​ក្នុង​តំបន់​ការពារ​។

យ៉ាងណាក្ដី​លោក​បាន​សរសើរ​​ និង​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ឧទ្យានុរក្ស អង្គការ​ដៃគូ និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​ដែល​បាន​ចូលរួម​ដោះ​អន្ទាក់​ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​មន្ត្រី​ឧទ្យានុរក្ស​មិន​ត្រឹមតែ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ​ការកាប់បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មន្ត្រី​ឧទ្យានុរក្ស​ក៏បាន​ដើរ​ស្វែងរក​អន្ទាក់ និង​ដោះចេញ​ព្រមទាំង​បំផ្លាញ​អន្ទាក់​ចោល​ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ផងដែរ​»​។

លោក​បន្តថា សត្វព្រៃ​ជាច្រើន​ក្បាល​ត្រូវបាន​សង្គ្រោះ​នៅនឹងកន្លែង និង​បាន​លែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ​ហើយ តែ​ចំពោះ​សត្វព្រៃ​ដែល​របួស​ ឬ​សុខភាព​មិនល្អ​​ក្រុមមន្ត្រី​ឧទ្យានុរក្ស​បាន​ទាក់​ទង​ក្រុមមន្ត្រី​ជំនាញ​ពេទ្យសត្វ​ ដើម្បី​យកមក​ថែរក្សា និង​ព្យាបាល​ឱ្យ​ជាសះស្បើយ មុននឹង​លែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ​។

លោក​ថា​៖ «​យើង​ធ្វើ​ម៉េច​គឺ​​គ្រប់គ្រង​អន្ទាក់ ជាពិសេស​កន្លែង​លក់ដូរ ព្រោះ​អន្ទាក់​វា​មាន​​តម្លៃថោក ក៏ប៉ុន្ដែ​វា​បានសម្លាប់​ជីវិត​សត្វ​ដ៏មានតម្លៃ​ហើយ​ជា​ប្រភេទ​សត្វ​កម្រ​ផ្សេងៗ​ផងដែរ​។ យើង​នឹង​បង្កើន​នូវ​ការអប់រំ ផ្សព្វផ្សាយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ពី​ផលប៉ះពាល់​ពី​អន្ទាក់ និង​ការរង​គ្រោះ​ដោយ​អន្ទាក់​នេះ​»​។

បើតាម​លោក ភក្ដ្រា ក្រៅពី​អន្ទាក់​ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ មន្ត្រី​ឧទ្យានុរក្ស​ក៏​​បាន​ដកហូត​កាំភ្លើង​កែច្នៃ​សម្រាប់​ការ​ប្រមាញ់​សត្វព្រៃ​បាន ៧៥៨ ​ដើម នៅក្នុង​ឆ្នាំ​ ២០២១ ដែល​បរិមាណ​នេះ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ ២០២០ ​ដែរ​។ ​លោក​បានឱ្យដឹងថា ប្រជាជន​មួយចំនួន​បាន​ចិញ្ចឹមសត្វ​ឆ្កែប្រដេញ​ជា​ហ្វូង ដើម្បី​បណ្តើរ​ចេញទៅ​ប្រមាញ់​សត្វព្រៃ​ដែលជា​កត្តា​រួមផ្សំ​ធ្វើឱ្យ​សត្វព្រៃ​ថយចុះ​ដោយសារ​​ការប្រមាញ់ និង​ស្លាប់​ដោយសារ​​តែ​ជំងឺឆ្លង​ពី​ឆ្កែស្រុក​។

លោក​បញ្ជាក់ថា​៖ «​ការ​កើនឡើង​នៃ​កាំភ្លើង​កែច្នៃ​ក៏​ជា​ផ្នែក​មួយ​គំរាមកំហែង​ដល់​សត្វព្រៃ​​ហើយ​កាំភ្លើង​កែច្នៃ​នេះ គឺជា​អាវុធ​ដែល​គ្រោះថ្នាក់​បំផុត​ផងដែរ​។ ​លើសពីនេះ​សត្វ​ឆ្កែប្រដេញ​​ក៏​ជា​មូលហេតុ​នាំឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​ដែរ​»​។

ជាមួយ​គ្នានេះ​លោក​អំពាវនាវ​ថា ដើម្បី​បញ្ឈប់​ការបរបាញ់​សត្វ បញ្ឈប់​ការដាក់​អន្ទាក់​ចាប់​សត្វ​សូម​ពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វព្រៃ និង​កុំ​ជឿ​លើ​ជំនឿ​ថា បរិភោគ​សាច់សត្វ​ឈាម​​ ឬ​យក​ឆ្អឹង​សត្វព្រៃ​ទៅធ្វើ​ឱសថ​ប៉ូវ​កម្លាំង​ ឬ​ជំនួយ​ដល់​សុខភាព​តែ​វា​អាចធ្វើឱ្យ​អ្នក​បរិភោគ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ទៅវិញ​​ទេ ដោយសារ​សាច់សត្វ​ព្រៃ​អាច​​មាន​មេរោគ​ផ្សេងៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​​ករណីនេះ​យើង​នឹង​សហការ​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ជាមួយនឹង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​ការអនុវត្ដ​ច្បាប់​ទប់ស្កាត់​នូវ​ការលក់ដូរ​សាច់​សត្វព្រៃ​ខុសច្បាប់​»​។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ​បានឱ្យដឹង​ថា បច្ចុប្បន្ន​នៅ​ខេត្តមណ្ឌលគិរី​​ និង​ខេត្ដ​មួយចំនួនទៀត មាន​កសិដ្ឋាន​ចិញ្ចឹម​សត្វព្រៃ​ច្រើន​ដែល​​ធ្វើឱ្យមាន​ការលំបាក​ដល់​ការចុះ​បង្ក្រាប​បទល្មើស​លក់​សាច់​សត្វព្រៃ​ដោយសារ​ឈ្មួញ​សំអាង​​ថា សាច់សត្វ​ព្រៃ​ដែល​ពួកគេ​លក់​គឺជា​សត្វ​ចិញ្ចឹម​នៅ​កសិដ្ឋាន​។

លោក​ថា​៖ «​នៅពេល​យើង​ឃើញ​ឈ្មួញ​លក់​សាច់​សត្វព្រៃ​យើង​សួរ គាត់​ប្រាប់ថា ទិញ​ពី​កសិដ្ឋាន​។ ​កសិដ្ឋាន​ដែល​ចិញ្ចឹម​សត្វព្រៃ​លក់​នោះ មាន​ប្រភេទ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស សត្វ​ស្វា និង​សត្វ​កាំប្រមា​ជាដើម​។ ​អ៊ីចឹង​វា​មានការ​ចិញ្ចឹម​ច្រើន ដូច្នេះ​យើង​មិនដឹង​ចោទប្រកាន់​គាត់​យ៉ាងម៉េច​បើ​ខ្ញុំ​សួរ​គាត់ៗ​ថា​ទិញ​ពី​ក្នុង​កសិដ្ឋាន ចំពោះ​ការទិញ​លក់​តាម​ផ្សារ​»​។

មន្ត្រីឧទ្យានុរក្ស​ឡើង​ដោះ​សត្វ​ដែល​ជាប់​អន្ទាក់នៅ​លើចុងឈើ នាពេលកន្លងមក។ រូបថត ក្រសួង​បរិស្ថាន

ចំពោះ​ការដាក់​អន្ទាក់​សត្វព្រៃ លោក តុលា ​បាន​សង្កេតឃើញ​នៅតែ​កើតមាន​រាល់ថ្ងៃ​ក្នុងនោះ​ក៏មាន​ជនជាតិខ្មែរ​មួយចំនួន​​ដាក់​អន្ទាក់​ជា​លក្ខណៈ​គ្រួសារ ហើយ​ក៏មាន​ជនជាតិ​វៀតណាម​លួច​ចូលមក​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់​ ដើម្បី​លួច​ដាក់​អន្ទាក់​សត្វព្រៃ​ក្នុង​ខេត្ដ​មណ្ឌលគិរី និង​ខេត្ដ​ជាប់​ព្រំដែន​មួយចំនួន​ផងដែរ​។

លោក នង ដេង ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃ​ឆែប​នៃ​ស្ថិត​ខេត្ដ​ព្រះវិហារ ថ្លែង​​ដែរ​ថា តំបន់​ការពារ​ធម្មជាតិ​ព្រៃឆែប​ក៏​នៅមាន​ករណី​លួច​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ដែរ ប៉ុន្ដែ​ពួកគេ​ដាក់​ជា​លក្ខណៈ​គ្រួសារ ដើម្បី​យកមក​បរិភោគ​ប្រចាំថ្ងៃ​។

លោក​បានឱ្យដឹងថា ក្រោយពី​មាន​បញ្ឈប់​ការផ្ដល់​ជំនួយ​ពី​អង្គការ​ USAID ​ដល់​ក្រសួងបរិស្ថាន​ពី​ឆ្នាំ​ ២០២១ សហគមន៍​មិនបាន​ចូលរួម​ដោះ​អន្ទាក់​​ជាប្រចាំ​ជាមួយ​មន្ដ្រី​ឧទ្យានុរក្ស​ទេ​។ ​ប៉ុន្ដែ​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​ ២០២១ ក្រោយពី​សង្កេតឃើញ​មាន​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​កើតឡើង​វិញ​ច្រើន សហគមន៍​ក៏បាន​ស្នើ​ទៅ​មន្ដ្រី​ឧទ្យានុរក្ស​ដើម្បី​រួមគ្នា​ចុះ​ល្បាត​វិញ​។

លោក​ថ្លែងថា​៖ «​នៅមាន​ការដាក់​អន្ទាក់ ប៉ុន្ដែ​សហគមន៍​យើង​អត់​បាន​ចុះ​រុក​ព្រៃ​ដោះ​អន្ទាក់​ទេ ដើម្បី​ដោះ​អន្ទាក់​ទាល់តែ​សហគមន៍​យើង​ដឹកនាំ​ចុះ​រុក​ព្រៃ​ទើបបាន​ជួប​អន្ទាក់​»៕

វីដេអូ៖