ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឱ្យដឹងថា ក្រសួងនឹងបន្តបង្កើននូវយុទ្ធនាការផ្សេងៗបន្ថែមទៀត ដោយបង្កើតនូវយុទ្ធសាស្ត្រសម្រាប់ផ្លាស់ប្តូរឥរិយាបថទាក់ទងនឹងអាហារូបត្ថម្ភ មាតា ទារក និងកុមារ ខណៈដែលស្ត្រីក្នុងវ័យបន្តពូជចំនួន ១៤% មានទម្ងន់ទាប ក្រោមស្តង់ដា និង ៤៥% មានបញ្ហាស្លេកស្លាំង។
លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងដូចនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ កាលពីដើមសប្តាហ៍នេះ។
បើតាមលោកស្រីរដ្ឋលេខាធិការដោយផ្អែកលើលទ្ធផលការអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ ២០១៤ ស្ត្រីក្នុងវ័យបន្តពូជចំនួន ១៤% មានទម្ងន់ទាបក្រោមស្តង់ដា និង ៤៥% មានបញ្ហាស្លេកស្លាំង។ លើសពីនេះទៀតស្ត្រីក្នុងវ័យបន្តពូជចំនួន ១៨% មានបញ្ហាលើសទម្ងន់។
លោកស្រីថ្លែងថា៖ «ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាកង្វះមីក្រូសារជាតិវិញ យើងឃើញថា ស្ត្រីចំនួន ៦២% មានបញ្ហាកង្វះជាតិស័ង្កសី។ កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី ១៨%។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១%»។
លើសពីនេះទៀត ស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូតក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដាឡើយ។ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថា ស្ថិតនៅកម្រិតដែលមានបញ្ហាផងដែរ។
លោកស្រីប្រាក់ សោភ័ណ្ឌនារី បានបញ្ជាក់ថា៖ «ស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជា មានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ទាំងមុនក៏ដូចជាក្នុងអំឡុងពេលមានផ្ទៃពោះ និងក្នុងពេលបំបៅដោះកូន»។
លោកស្រីបញ្ជាក់ថា៖ «ក្រសួងនឹងធ្វើយុទ្ធនាការ ដើម្បីលើកកម្ពស់ការអប់រំពីរបបអាហារ ក្នុងអំឡុងពេលមានផ្ទៃពោះ និងសកម្មភាពអប់រំសុខភាពផ្សេងៗទាំងនៅមូលដ្ឋានសុខាភិបាល ក៏ដូចជានៅសហគមន៍ ហើយយើងក៏ធ្វើការពិនិត្យតាមដានការយល់ដឹងរបស់កុមារ ក៏ដូចជាការផ្តល់ថ្នាំបង្ការ និងមីក្រូសារជាតិ រួមនឹងសកម្មភាពផ្សេងៗជាច្រើនទៀត»។
វគ្គបណ្តុះបណ្តាលយុវជនជើងឯកអាហារូបត្ថម្ភនេះត្រូវបានរៀបចំឡើង ដោយអង្គការ ហេទ្បែន ខេលល័រអន្តរជាតិ និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ កម្មវិធីជាតិអាហារូបត្ថម្ភ នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃក្រសួងផែនការ នាយកដ្ឋានឱសថ និងចំណីអាហារ និងសាកលវិទ្យាល័យ MSVU ប្រទេសកាណាដា ដោយមានការចូលរួមពីយុវជនវ័យក្មេងមកពីសាកលវិទ្យាល័យផ្សេងៗនៅកម្ពុជាជាង ៥០ នាក់។
ការបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីបង្កើនការយល់ដឹងជាមូលដ្ឋានអំពីអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ។
អង្គការដដែល បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាការផ្តល់វេទិកាដល់យុវជន ដើម្បីពិភាក្សា ចែករំលែកការយល់ដឹង ទស្សនៈ មតិយោបល់ និងបទពិសោធលើអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ និងផ្តល់ឱ្យយុវជននូវជំនាញក្នុងការតស៊ូមតិ និងទេពកោសល្យក្នុងការផ្សព្វផ្សាយសារគន្លឹះដល់យុវជនដទៃទៀត និងសាធារណជន។
លោកស្រី សោភ័ណ្ឌនារី ក៏បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានរកឃើញថា កាលណាកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភដូចជាស្គាំងស្គម ក្រិសក្រិន និងកង្វះមីក្រូសារជាតិ ពួកគេនឹងរៀនមិនពូកែ រៀនត្រួតថ្នាក់ និងកាត់បន្ថយ សក្តានុពលនៃការរកប្រាក់ចំណូល ២២% នៅពេលពួកគេធំពេញវ័យ។
លោកស្រីថា៖ «ការសិក្សាសកលបានបង្ហាញថា កុមារដែលឈឺញឹកញាប់នឹងមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ក្រុមគ្រួសារមានជីវភាពក្រីក្រត្រូវចំណាយថវិកាចំនួន ២០% នៃចំណូលសរុប ដើម្បីព្យាបាលពួកគេ ដែលនឹងប៉ះពាល់ដល់ប្រាក់ចំណូលក្នុងគ្រួសារ និងប្រទេសជាតិទាំងមូល»៕