កំពង់ធំៈ ពិធីបុណ្យទន្លេលើកទី ៧ នឹងរៀបចំឡើងនៅលើទឹកដីខេត្ដកំពង់ធំក្នុងខែមីនា ឆ្នាំ ២០២២ ក្រោយពីបានធ្លាប់លើកពេលម្ដងរួចហើយកាលពីឆ្នាំ ២០២១ ដោយសារបារម្ភពីការឆ្លងជំងឺកូវីដ ១៩ នាពេលនោះ។ នេះបើតាមលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្ដកំពង់ធំ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ២០ មករា ម្សិលមិញ។
លោក សេង អាន បានឱ្យដឹងថា តាមគោលការណ៍របស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុង បានប្រកាសកាលពីកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ កាលពីចុងខែធ្នូ ឆ្នាំ ២០២១ គឺលោកបានប្រកាសថានឹងរៀបចំពិធីបុណ្យទន្លេនៅខេត្ដកំពង់ធំ ដោយមិនមានការលើកពេលទៀតឡើយ។ កាលពីបញ្ចប់កិច្ចប្រជុំនាពេលនោះលោករដ្ឋមន្ដ្រីក៏បានចុះពិនិត្យមើលទីតាំងជាបឋមនៅតាមតំបន់មាត់ស្ទឹងសែនដែលជាកន្លែងរៀបចំពិធីនេះជាមួយលោក ងួន រតនៈ អភិបាលខេត្ដកំពង់ធំផងដែរ។
លោកថ្លែងថា៖ «បើតាមខ្ញុំដឹងតាមរយៈការប្រកាសរបស់ឯកឧត្ដមរដ្ឋមន្ដ្រី គឺនឹងមិនមានការលើកពេលទៀតទេ»។
លោក អាន បានឱ្យដឹងថា ក្រោយពីលោក ថោង ខុន បានប្រកាសឱ្យរៀបចំពិធីបុណ្យទន្លេនេះកាលពីចុងខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្ដកំពង់ធំបានចេញសេចក្ដីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការដើម្បីទទួលខុសត្រូវទៅតាមផ្នែកនីមួយៗ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីបុណ្យនេះ។
លោកថ្លែងថា គណៈកម្មការ និងអនុគណៈកម្មការក៏បានប្រជុំគ្នាម្ដងរួចហើយថា តើខេត្ដដែលជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេនេះត្រូវរៀបចំយ៉ាងម៉េច? ក្នុងពេលថ្មីៗនេះ អនុគណៈកម្មការជំនាញនីមួយៗក៏បានប្រជុំជាបន្តបន្ទាប់ទៀតក្នុងការរៀបចំចាត់តាំងក្រុមការងារទៅតាមផ្នែកនីមួយៗឱ្យបានច្បាស់លាស់។
កាលពីថ្ងៃទី ១៩ ខែមករា លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំក៏បានចុះពិនិត្យមើលទីតាំង ដើម្បីកំណត់ថា តើទីតាំងកន្លែងណាត្រូវរៀបចំវេទិកា ទីតាំងណាត្រូវរៀបចំដាក់កន្លែងតាំងពិព័រណ៍ជាដើមនៅលើទីតាំងតាមបណ្ដោយមាត់ស្ទឹងសែនទាំងសងខាង។
លោកថ្លែងថា៖ «គាត់បានធ្វើផែនការ ដើម្បីធ្វើជាគំនូសប្លង់ សម្រាប់ត្រៀមលក្ខណៈក្នុងការតុបតែងយ៉ាងម៉េចៗ»។ លោក សេង អានបញ្ជាក់។
លោក ញ៉ឹក បានខេង បានបញ្ជាក់កាលពីថ្ងៃទី ១៩ ខែមករានៅពេលចុះពិនិត្យទីតាំងរៀបចំពិធីនេះថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យខេត្តកំពង់ធំ ប្រារព្ធកម្មវិធីបុណ្យទន្លេ ដែលនេះជាឱកាសសម្រាប់ខេត្តក្នុងការបង្ហាញសមិទ្ធផល និងការអភិវឌ្ឍផ្សេងៗទៅកាន់សាធារណជន។
លោកថ្លែងថា ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខ័ណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។
លោកបានឱ្យដឹងថា ទីតាំងដែលនឹងត្រូវរៀបចំពិធីបុណ្យទន្លេនេះ គឺនឹងធ្វើនៅលើសួនស្ទឹងសែនតាមបណ្ដោយមាត់ស្ទឹងសែន ដែលទីនេះស្ថិតនៅស្ទើរចំកណ្តាលប្រទេសកម្ពុជា ដែលជាទីតាំងបេះដូងសេដ្ឋកិច្ចសំខាន់នៃខេត្តកំពង់ធំ។
លោកបញ្ជាក់ថា កម្មវិធីបុណ្យទន្លេ គឺជាកម្មវិធីដ៏ធំដែលប្រារព្ធធ្វើឡើងលើកដំបូងនៅខេត្តក្រចេះកាលពីឆ្នាំ ២០១៥ លើកទី ២ ធ្វើឡើងនៅខេត្តកំពង់ចាម (រាប់ទាំងខេត្តត្បូងឃ្មុំ) លើកទី ៣ ធ្វើឡើងនៅខេត្តស្ទឹងត្រែង លើកទី ៤ ធ្វើឡើងនៅខេត្តកណ្ដាល និងលើកទី ៥ ធ្វើនៅក្នុងខេត្ដកំពង់ឆ្នាំងលើទី ៦ នៅខេត្ដបាត់ដំបង និងលើកទី ៧ នៅខេត្តកំពង់ធំនេះ។
លោក បានខេង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេសចូលរួមក្នុងសកម្មភាពលាបថ្នាំពណ៌នៅតាមផ្ទះ និងរក្សាសណ្តាប់ធ្នាប់គ្រប់ដងផ្លូវក្នុងក្រុងស្ទឹងសែនដែលជាទីតាំងសម្រាប់ប្រារព្ធកម្មវិធីនេះ។
ពិធីបុណ្យទន្លេលើកទី ៧ ធ្លាប់ គ្រោងរៀបចំនៅខេត្តកំពង់ធំកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ប៉ុន្ដែត្រូវបានលើកមកធ្វើនៅឆ្នាំ ២០២២ វិញ ដោយសារការបារម្ភពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
តាំងពីឆ្នាំ ២០១៥ មករាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានចាប់ផ្ដើមរៀបចំពិធីបុណ្យទន្លេ ដើម្បីជំរុញកំណើនទេសចរតាមដងទន្លេកម្ពុជាឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព ព្រោះពិធីបុណ្យនេះមានការផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់រមណីយដ្ឋានធម្មជាតិតាមដងទន្លេ រួមទាំងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ខេត្តកំពង់ធំមានតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន តំបន់ប្រាសាទសំបូរព្រៃគុកស្ថិតនៅបណ្តោយស្ទឹងសែនក្នុងភូមិ-ឃុំ-ស្រុកសំបូរចម្ងាយ ២៨ គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្ត។ តំបន់ប្រាសាទគុកនគរនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក មានចម្ងាយ ៨៦ គីឡូម៉ែត្រពីទីរួមខេត្ត។ តំបន់ភ្នំសន្ទុក ស្ថិតនៅភូមិ-ឃុំកកោះ ស្រុកសន្ទុកមានចម្ងាយ ១៧ គីឡូម៉ែត្រពីទីរួមខេត្ត និងតំបន់រមណីយដ្ឋានបឹងសំរឹទ្ធដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕
វីដេអូ៖