កណ្តាលៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវឱ្យសាធារណជនធ្វើការរាយការណ៍តាមកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) បន្តទៀត នៅពេលឃើញផ្លូវខូច ដើម្បីធ្វើការជួសជុលឱ្យទាន់ពេលវេលា សោភណ្ឌភាពផ្លូវ និងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ ២០២១ នេះ ក្រោយពេលដែលផ្លូវដែលមានសភាពខូចខាត ត្រូវបានជួសជុលរួចរាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល តាមរយៈរបាយការណ៍របស់បងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៤៥+១៥០ ដែលស្ថិតក្នុងឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្ដាល។
ក្រសួងបានបញ្ជាក់ថា៖ «ជង្ហុកសម្បុកមាន់ក៏ជាមូលហេតុមួយដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។ ការរាយការណ៍ពីបញ្ហាផ្លូវថ្នល់មកកាន់ក្រុមការងារមានសមត្ថកិច្ចក្នុងការជួសជុលផ្លូវ ជាការចូលរួមដ៏ប្រសើរក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាថែរក្សាផ្លូវថ្នល់ឱ្យកាន់តែមានភាពប្រសើរ»។
ក្រសួងបានអំពាវនាវដល់ពលរដ្ឋថា សូមចូលរួមជាមួយក្រសួងក្នុងការរាយការណ៍ផ្លូវដែលត្រូវការជួសជុល និងថែទាំតាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីផ្លូវថ្នល់ស្អាត។ សាធារណជនអាចទាញយកកម្មវិធីថែទាំផ្លូ វ(ROAD CARE Mobile App) ពី App Store: https://roadcare.mpwt.gov.kh/ios និង Play Store: https://roadcare.mpwt.gov.kh/android ៕