ភ្នំពេញៈ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រកាសហាមឃាត់ការចែកចាយ ឬលក់ផលិតផល DOCTOR''S BON និងឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលពាក់ព័ន្ធត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលដែលគ្មានលេខបញ្ឆិកានេះជាបន្ទាន់ ព្រោះផលិតផលនេះធ្វើឱ្យប៉ះពាល់សុខភាព ឬ មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលនៅថ្ងៃទី ២១ ខែមករា នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន៥ ដែលឈ្មោះដូចជា ឈ្មោះ ១ - Doctor''s Bone Cambodia, ២- DOCTOR''S BONE-067776793, ៣- Doctor Bone ឯកទេសសន្លាក់ឆ្អឹង, ៤- Doctor''s Bone ដុកទ័របូន, ៥- Doctor''s Bone Shop កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ DOCTOR''S BONE គ្មានលេខបញ្ចិកាពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មុននឹងទិញឱសថគ្រប់ប្រភេទសូមពិនិត្យមើលលតាបត្របញ្ញិកាដែលមានបិទលើសម្បកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមាន ២ ផ្នែក ទី ១- ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ទី ២- ផ្នែកខាងក្រោមមានលេខបញ្ជិកា។
ក្រសួងសុខាភិបាលប្រាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផល DOCTORS BONE ដែលគ្មានលេខបញ្ជិកាតាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ និងឈប់ប្រើប្រាស់ផលិតផលនេះជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឱ្យប៉ះពាល់សុខភាព ឬ មានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ដូច្នេះ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និង ជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលដែលគ្មានលេខបញ្ឆិកានេះជាបន្ទាន់។
ក្រសួងបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលដែលគ្មានលេខបញ្ឆិកាខាងលើទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផល DOCTORS BONE ដែលគ្មានលេខបញ្ជិកាខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៕