មណ្ឌលគិរីៈ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់លិខិតស្នើសុំទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលលោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមន្ត្រីមួយចំនួនទៀត ដែលឃុបឃិតគ្នាជាប្រព័ន្ធធ្វើឯកសារយកដីរដ្ឋ និងដីប្រជាពលរដ្ឋជនជាតិដើមភាគតិច។
លិខិតដាក់ទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៨ មករា លោក ប៉ែន អ៊ាន ឱ្យដឹងថា លោកបានទទួលព័ត៌មានពីជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ថា អភិបាលស្រុកអូររាំងបានប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋជនជាតិដើមភាគតិច និងឃុបឃិតគ្នា ធ្វើឯកសារយកដីរដ្ឋ និងដី ប្រជាពលរដ្ឋជនជាតិដើមភាគតិច ធ្វើជាកម្មសិទ្ធិនិងលក់ឱ្យឈ្មួញ។ មិនការពារផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋតូចតាច ការពារ តែអ្នកមានលុយមានអំណាច។
ក្រោយទទួលព័ត៌មាននេះលោកបានចាត់ក្រុមការងារ និងមេធាវីចុះស្រាវជ្រាវបន្ថែមឃើញថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន ពិតជាបានរស់នៅអាស្រ័យផលធ្វើផ្ទះ ដាំដំណាំលើដីតាមជើងភ្នំ និងដងអូរ តាមទំនៀមទម្លាប់ប្រពៃណីជាយូរមកហើយ។ ដីសហគមន៍ជនជាតិដើមភាគតិចត្រូវបានគេរំលោភបំពានយកដោយយកលេសថាជាដីរដ្ឋ។ ក្រោយមកដីនោះក៏ក្លាយជាដីរបស់ អ្នកមានលុយមានអំណាចធ្វើរបងហ៊ុមព័ទ្ធ មានឯកសារកាន់កាប់។ ចំណែកដីរបស់ប្រជាពលរដ្ឋមួយចំនួនមានឯកសារកាន់កាប់ទិញលក់ទទួលស្គាល់ ដោយអាជ្ញាធរ ភូមិ ឃុំ ស្រុក បែរជាអាជ្ញាធរស្រុកថា ខុសច្បាប់ទៅវិញ។
លោក ប៉ែន អ៊ាន សរសេរក្នុងលិខិតថា៖ «ច្បាស់ណាស់ថា អាជ្ញាធរ គ្រប់គ្រងដឹងឮថាដីណាស្របច្បាប់ដីណាជាដីរដ្ឋ តែបើប៉ះពាល់ផលប្រយោជន៍ពួកគេ ក៏ក្លាយជារឿងរ៉ាវ ហើយអ្នករងគ្រោះ គឺប្រជាពលរដ្ឋតូចតាច ទន់ខ្សោយ ដែលគ្មានខ្សែ គ្មានបក្ខពួក»។
លោកឱ្យដឹងទៀតថា ថ្មីៗនេះប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន រាយការណ៍ថា លោក សៀក មុន្ទី បានប្រើមន្ត្រីជាកូនចៅក្លែងឯកសារ ស្នាមមេដៃយកដីប្រជាពលរដ្ឋមួយចំនួនលក់ឱ្យឧកញ៉ាស្រី ចន្ធូ ធ្វើបណ្ណកម្មសិទ្ធិ គំរាមកំហែងទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទាប ដើម្បីលក់បន្ត និងដើម្បីធ្វើការអភិវឌ្ឍ។ ដីមួយចំនួនទៀត ជាដីចម្ការស្រល់ ក៏ជាកម្មសិទ្ធិរបស់អ្នកធំ អ្នកមានលុយផងដែរ។
បើតាមសេចក្តីរាយការណ៍របស់ជនជាតិដើមភាគតិច លោក សៀក មុន្នី មិនដែលយកចិត្តទុកដាក់ជួយដោះស្រាយ រកយុត្តិធម៌ឱ្យប្រជាពលរដ្ឋទេ។ ការបំពេញការងារហាក់ដូចជា មានការរើសអើង ក្អេងក្អាង មិនខ្លាចច្បាប់ ដោយសារ មានបងប្អូនខ្សែបក្ខពួកនៅក្រសួងមហាផ្ទៃជាអ្នកចាំជួយជ្រោមជ្រែង។ នេះបើតាមការបន្ថែមរបស់លោក ប៉ែន អ៊ាន។
លោកសរសេរថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើសូមសម្តេចក្រឡាហោម [ស ខេង] មេត្តាពិនិត្យស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់ ដើម្បីឱ្យមានតម្លាភាពយុត្តិធម៌ដល់គ្រប់ភាគីទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ និងពិន័យចំពោះមន្ត្រីដែលប្រព្រឹត្តខុស ដើម្បីការពារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងនៅថ្ងៃទី ២៤ ខែមករា ថា លោកមិនទាន់ដឹងថា ក្រសួងមានការសម្រេចយ៉ាងណានោះទេ ដោយថា ការដាក់លិខិតពីសំណាក់លោក ប៉ែន អ៊ាន មកក្រសួងមហាផ្ទៃនេះលោកមិនទាន់បានឃើញលិខិតនៅឡើយ។
លោក ម្លូស តេន តំណាងប្រជាពលរដ្ឋនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ថ្លែងនៅថ្ងៃទី ២៤ មករា ថា ដីរបស់លោក និងប្រជាពលរដ្ឋ ៧ គ្រួសារផ្សេងទៀត សរុបជាង ៣០ ហិកតានៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ដែលខំថែរក្សាតពីដូនតាមកត្រូវបានអាជ្ញាធរស្រុកកាត់ឱ្យទៅឈ្មោះ ស្រី ចន្ធូ ដោយមិនបានឱ្យពួកគាត់ដឹង។ ក្រោយពីបានដឹងរឿង លោកបានទៅសុំអន្តរាគមន៍ឱ្យអាជ្ញាធរស្រុកកាត់ដីឱ្យមកវិញតាំងពីឆ្នាំ ២០១៩ ប៉ុន្តែមិនបានសម្រេច និងបានអូសបន្លាយពេលរហូតមកដល់បច្ចុប្បន្ន។
លោកនិយាយថា៖ «អភិបាលស្រុក គាត់ថា គាត់នឹងដោះឱ្យខ្ញុំ ប៉ុន្តែអត់ឃើញពន្យារពេលម្តងថ្ងៃនេះម្តងថ្ងៃនោះ ហើយគាត់ថា ឱ្យខ្ញុំទៅយកដីកន្លែងផ្សេង។ ខ្ញុំទៅយកកន្លែងផ្សេងម៉េចកើត បើសុទ្ធតែដីគេមានម្ចាស់។ អ៊ីចឹងខ្ញុំអត់ព្រមទេ កន្លែងខ្ញុំហ្នឹង ខ្ញុំយកទាល់តែបានបាទ។ បើកន្លែងខ្ញុំបានលក់ឱ្យគេហើយ អាហ្នឹងខ្ញុំឈប់ប៉ះហើយ»។
លោក សៀក មុន្នី អភិបាលស្រុកអូររាំងថ្លែងនៅថ្ងៃទី ២៤ មករា ថា បញ្ហាដីធ្លីនៅស្រុកអូររាំងត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ប៉ុន្តែអ្វីៗត្រូវបានផ្អាកដោយសារថ្មីៗនេះក្រុមការងារស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើរបស់ក្រសួងកសិកម្មបានចុះទៅពិនិត្យដកហូតដីតំបន់នោះ។
លោកថ្លែងថា៖ «ការពិត យើងកំពុងតែសម្របសម្រួលក្នុងចំណុចហ្នឹង។ ប៉ុន្តែមកដល់បច្ចុប្បន្ននៅក្នុងតំបន់ហ្នឹងទាំងអស់ ក្រសួងកសិកម្មកំពុងតែដកហូតស្ទើរតែទាំងអស់នៅចំណុចហ្នឹង។ ដល់ពេលអ៊ីចឹងទៅ យើងមិនដឹងថា ត្រូវសម្របសម្រួលដោះស្រាយរបៀបម៉េច។ ឥឡូវមានតែចាំមើលសិន»៕
វីដេអូ៖