ភ្នំពេញៈ ក្រសួងចំនួន ៣ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ប្រកាសជ្រើសរើស និងកំណត់តួនាទីភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំសង្កាត់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រកាសអន្តរក្រសួងដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៤ ខែមករា។
សេចក្តីប្រកាសរបស់អន្តរក្រសួងបានឱ្យដឹងថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ សំដៅដល់បុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋ ដែលត្រូវបានជ្រើសរើស អនុលោមតាមមាត្រា ២៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ប្រកាសអន្តរក្រសួងបានឱ្យដឹងទៀតថា រដ្ឋបាលឃុំ សង្កាត់នីមួយៗ ត្រូវមានជំនួយការហិរញ្ញវត្ថុ ចំនួន ១ រូប ដែលត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ (ដប់ប្រាំបី) ឆ្នាំ កម្រិតសិក្សាចាប់ពីបញ្ចប់ថ្នាក់ទី ១២ និងត្រូវមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ និងគណនេយ្យជាដើម។
ប្រកាសអន្តរក្រសួងសរសេរថា៖ «ត្រូវមានចំណេះដឹងមូលដ្ឋានផ្នែកកុំព្យូទ័រ បេក្ខជនដែលមានទីលំនៅនៅក្នុងឃុំ សង្កាត់សាមី ឬនៅឃុំ សង្កាត់ដែលមានព្រំប្រទល់ជាប់គ្នា ត្រូវបានផ្តល់អាទិភាព មានបទពិសោធការងារក្នុងវិស័យសាធារណៈ ឬឯកជនលើជំនាញពាក់ព័ន្ធត្រូវបានផ្តល់អាទិភាពមានវិញ្ញាបនបត្របណ្តុះបណ្តាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានផ្តល់អាទិភាព បេក្ខជនជាស្ត្រី ជនពិការ និងជនជាតិដើមភាគតិចត្រូវបានផ្តល់អាទិភាព»។
ប្រកាសដដែលបានឱ្យដឹងទៀតថា ចំពោះដំណើរការនៃការជ្រើសជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំតាមការប្រឡងប្រជែង ដែលកិច្ចដំណើរការមានដូចជា ការរៀបចំគណៈកម្មការប្រឡងជ្រើសរើស ការកំណត់កិច្ចដំណើរការ និងនីតិវិធីលម្អិតនៃការជ្រើសរើស ការពិនិត្យផ្ទៀងផ្ទាត់លើលក្ខខណ្ឌនានាចំពោះបេក្ខជនដែលបានប្រឡងជាប់ដោយប្រធានមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការតែងតាំងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ដែលបានជាប់ជាស្ថាពរ ដោយដីកាតែងតាំង។
អន្តរក្រសួងសរសេរថា៖ «ការរៀបចំគណៈកម្មការប្រឡង គោលការណ៍ និងនីតិវិធីលម្អិតនៃការជ្រើសរើសជំនួយការហិរញ្ញវត្ថុ រដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ០៥៥ សណន ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់»។
បើតាមប្រកាសអន្តរក្រសួងជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់មានតួនាទី និងភារកិច្ច ជារជ្ជទេយ្យករបុរេប្រទានជារជ្ជទេយ្យករចំណូលជាភ្នាក់ងារបើកផ្តល់ និងជាជំនួយការឱ្យមេឃុំ ចៅសង្កាត់ក្នុងការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ គ្រប់គ្រង ពិនិត្យ និងតាមដានការអនុវត្តថវិកា រៀបចំរបាយការណ៍ និងប្រព័ន្ធរបាយការណ៍ផ្ទៃក្នុងដើម្បីពិនិត្យតាមដានការអនុវត្តថវិកា រៀបចំរបាយការណ៍ស្តីពីការអនុវត្តថវិកាតាមទម្រង់របាយការណ៍រួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តកិច្ចប្រតិបត្តិការហិរញ្ញវត្ថុដោយគោរពតាមវិធាន និងបទប្បញ្ញត្តិហិរញ្ញវត្ថុសាធារណៈជាធរមាន ព្រមទាំងបំពេញការងារពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុផ្សេងៗទៀត តាមការប្រគល់របស់មេឃុំ ចៅសង្កាត់។
ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុង ១ នាក់ចំនួន ១ ០០០ ០០០ (មួយលាន) រៀល និងលាភការផ្សេងៗដែលធានាដោយកញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់។ ប្រាក់ឧបត្ថម្ភខាងលើនេះ អាចនឹងត្រូវបានដំឡើងទៅតាមលទ្ធភាពថវិការបស់រដ្ឋបាលឃុំ សង្កាត់ និងតាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ។ ចំណែកការឈប់សម្រាកផ្សេងៗ គឺដូចមន្ត្រីរាជការស៊ីវិល ដោយអនុលោមតាមប្រកាសដដែលបានឱ្យដឹងថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ មាន សិទ្ធិបញ្ចប់កិច្ចសន្យា ដោយត្រូវធ្វើការជូនដំណឹងទៅ មេឃុំ ចៅសង្កាត់ជាមុន និងត្រូវដាក់ពាក្យស្នើសុំលាឈប់ជាលាយលក្ខណ៍អក្សរជូនមេឃុំ ចៅសង្កាត់ឱ្យបានមុន ៣០ (សាមសិប) ថ្ងៃគិតពីថ្ងៃសុំឈប់។ ប្រសិនបើពាក្យស្នើសុំឈប់មិនបានដាក់ឱ្យបានមុន ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃសុំឈប់ទេ ប្រាក់ឧបត្ថម្ភប្រចាំខែចុងក្រោយនឹងមិនត្រូវបើកផ្តល់ជូនឡើយ។
លោក ប៉ិច ពិសី នាយកអង្គការតម្លាភាពកម្ពុជាបានថ្លែងនៅទី ២៤ ខែមករា ដោយបានសម្តែងការគាំទ្រចំពោះអន្តរក្រសួងដែលបានបង្កើតឱ្យមានជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ លោកថា នេះជាចំណុចវិជ្ជមាន និងជាដំណើរមួយល្អ ព្រោះនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាព និងសមត្ថភាពផ្នែកហិរញ្ញវត្ថុនៅខ្វះខាតនៅឡើយ។
លោកថ្លែងថា៖ «អ្វីដែលយើងចង់លើកទឹកចិត្តបន្ថែមនោះគឺថ្នាក់ក្រោមជាតិក៏មានមន្ត្រីស្រាប់ដែរ អ៊ីចឹងបើសិនជាអាចគួរតែមានវគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុទៅដល់មន្ត្រីតាមជំនាញដែលមានស្រាប់នៅថ្នាក់ក្រោមជាតិហ្នឹង ជាពិសេសស្មៀនឃុំ»។
លោកនាយកអង្គការតម្លាភាពកម្ពុជាបន្ថែមទៀតថា នៅថ្នាក់ក្រោមជាតិក៏មានគណៈកម្មការតាមជំនាញផ្សេងៗ ហេតុនេះបើសិនជាអាចចាប់យកមន្ត្រីទាំងនោះឱ្យរៀនជំនាញចាំបាច់នេះគឺមិនចាំបាច់រើសមន្ត្រីថ្មី ឬបញ្ជូនមន្ត្រីថ្មីពីក្រសួងទៅទាំងស្រុងនោះទេ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងនៅថ្ងៃទី ២៤ ខែមករាថា នៅពេលកំណត់បានច្បាស់លាស់ពីតួនាទី និងភារកិច្ចរបស់អ្នកធ្វើការងារផ្នែកហិរញ្ញវត្ថុនៅរដ្ឋបាលឃុំសង្កាត់ គឺជារឿងល្អ។ ការងារនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងការងារទាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុ និងធ្វើឱ្យមានតម្លាភាព មានគណនេយ្យភាពមួយកម្រិតទៀត ព្រមទាំងធ្វើឱ្យដំណើរការនៃអភិបាលកិច្ចនៅកម្រិតរដ្ឋបាលឃុំសង្កាត់មានភាពល្អប្រសើរមួយចំណែកថែមទៀតផងដែរ៕