កណ្តាល/ព្រៃវែងៈ ដំណើរការនៃការចុះយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីនាវា ដែលលិចក្នុងទន្លេមេគង្គចំនួន ៤ ទីតាំងទៀតស្ថិតក្នុងភូមិសាស្ត្រស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅមិនទាន់បន្តសកម្មភាពនៅឡើយទេ ដោយសារតែកម្ពស់ទឹកនៅមានកម្រិតខ្ពស់ និងខ្វះខាតបច្ចេកទេសមួយចំនួន ដោយមន្ត្រីស្នើឱ្យមានការស្វែងរកបច្ចេកទេសទំនើបជាងបច្ចុប្បន្នដើម្បីធ្វើការឆាប់ចប់។
លោក ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ មករាថា រហូតមកទល់ពេលនេះ ក្រុមប្រតិបត្តិកររុករកគ្រាប់បាតទន្លេមេគង្គ មិនទាន់បន្តសកម្មភាពរបស់ខ្លួននៅឡើយទេ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួន។ លោកថា ក្រៅពីកម្ពស់ទឹកនៅមានកម្រិតខ្ពស់ ក្រុមការងារប្រតិបត្តិករទាមទារឱ្យមានការស្វែងរកបច្ចេកទេសទំនើបៗជាងបច្ចុប្បន្ន ដើម្បីធ្វើកិច្ចការងារនេះឱ្យបញ្ចប់ទៅតាមផែនការ។
លោកថ្លែងថា៖ «ឥឡូវអត់ទាន់បានបន្តការងារនេះទេ។ ចាំមើល បើសិនជាបន្តទៀត ខ្ញុំនឹងជម្រាបជូនដំណឹង»។
ដោយឡែក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់កម្ពុជា (ស៊ីម៉ាក់) ដែលមានមន្ត្រីស៊ីម៉ាក់ចូលរួមប្រតិបត្តិការរុករកគ្រាប់មិនទាន់ផ្ទុះនៅក្នុងបាតទន្លេមេគង្គនេះដែរ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៤ មករា ថា ប្រតិបត្តិការនៃការរុករកយកគ្រាប់ចេញពីបាតទន្លេ មិនត្រូវបានផ្អាកនោះទេ។ តាមផែនការក្នុងរដូវទឹកស្រកមកដល់ខាងមុខនេះ ក្រុមប្រតិបត្តិករនឹងបន្តដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ខណៈបច្ចុប្បន្នកម្ពស់ទឹកទន្លេនៅមានកម្រិតខ្ពស់នៅឡើយទេ។
លោកបន្តថា ដោយសារតែកម្ពស់ទឹកបានឡើងខ្ពស់បានធ្វើឱ្យក្រុមប្រតិបត្តិករមិនអាចធ្វើសកម្មភាពចុះទៅរុករកយកគ្រាប់ចេញពីបាតទន្លេបានទេ។ ដូច្នេះហើយបានបង្ខំឱ្យមានការផ្អាកមួយរយៈកន្លងមកនេះ ប៉ុន្តែប្រហែលអំឡុងខែកុម្ភៈ ឬខែមីនា ឬខែមេសាខាងមុខនេះក្រុមប្រតិបត្តិករនឹងបន្តអនុវត្តវិញហើយ ព្រោះអំឡុងពេលនេះគឺជាពេលវេលាល្អបំផុត។
លោកថ្លែងថា៖ «សម្រាប់មន្ត្រីប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់មិនធ្វើតែ ១ កន្លែង ឬ ២ កន្លែងនោះទេ ឱ្យតែកន្លែងមានគ្រាប់ គឺយើងនឹងចុះទៅធ្វើសកម្មភាពទាំងអស់។ ដោយឡែក សម្រាប់សម្ភារបច្ចេកទេស ដូចជាគ្មានអ្វីខ្វះទេសម្រាប់អង្គភាពខ្ញុំ។ ប៉ុន្តែអ្វីដែលសំខាន់ គឺឧបសគ្គទឹកវាឡើងខ្ដស់តែប៉ុណ្ណឹងទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ បានសម្រេចឱ្យបន្តយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ-មេគង្គចំនួន ៤ ទីតាំងផ្សេងទៀតស្ថិតក្នុងភូមិសាស្ត្រស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែង។ នាវាទាំងនោះបានលិចក្នុងសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៥ ក្នុងគោលបំណងដើម្បីឱ្យប្រទេសកម្ពុជាមានសន្តិភាព និងសុវត្ថិភាព គ្រប់ទីកន្លែង។
របាយការណ៍ចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់របស់កម្លាំងជំនាញបង្ហាញថា វត្តមាននាវាចម្បាំង និងការគំរាមកំហែង ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក ដែលត្រូវបានលិចស្ថិតនៅដងទន្លេមេគង្គ មានចំនួន ៥ ទីតាំង។ ក្នុងនោះការដ្ឋានទី ១ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបិទបញ្ចប់ និងស្រង់នាវាចម្បាំងរួចរាល់ និងប្រមូលបានគ្រាប់ជាង ១៦ តោនចេញពីនាវានេះ។
ចំណែកការដ្ឋានទី ២ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល បានចាប់ផ្តើមបើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកគ្រាប់នៅក្នុងនាវាចម្បាំងដែលត្រូវលិច និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកកាលពីថ្ងៃទី ១៥ ខែមីនា។ ក្រុមការងារនៅសល់ ៣ ទីតាំងទៀត ដែលគ្រោងនឹងបើកប្រតិបត្តិការជាបន្តបន្ទាប់ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ដោយសារកម្ពស់ទឹកស្ថិតក្នុងកម្រិតខ្ពស់៕