ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា Digital Community of Cambodia (DCC) ដើម្បីប្រមូលផ្តុំអ្នកដែលមានជំនាញបច្ចេកវិទ្យាឌីជីថល ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។
DCC គឺជាថ្នាលបច្ចេកវិទ្យាឌីជីថលដំបូងរបស់រាជរដ្ឋាភិបាល ដើម្បីប្រមូលផ្តុំអ្នកដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។
សេចក្តីជូនដំណឹងក្រសួងប្រៃសណីយ៍ផ្សព្វផ្សាយ នាថ្ងៃទី ២៤ មករា បញ្ជាក់ថា៖ «ប្រព័ន្ធនេះបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំបុគ្គលដែលមានគុណវុឌ្ឍិផ្នែកបច្ចេកវិទ្យាឌីជីថលទាំងក្នុងប្រទេស និងក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹង និងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ ព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ»។
ក្រសួងអំពាវនាវដល់មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធនេះ។ ក្រសួងអះអាងថា ការបង្កើតប្រព័ន្ធធ្វើឡើងស្របតាមគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល។
ឯកសារនៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ ដែលចេញផ្សាយនាខែឧសភា ឆ្នាំ ២០២១ បានបញ្ជាក់ថា ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន គឺដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល។
លោកថ្លែងថា៖ «ខ្ញុំមានជំនឿចិត្តដ៏មុតមាំថា កម្ពុជាត្រូវខិតខំសម្រេចបរិវិត្តកម្មឌីជីថលឱ្យខាងតែបានទើបអាចប្រែក្លាយសេដ្ឋកិច្ចសង្គមកម្ពុជាទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន»។
រដ្ឋាភិបាលអះអាងថា គិតត្រឹមឆ្នាំ ២០១៩ កម្ពុជាមានយុវជនអាយុ ១៥-៣៥ ឆ្នាំ ប្រមាណជាង ៥ លាននាក់ ឬ ៣៦ ភាគរយនៃប្រជាជនសរុប និង ៥៥ ភាគរយ នៃមនុស្សគ្រប់អាយុបំពេញការងារពី ១៥-៦៤ ឆ្នាំ។ ភាគលាភ ប្រជាសាស្ត្រនេះ គឺជាកត្តាជំរុញសំខាន់មួយដែលធ្វើឱ្យការជំរុញបរិវត្តកម្មឌីជីថលអាចជ្រាបចូលក្នុងសង្គមបានយ៉ាងឆាប់រហ័ស តាមរយៈភាពងាយទទួលយក និងការចាប់យកបច្ចេកវិទ្យា សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផង និងអភិវឌ្ឍខ្លួនឯងផង ឱ្យស្របតាមនិន្នាការជាសកល។
លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៤ ខែមករា សហគមន៍ឌីជីថលកម្ពុជានេះនឹងប្រមូលផ្តុំនូវបញ្ញវន្ត និងអ្នកជំនាញខាងផ្នែកឌីជីថលទូរគមនាគមន៍ ទាំងអ្នកដែលមានចំណេះដឹងខ្ពស់ មធ្យម និងទាប ដែលអាចរៀនសូត្រ និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពាក់ព័ន្ធនឹងការស្រាវជ្រាវ អត្ថបទព័ត៌មានថ្មីៗ បច្ចេកវិទ្យា និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យឌីជីថល។
លោកថ្លែងថា៖ «ប្រសិនបើគាត់ [អ្នកចុះឈ្មោះប្រើប្រព័ន្ធនេះ] មានចម្ងល់ គាត់មានបញ្ហាអីដែលគាត់មិនអាចដោះស្រាយបាន គឺនៅក្នុងសហគមន៍នេះនឹងជួយរកដំណោះស្រាយ គន្លឹះដើម្បីជួយទៅដល់គាត់។ [វាជា] ឱកាសនៅក្នុងការអភិវឌ្ឍទាំងផ្នែក Professional [ជំនាញវិជ្ជាជីវៈ] ទាំងផ្នែកចំណេះដឹង ទាំងផ្នែកបទពិសោធន៍។ ក្នុងនោះក៏ជាសហគមន៍មួយដែលអាចធ្វើជា Networking [បណ្តាញ] បានន័យថា ស្គាល់គ្នាដើម្បីជំរុញវិស័យទូរគមនាគមន៍ក៏ដូចជាវិស័យឌីជីថលរបស់យើងនេះឱ្យកាន់តែរីកចម្រើនផងដែរ»។
លោក សូ វិសុទ្ធី បន្តថា ក្រសួងប្រៃសណីយ៍នឹងខិតខំធ្វើយ៉ាងណាឱ្យក្រុមហ៊ុនបច្ចេកវិទ្យានានាចុះឈ្មោះ ដើម្បីចូលរួមនៅក្នុងសហគមន៍ឌីជីថលកម្ពុជានេះ។ អ្នកដែលមានជំនាញថ្មីៗអាចមានឱកាសស្វែងរកនូវឱកាសការងារនៅក្នុងវិស័យនេះ។ ក្រសួងនឹងរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែងសមត្ថភាព ផ្តល់ជារង្វាន់ និងការទទួលស្គាស់ទេពកោសល្យឌីជីថលពីក្រសួង។
លោកបានឱ្យដឹងថា ក្រសួងប្រៃសណីយ៍នឹងធ្វើការសហការណ៍ជាមួយក្រុមហ៊ុន និងបណ្តាស្ថាប័ននានា ក្នុងការផ្តល់ឱកាសឱ្យអ្នកដែលមានទេពកោសល្យឌីជីថលទទួលបានការងារល្អ ហើយក្រុមហ៊ុនអាចស្វែងរកបុគ្គលិកជំនាញតាមតម្រូវការ និងបន្តការអភិវឌ្ឍមុខងារថ្មីៗបន្ថែមឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។
ក្រសួងប្រៃសណីយ៍ក៏នឹងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្តាសាកលវិទ្យាល័យដែលមានមុខវិជ្ជាព័ត៌មានវិទ្យាជាគោល ដើម្បីជំរុញឱ្យសិស្សនិស្សិតសាកលវិទ្យាល័យជំនាញផ្នែកព័ត៌មានវិទ្យាអាចមានឱកាសក្នុងការបង្ហាញសមត្ថភាព និងអាចបង្ហាញពីប្រវត្តិសិក្សាផ្នែកព័ត៌មានវិទ្យា៕