ភ្នំពេញៈ អត្រាបោះបង់ការសិក្សានៅសាលាបឋមសិក្សាបានធ្លាក់ចុះ និងមានកំណើនការចូលរៀនទៀងទាត់ បន្ទាប់ពីមានកម្មវិធីផ្តល់ស្បៀងអាហារតាមសាលា ដែលមកដល់ពេលនេះ មានសាលាគោលដៅជាង ១ ០០០ សាលាក្នុងខេត្តចំនួន ១០ បាននិងកំពុងអនុវត្តកម្មវិធីនេះ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បញ្ជាក់បែបនេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោកនាថ្ងៃទី ២៤ មករា ក្នុងពេលលោករដ្ឋមន្ត្រីរួមនឹងនាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងនាយកប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវផ្ទះបាយសាលា កន្លែងទទួលទានអាហារ និងសម្ភារបរិក្ខារផ្សេងៗទៀត នាខេត្តកំពង់ឆ្នាំង។
លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ «ចាប់តាំងពីកម្មវិធីបានចាប់ផ្តើមមក យើងបានកត់សម្គាល់ឃើញថា អត្រាបោះបង់ការសិក្សានៅសាលាបឋមសិក្សាបានធ្លាក់ចុះ និងមានកំណើនការចូលរៀនទៀងទាត់»។
លោកបន្តថា ការផ្តល់អាហារចម្រុះ និងសម្បូរជីវជាតិ នៅតាមសាលារៀន ដោយឥតគិតថ្លៃ គឺជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាដល់ក្រុមគ្រួសារឱ្យបញ្ជូនកូនទៅសាលារៀនក៏ដូចជាជួយសម្រាល បន្ទុកសេដ្ឋកិច្ចរបស់ពួកគាត់។
បើតាមសេចក្តីប្រកាសព័ត៌មានអស់រយៈពេលជាង ២០ ឆ្នាំហើយកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនបានផ្ដល់អាហារដល់កុមារចំនួន ៣២០ ០០០ នាក់ ក្នុងសាលាគោលដៅចំនួន ១ ១១៤ នៅខេត្តចំនួន ១០។ ការសិក្សាបានបង្ហាញថា អាហារដែលមានជីវជាតិ ជួយបង្កើនការផ្តោតអារម្មណ៍របស់សិស្ស និងជួយឱ្យការរៀនសូត្ររបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់លទ្ធផលនៃការអប់រំ។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) លើកឡើងថា កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀននៅកម្ពុជាត្រូវបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌគោលនយោបាយជាតិអប់រំ និងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សតាមការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ សម្រាប់កុមារថ្នាក់មត្តេយ្យ និងបឋមសិក្សា។ ការលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពរបស់ពួកគេ និងជួយឱ្យពួកគេបានហូបឆ្អែតមួយរយៈពេលក៏ដូចជា ជួយផ្តល់នូវសំណាញ់សុវត្ថិភាពដល់ក្រុមគ្រួសារ ដែលងាយរងគ្រោះ តាមរយៈកម្មវិធីផ្ទេរប្រាក់។
ចាប់តាំងពីដើមឆ្នាំ ២០២០ មក KOICA បានគាំទ្រកម្មវិធីផ្ដល់ស្បៀងអាហារនៅតាមសាលារៀននៅខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ដោយផ្តល់មូលនិធិសរុបចំនួន ១០ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ។ ជំនួយនេះបានអនុញ្ញាតឱ្យមានការសាងសង់ផ្ទះបាយ កន្លែងទទួលទានអាហារ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមសាលារៀនជាច្រើន ដើម្បីសម្រួលដល់ការផ្ដល់អាហារតាមសាលារៀនប្រកបដោយសុវត្ថិភាព អនាម័យ និងមានប្រសិទ្ធភាព។
លោក RHO Hyunjun នាយកប្រចាំប្រទេសរបស់ KOICA លើកឡើងថា លោកមានសេចក្ដីរីករាយណាស់ដែលកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀន ប្រើប្រាស់ កសិផលសហគមន៍អាចដំណើរការឡើងវិញបានពេញលេញ ដោយធានាថា កុមារអាចទៅសាលារៀនទទួលបានអាហារមានជីវជាតិ និងបានរៀនសូត្រអស់ពីសមត្ថភាពរបស់ពួកគេ។
លោកបញ្ជាក់ថា៖ «ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសមួយ ហើយយើងមិនចង់ទុកកុមារណាម្នាក់ចោលនោះទេ។ យើងសង្ឃឹមថា ការរួមចំណែកមួយផ្នែកតូចនេះនឹងរួមចំណែកដល់កិច្ចការនេះ»។
ជាមួយគ្នានេះ លោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងជានាយិកាប្រចាំប្រទេសកម្ពុជាបានសម្តែងនូវអំណរគុណចំពោះ KOICA សម្រាប់ការគាំទ្រដល់កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន។
លោកស្រីថ្លែងថា៖ «ពួកគាត់មានភាពបត់បែន និងគិតគូរពីអនាគតទៅមុខ ជាពិសេសមានគំនិតផ្តួចផ្តើមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈស្តង់ដានៅតាមសាលារៀន ដើម្បីជួយសម្រួលដល់ការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។ កុមារនៅសាលាទាំងនេះមិនចាំបាច់ញ៉ាំអាហារក្នុងថ្នាក់ ឬក្នុងទីធ្លាបរិវេណសាលាទៀតទេ»។
គួររំឭកដែរថា ក្នុងអំឡុងពេលសាលារៀនបានបិទ ដោយសារការរាតត្បាតនៃមេរោគកូវីដ ១៩ ទីភ្នាក់ងារកយកា បានព្រមព្រៀងឱ្យផ្លាស់ប្តូរពីការផ្ដល់ស្បៀងតាមសាលារៀនទៅជាការចែកស្បៀងដល់ក្រុមគ្រួសារសិស្សក្រីក្រ ជាបណ្ដោះអាសន្នក្នុងគោលបំណងបន្តផ្ដល់អាហារូបត្ថម្ភដើម្បីជួយឱ្យកុមារបន្តការសិក្សានៅផ្ទះ។
ឥឡូវនេះសាលាបានបើកដំណើរការឡើងវិញទាំងស្រុងសម្រាប់ឆ្នាំសិក្សាថ្មី កម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនក៏ចាប់ផ្ដើមឡើងវិញដែរ ដើម្បីធានាថា កុមារទទួលបានអាហារមានជីវជាតិយ៉ាងតិច ១ ដង ក្នុង ១ ថ្ងៃ ដើម្បីគាំទ្រដល់ការសិក្សា និងការអភិវឌ្ឍរបស់ពួកគេ៕