ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវជួបពិភាក្សាតាមវីដេអូជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃទី ២៦ ខែមករានេះ ដើម្បីចង់ដឹងបន្ថែមទៀតអំពីការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី រយៈពេល ៤ ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា ក្រោយពីទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែនេះ។
នេះជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៥ ខែមករា ដែលកិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ជាពិសេសវិបត្តិនៅមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅពេលនេះស្ថានភាពនៅមីយ៉ាន់ម៉ាមានលក្ខណៈស្មុគស្មាញ និងលំបាកមែនទែន ដោយសារមានរដ្ឋាភិបាលដល់ទៅ ២ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ។ បញ្ហានេះមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបានទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺធ្វើយ៉ាងណាឱ្យមានការចរចា រកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នោះ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការអញ្ជើញទៅទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ តើប្រទេសមីយ៉ាន់ម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង ៥ ដែលបានឯកភាពគ្នាកន្លងមកនេះ។
ទោះជាយ៉ាងណាលោកថា នឹងខិតខំធ្វើការងារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាជាបន្តទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក៏ដូចជាជំរុញឱ្យមានកិច្ចសន្ទនា ដែលស្ថិតក្នុងចំណុចទាំង ៥ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនោះ។
លោក ហ៊ុន សែន ថ្លែងថា៖ «នៅពេលនេះអាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអាស៊ានយើងមិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាបានទេ»។
បើតាមលោកនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោកបានអញ្ជើញ លោក មីន អ៊ុងឡាំង ឱ្យចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពរីកចម្រើនក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង ៥។ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ានផងដែរ។
លោកនាយករដ្ឋមន្ត្រី ក៏បានប្រាប់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពីសំណើរបស់លោកក្នុងការបង្កើតយន្តការ ២ ដើម្បីរកច្រកចេញក្នុងការងារនេះ។ យន្តការទី ១ យន្តការអាស៊ាន-ត្រយកា ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដោយឯកច្ឆន្ទទាំង ៥ ចំណុចដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានប្រ៊ុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូនេស៊ីជាប្រធានអាស៊ាន បន្ទាប់ពីកម្ពុជាបូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
យន្តការទី ២ គឺយន្តការពាក់ព័ន្ធដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឱ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ានមានមជ្ឈមណ្ឌលអាហារ មានភាគីខាងមីយ៉ាន់ម៉ាមានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ។
លោក Ismail Sabri Yaakob ថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺពិតជាមានសារៈសំខាន់សម្រាប់អាស៊ានផង និងសហគមន៍អន្តរជាតិ។ ការដោះស្រាយនៅមីយ៉ាន់ម៉ា ទាមទារ និងត្រូវតែចូលរួមទាំងអស់គ្នា ជាពិសេសនៅក្នុងក្របខ័ណ្ឌធម្មនុញ្ញអាស៊ាន។ លោកក៏បានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា រួមទាំង លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ដែលត្រូវបានលោក មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។ ដោយឡែក ទាក់ទងនឹងជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារត្រូវធ្វើយ៉ាងណាឱ្យបានទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងថា៖ «ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ សម្រាប់អាស៊ានយើងនេះ»។
លោកនាយករដ្ឋមន្ត្រីក៏បានគាំទ្រចំពោះប្រេសិតពិសេសអាស៊ាន ដើម្បីដោះស្រាយវិបត្តិធ្ងន់ធ្ងរនេះនៅប្រទេសមីយ៉ាន់ម៉ា និងជំរុញធ្វើយ៉ាងណាឱ្យប្រេសិតពិសេសនេះ អនុវត្តនូវចំណុចទាំង ៥ ដែលមានការព្រមព្រៀងគ្នាជាឯកច្ឆន្ទកន្លងមកនោះ។
លោក Ismail Sabri Yaakob បន្តថា៖ «ការខិតខំរបស់យើងក្នុងការកសាងសហគមន៍អាស៊ាននេះ គឺនៅតែបន្តទៅមុខជានិច្ចអ្វីដែលយើងបានសម្រេចហើយ យើងត្រូវតែអនុវត្ត»។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី ២៥ ខែមករា បានផ្ដល់ព័ត៌មានជូនដល់បណ្ដាអង្គទូតនានានៅកម្ពុជាស្ដីពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២ ដើម្បីរួមចំណែកកសាងសន្តិភាពនៅមីយ៉ាន់ម៉ា ដែលនឹងទាមទារការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។
លោក ប្រាក់ សុខុន បានថ្លែងថា៖ «ខ្ញុំក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការសន្តិភាពនេះត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែងសម្របសម្រួលដំណើរការនេះ។ ប៉ុន្តែជាក់ស្តែង ការគាំទ្រក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូរបស់យើង ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ណាស់»៕