បន្ទាយមានជ័យៈ លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់នៅថ្ងៃទី ២៦ មករា ថា គ្រាប់ប្រភេទ DK82 មិល្លីម៉ែត្រ ចំនួន ១៥ គ្រាប់ គ្រាប់មីនចំនួន ១ គ្រាប់ និងគ្រាប់ប្រភេទ ៦០ មិល្លីម៉ែត្រចំនួន ២ គ្រាប់ ត្រូវបានមន្ត្រីនៃអង្គភាពកំចាត់មីនស៊ីម៉ាក់ (CMAC) ប្រចាំខេត្តបន្ទាយមានជ័យកម្ទេចចោលហើយ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ ២០២២ បន្ទាប់ពីពលរដ្ឋប្រទះឃើញកប់នៅក្នុងដីស្ថិតនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកបន្តថា៖ «គ្រាប់យុទ្ធភណ្ឌទាំងនោះខាងស៊ីម៉ាក់នៅខេត្តបន្ទាយមានជ័យយកទៅកម្ទេចចោលតាំងពីថ្ងៃប្រទះឃើញ។ ពេលណាដែលយើងមានបញ្ហាឃើញគ្រាប់គឺយើងរាយការណ៍ទៅប្រាប់គាត់តែម្តង»។
លោក ដោក ខាំ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំឱ្យដឹងនៅថ្ងៃទី ២៦ មករាថា កាលពីវេលាម៉ោងជាង ១០ ព្រឹក ថ្ងៃទី ២៥ មករា ឆ្នាំ ២០២២ ប្រជាពលរដ្ឋម្នាក់ឈ្មោះ សាំង ចាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេកបានបើកត្រាក់ទ័រទៅដីភ្ជួរស្រែរបស់គាត់ចម្ងាយប្រហែលជិត ១ គីឡូម៉ែត្រពីភូមិ។ ពេលបុរសម្ចាស់ស្រែកំពុងភ្ជួរដីស្រាប់តែផាលបានចូកគ្រាប់ពីក្នុងដីភ្លាមៗនោះគាត់បានពន្លត់ម៉ាស៊ីនហើយរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍របស់លោក។
លោកបន្ថែមថា ក្រោយទទួលបានសេចក្តីរាយការណ៍មក លោកបានដឹកនាំកម្លាំងចុះដល់ទីតាំងស្រែនោះ។ ពាក់ព័ន្ធការងារប្រមូលគ្រាប់នេះគឺកម្លាំងនគរបាលស្រុកស្វាយចេកតែងសហការជាមួយមន្ត្រីស៊ីម៉ាក់ជាប្រចាំ។
លោក ដោក ខាំ ថ្លែងថា៖ «បើទោះជាកន្លែងខ្លះមានគ្រាប់នៅសេសសល់ក៏ពិតមែនតែមិនដែលមានពលរដ្ឋណាម្នាក់របួស ឬស្លាប់ដោយសារគ្រាប់យុទ្ធភណ្ឌទាំងនោះទេ។ មូលហេតុដោយសារយើងតែងផ្សព្វផ្សាយអប់រំពីបញ្ហាគ្រោះថ្នាក់ដោយគ្រាប់មីនដល់ពលរដ្ឋ»។ គ្រាប់នេះសល់ពី ឆ្នាំ ១៩៨៩-១៩៩០ ជាតំបន់ប្រយុទ្ធ៕