លោក ឯក ថា គឺជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ប្រចាំការ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ននេះ លោក​ក៏​ជា​អ្នក​សរសេរ​សៀវភៅ​ ១​រូប​ផងដែរ​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញ​-​ប៉ុស្តិ៍ លោក​បាន​ចែករំលែក​នូវ​បទពិសោធ​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន ការងារ​ជា​មន្ត្រី​អ្នកនាំពាក្យ និង​ការសរសេរ​សៀវភៅ​ផងដែរ ដែលមាន​ខ្លឹមសារ​ដូចតទៅ​នេះ៖

តើ​លោក​ចាប់ផ្តើម​អាជីព​ជា​អ្នកសារព័ត៌មាន​នៅ​ឆ្នាំ​ណា​?

ខ្ញុំ​បានចាប់ផ្ដើម​ជា​អាជីព​អ្នកកាសែត​នៅ​ឆ្នាំ​ ១៩៩៤ ពេលនោះ​ខ្ញុំ​បាន​ប្រើ​ឈ្មោះ​របស់ខ្ញុំ​ជា ឯក ម្រ៉ាដា (Ek Madra) ជា​ឈ្មោះ​ដែល​ខ្ញុំ​បាន​ប្រើ​ក្រោយ​ពេលដែល​ខ្ញុំ​បញ្ចប់​បឋមសិក្សា​ទុតិយភូមិ ហើយ​ដើម្បី​សុវត្ថិភាព​ខ្លួន ខ្ញុំ​ក៏បាន​ទៅ​រស់នៅ និង​ធ្វើការ​ពី​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១ ​ទៀត ដោយសារតែ​សង្គ្រាមស៊ីវិល​បន្ត​កើតមានឡើង​។ ឥឡូវនេះ​ប្រទេស​ពោរពេញ​ទៅដោយ​សន្តិភាព ការរីកចម្រើន​សង្គម​ពោរពេញ​ទៅដោយ​សុខដុម​នីយកម្ម ខ្ញុំ​ក៏បាន​វិល​ត្រឡប់មក​ឈ្មោះ​ដើម​របស់ខ្ញុំ​វិញ​ដែរ គឺ ឯក ថា​។

ហេតុអ្វី​បានជា​លោក​ចាប់យក​អាជីព​នេះ​នៅពេលនោះ​?

មាន​កត្តា​មួយចំនួន​ដែល​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ចាប់យក​អាជីព​ជា​អ្នកកាសែត​។ ទី​ ១ ​ខ្ញុំ​បាន​សង្កេតឃើញថា សារព័ត៌មាន ទាំង​ជាតិ ទាំង​អន្តរជាតិ មិនបាន​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ពេញលក្ខណៈ​ឱ្យ​គ្រប់​ជ្រុងជ្រោយ អ្វីដែល​បានកើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​សង្គ្រាមស៊ីវិល​បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ឈឺចាប់ ខ្លោចផ្សា ហិនហោច​ប្រទេស ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​ស្ទើរតែ​ដល់​កម្រិត​សូន្យ​នៅក្នុង​សង្គ្រាម​។

ទី​ ២ ខ្ញុំ​ចង់​នាំសារ​តាមរយៈ​ការសរសេរ ក្រោយពី​សម្ភាស​មហាជន​ទៅកាន់​ថ្នាក់ដឹកនាំ និង​ផ្សព្វផ្សាយ​ប្រសាសន៍​របស់​មេដឹកនាំ មកកាន់​មហាជន​វិញ​ឱ្យបាន​ដឹងថា អ្វីដែល​កំពុង​កើតមានឡើង ធ្វើ​ដូច្នេះ​ដើម្បី​ជួយ​សង្គម​ឱ្យមាន​ការរីកចម្រើន ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ទី​ ៣ ខ្លួន​ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់ ដើម្បី​បំពេញ​កាតព្វកិច្ច​តាមរយៈ​ការយក​ចំណេះវិជ្ជា​ដែល​ខ្ញុំ​បាន​ទទួល​តាមរយៈ​ការសិក្សា​តាំងពី​តូចក្រូចឆ្មារ​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​បានទទួល​ការសិក្សា​មកពី​ក្រៅប្រទេស ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដែល​គេ​ហៅថា អំណាច​ទន់​ធ្វើឱ្យ​ប្រជាជន​យល់ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព​សង្គម​ពីអ្វី​ដែល​បាន​កើតឡើង ហើយ​អ្វីដែល​នឹង​អាច​កើតឡើង ដើម្បីឱ្យ​ពួកគេ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សម្រេចចិត្ត​ទាំង​ផ្នែក​នយោបាយ ការទូត សន្ដិសុខ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ក៏​ដូចជា​កិច្ចការផ្ទាល់ខ្លួន និង​ផ្សេងៗ​ទៀត​។ និយាយបាន​ម្យ៉ាងវិញទៀត តាមរយៈ​ការទទួលបាន​ព័ត៌មាន​ពិតជា​ធាតុ​ចូល វា​អាចជួយ​ដល់​អ្នកអាន​គ្រប់​ប្រភេទ ស្វែងយល់ ពិចារណា​វិភាគ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ពួកគេ​ក្នុង​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អ្វីមួយ នៅពេល​ខាងមុខ​។

តើ​អាជីព​ជា​អ្នកសារព័ត៌មាន​បាន​ធ្វើឱ្យ​លោក​ផ្លាស់ប្តូរ ក៏​ដូចជា​រីកចម្រើន​អ្វីខ្លះ​?

វិស័យ​សារព័ត៌មាន​នេះ វា​ជួយ​ឱ្យ​ខ្ញុំ​មាន​ការរីកចម្រើន មិន​ត្រឹមតែ​កម្រិត​ជាតិ ក៏ប៉ុន្តែ​កម្រិត​អន្តរជាតិ​នៅក្នុង​ន័យ​ថា កម្រិត​ជាតិ​គឺ ខ្ញុំ​បាន​យល់​ច្រើន​ទៅលើ​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ដំណើរការ​វិវឌ្ឍន៍​ពី​របប​ ១ មកកាន់​របប​ ១ វប្បធម៌​នយោបាយ​នៅ​កម្ពុជា ចរិត​អ្នក​នយោបាយ និង​មេដឹកនាំ​កម្ពុជា​ក៏ដូចជា ការយល់ឃើញ​របស់​ប្រជាជន​កម្ពុជា​ពី​ ១​ ជំនាន់​ទៅ​ ១​ ជំនាន់​។ តាមរយៈ​ការងារ​នេះ បាន​ធ្វើឱ្យ​ខ្ញុំ​ក្លាយទៅជា​មនុស្ស​ម្នាក់​ដែល​បើក​ចិត្ត​ទូលាយ ហើយ​ឱ្យមាន​ការចូលរួម​លក្ខណៈ​ជា​បរិយាប័ន្ន​។

ក្រៅពីនោះ តាមរយៈ​ការងារ​ជា​អ្នកកាសែត​ធ្វើឱ្យ​ខ្ញុំ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​នយោបាយ​ការបរទេស នយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត​។ ល​។ យើង​ត្រូវតែ​ចាំ​ថា សារព័ត៌មាន​នេះ គ្របដណ្ដប់​លើ​គ្រប់​វិស័យ​ទាំងអស់​ទាំង​ផ្នែក​សង្គមកិច្ច សេដ្ឋកិច្ច យោធា សន្តិសុខ បរិស្ថាន កីឡា វប្បធម៌​។ ល​។

តើ​លោក​ចាប់ផ្តើម​បម្រើ​ការងារ​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​ណា​? ហេតុអ្វី​លោក​ងាក​មក​បម្រើ​ការងារ​នេះ​វិញ​?

ខ្ញុំ​ចាប់ផ្តើម​បម្រើ​ការងារ​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០០៩​។

ខ្ញុំ​បាន​បម្រើ​ការងារ​នៅក្នុង​វិស័យ​ឯកជន​ផ្នែក​សារព័ត៌មាន រាប់បញ្ចូល​ទាំង​ជា​អ្នកឆ្លើយឆ្លង​សរសេរ​ព័ត៌មាន​ឱ្យ​ទីភ្នាក់ងារ​​រ៉យទ័រ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ជាង​ ១០ ​ឆ្នាំ​។ ទន្ទឹមនឹង​នេះដែរ ខ្ញុំ​ក៏​ចង់​ចូលរួម​នៅក្នុង​វិស័យ​សាធារណៈ ក៏ដូចជា​ការចែករំលែក​បទពិសោធ ជាមួយ​មន្ត្រី​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​អំពី​របៀប​ដែល​អ្នកកាសែត​ធ្វើការ ការគ្រប់គ្រង​រំហូរ​ព័ត៌មាន និង​បង្កើន​ទំនាក់ទំនង​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​រវាង​អ្នកសារព័ត៌មាន និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ដើម្បី​ចៀសវាង​ការយល់​ច្រឡំ ឬ​ខ្វែងយោបល់​ណាមួយ​កើតចេញ​មកពី​ការមិនយល់​គ្នា​ទៅវិញទៅមក​រវាង​តួនាទី​ជា​អ្នកកាសែត និង​អ្នកនាំពាក្យ​។

ជា​មន្ត្រី​អ្នកនាំពាក្យ តើ​លោក​ជួប​ការលំបាក​អ្វីខ្លះ​?

តាមពិត គ្មាន​ការងារ​ណាមួយ​ស្រួល​នោះទេ ការងារ​ទាំងអស់​សុទ្ធ​តែ​ធ្វើ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ការពារ​ផលប្រយោជន៍​រាជរដ្ឋាភិបាល និង​ប្រជាជាតិ​ខ្លួន​។ អ្វីដែល​ខ្ញុំ​យល់ឃើញថា ជាការ​ពិបាក​ខ្លះ​នោះ គឺ​ពេលខ្លះ​ទាំង​អ្នកកាសែត​សួរ​សំណួរ​មួយចំនួន​ទាក់ទង​ទៅនឹង​ការងារ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ខ្ញុំ ការងារ​ដែល​ខ្ញុំ​មិនដឹង ការងារ​ដែល​ទាក់ទង​ទៅនឹង​សន្តិសុខ​របស់​ប្រទេស​ជាតិ ឬ​ការងារ​ប្រជុំ​ផ្ទៃក្នុង​ដែល​ខ្ញុំ​មិនអាច​ឆ្លើយបាន​។

ក្រៅពីនេះ លោក​ក៏​ជា​អ្នកសរសេរ​សៀវភៅ​ផងដែរ​។ តើ​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​លោក​ក្លាយជា​អ្នកសរសេរ​សៀវភៅ​?

មាន​ហេតុផល​មួយចំនួន​ដែល​ញ៉ាំង​ចិត្ដ​ខ្ញុំ​ឱ្យ​សរសេរ​សៀវភៅ​។ ទី​ ១ ​ខ្ញុំ​ចង់​រំឭក​រឿង​អតីតកាល​ធ្វើឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​យល់​កាន់តែ​ស៊ីជម្រៅ តើ​កត្តា​អ្វីខ្លះ ដែល​រួមចំណែក​ឱ្យមាន​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។ ខ្ញុំ​ចង់ឱ្យ​មនុស្ស​ជំនាន់​ក្រោយ កាន់តែ​ចេះ​ត្រិះរិះ​ពិចារណា​ដើម្បី​ចៀសវាង​ពី​ការដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​អាក្រក់​។ ខ្ញុំ​ក៏​ចង់ឱ្យ​អ្នកអាន​សៀវភៅ​របស់ខ្ញុំ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ដែល​ខ្ញុំ​សរសេរ​ជា​ភាសា​អង់គ្លេស​ ឱ្យ​ពួកគេ​កាន់តែ​យល់​បន្ថែមថា តើ​អ្វីដែល​គួរ​ធ្វើ​នៅពេល​បច្ចុប្បន្ននេះ ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា​ទៅ​ពេលអនាគត​។

សៀវភៅ​ខ្លះទៀត​ខ្ញុំ​សរសេរ​ជា​ប្រលោមលោក​បែប​នយោបាយ​ប្រវត្តិសាស្ត្រ លក្ខណៈ​ប្រពៃណី រឿងហេតុ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ទាក់ទង​ទៅនឹង​នយោបាយ​ការទូត សេដ្ឋកិច្ច និង​ចំណុច​ដទៃៗ​ទៀត ពីព្រោះ​កាលណា​យើង​សរសេរ​តែ​ប្រវត្តិសាស្ត្រ​សុទ្ធសាធ​នោះ​ធ្វើឱ្យ​អ្នកអាន​មាន​ការធុញថប់​ថា​ជា​រឿង​ដដែល​។

ក៏ប៉ុន្តែ​នៅពេលនេះ​យើង ច្របាច់​រឿង​ប្រវត្តិសាស្ត្រ​ធ្វើឱ្យ​ទៅជា​រឿង​ប្រលោមលោក​ដូចជា​ខ្សែភាពយន្ត ជា​សិល្បៈ​ដើម្បី​ទាក់ទាញ​អ្នកអាន​។ ខ្ញុំ​គិតថា អ្នកអាន​នឹង​អាច​ចងចាំ​រឿង​អតីតកាល ហើយ​អាច​ត្រិះរិះ​ដើម្បី​កុំឱ្យ​ស្រមោល​ដ៏​រន្ធត់​អតីតកាល​ត្រឡប់មក​សាជាថ្មី​។

អ៊ីចឹង​ហើយ​បានជា​នៅក្នុង​រឿង​ប្រលោមលោក​របស់ខ្ញុំ​ដូចជា «​ប្រយុទ្ធ​សត្រូវ ប្រទះ​ស្នេហ៍​» ​និង «​ស្នេហ៍​វែង​អន្លាយ ជីវិត​ខ្លី​» ​សុទ្ធតែ​ដាក់បញ្ចូល​គ្នា​នូវ​រឿងរ៉ាវ​នយោបាយ​ពី​អតីតកាល​នៃ​សង្គម-កម្ពុជា វប្បធម៌ ប្រពៃណី ការ​រស់នៅ​របស់​ប្រជាជន​ខ្មែរ ការជ្រៀតជ្រែក​ពី​បរទេស ក៏ដូចជា​ការយល់ឃើញ​របស់​ប្រជាជន និង​គំនិត​អ្នកដឹកនាំ​ក្នុង​របប​នីមួយៗ​ដែល​ខ្ញុំ​ជឿថា ការប្រើ​ភាសា​អង់គ្លេស​បែប​សាមញ្ញ​នៅក្នុង​សៀវភៅ​ទាំងអស់នេះ អាចរួមចំណែក​ជា​ផ្នែក​មួយ​នៃ​ការអប់រំ​ទឹកចិត្ត​មនុស្ស​ឱ្យ​ស្រឡាញ់​សន្ដិភាព មនុស្សធម៌ និង​រួម​រស់នៅ​ជាមួយ​គ្នា​ក្នុងសង្គម​ដែលមាន​សុខដុមរមនា​។

តើ​បទពិសោធ​ជា​អ្នក​សារព័ត៌មាន​បាន​ជួយ​លោក​អ្វីខ្លះ នៅក្នុង​ការងារ​ជា​មន្ត្រី​អ្នកនាំពាក្យ និង​ការងារ​សរសេរ​សៀវភៅ​?

​ការងារ​ជា​អ្នកកាសែត​នៅ​ទីភ្នាក់ងារ​រ៉យទ័រ Reuters អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ ខ្ញុំ​បាន​សម្ភាស​មនុស្ស​ច្រើន​ប្រភេទ​នៅក្នុង​សង្គម​គ្របដណ្ដប់​ទៅលើ​វិស័យ​ជាច្រើន ជាពិសេស​នយោបាយ​ការបរទេស សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​នៅ​កម្ពុជា​។

ការងារ​ទាំងអស់នេះ​បានផ្ដល់​ចំណេះដឹង​ដល់​ខ្ញុំ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅលើ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​របៀប​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល វប្បធម៌​នយោបាយ និង​ការងារ យុទ្ធសាស្ត្រ​នយោបាយ​របស់​កម្ពុជា និង​យល់​អំពី​យុទ្ធសាស្ត្រ​នយោបាយ​របស់​មហាអំណាច​មកលើ​កម្ពុជា​ទាំង​វិស័យសេដ្ឋកិច្ច សន្ដិសុខ​យោធា​។ ទាំងអស់នេះ​គឺជា​ធាតុ​ចូល ដោយ​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការនិយាយ​ក្នុងឋានៈ​ជា​អ្នកនាំពាក្យ នៅពេល​ដែល​និយាយ​ទៅកាន់​អ្នកកាសែត ពីព្រោះ​អ្នកនាំពាក្យ គឺជា​សម្ដី​តំណាង​ឱ្យ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​មួយ​។ ដូច្នេះ​ជា​អ្នកនាំពាក្យ​ធ្វើការ​បម្រើឱ្យ​រដ្ឋាភិបាល​ហើយ​ត្រូវតែ​គោរព​គោលការណ៍ និង​នយោបាយ​សំឡេង​តែមួយ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ខ្លួន​ធ្វើការ​ជាមួយ​។

តើ​លោក​បាន​សរសេរ​សៀវភៅ​ប៉ុន្មាន​ក្បាល​ហើយ​? ហើយ​មាន​ចំណង​ជើង​អ្វីខ្លះ​?

ខ្ញុំ​បាន​សរសេរ​សៀវភៅ​ចំនួន ​៤​ ក្បាល​ហើយ​។ សៀវភៅ​ទី ​១៖ កត្តារួម​ចំណែក​ឱ្យមាន​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ពី​ទសវត្សរ៍​ ៥០ ដល់ ៨០ ​ជាង​មាន​ចំណងជើង​តូច​បន្ថែម​ពីក្រោម​ដាក់ថា មេរៀន​កាលពីមុន និង​ឥឡូវនេះ​។ សៀវភៅ​ទី​ ២៖ សៀវភៅ​ប្រលោមលោក​នយោបាយ​ដែលមាន​ចំណងជើង​ថា «​ប្រយុទ្ធ​សត្រូវ ប្រទះ​ស្នេហ៍​»​។ សៀវភៅ​ទី​ ៣៖ ប្រលោមលោក​នយោបាយ​ដែលមាន​ចំណងជើង​ថា «​ស្នេហ៍​វែងអន្លាយ ជីវិត​ខ្លី​» ​និង​សៀវភៅ​ទី​ ៤ ជា​សៀវភៅ​មាន​ចំណងជើង​ថា «​អនុស្សាវរីយ៍ រឿងរ៉ាវ​នយោបាយ​, សង្គ្រាម​, និង​ស្នេហា​»​។

តើ​លោក​មាន​គម្រោង​សរសេរ​សៀវភៅ​អ្វី​បន្ថែមទៀត​ទេ​នៅពេល​បន្ទាប់​?

សៀវភៅ​ដែល​ខ្ញុំ​រំពឹងទុក​ថា​នឹង​សរសេរ​បន្ត​នៅពេល​បន្ទាប់​គឺ​និយាយ​អំពី​កម្ពុជា​ថ្មី​នៅក្នុង​បរិបទ​ថ្មី​នៃ​សកលភាវូបនីយកម្ម ផ្ដោត​ទាំង​នយោបាយ ការងារ​នយោបាយ​ផ្ទៃក្នុង​កម្ពុជា នយោបាយ​ការបរទេស​ក៏ដូចជា​តួនាទី​របស់​កម្ពុជា​នៅក្នុង​ឆាក​អន្តរជាតិ​៕