ភ្នំពេញៈ នៅក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក អូស្ត្រាលី និងកម្ពុជាសម្រេចបានរួមគ្នានូវសមិទ្ធផលជាច្រើន ដែលវាជាដំណើរដ៏វែងឆ្ងាយ ហើយអូស្ត្រាលីរីករាយរង់ចាំបន្តកិច្ចសហប្រតិបត្តិការនេះជាមួយកម្ពុជានៅរយៈពេលលើសពី ៧០ ឆ្នាំទៅមុខទៀត។
នេះជាការលើកឡើងរបស់លោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាក្នុងពិធីប្រារព្ធទិវាបុណ្យជាតិអូស្ត្រាលី និងខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីនាយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២។ ពិធីនេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល ស្ថាប័នការទូត សង្គមស៊ីវិល និងវិស័យឯកជនដែលប្រារព្ធធ្វើឡើងនាគេហដ្ឋានរបស់លោក។
លោកបានមានប្រសាសន៍ថា៖ «ក្រឡេកមើលពីសមិទ្ធផលជាច្រើន ដែលអូស្ត្រាលី និងកម្ពុជាសម្រេចបានរួមគ្នាក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះ យើងឃើញថា វាជាដំណើរដ៏វែងឆ្ងាយ។ អូស្ត្រាលីរីករាយរង់ចាំបន្តកិច្ចសហប្រតិបត្តិការនេះជាមួយកម្ពុជានៅរយៈពេល ៧០ ឆ្នាំបន្តទៅមុខទៀត និងរាប់ឆ្នាំលើសពីនោះទៅទៀត»។
លោក ផាប្លូ កាង បន្តថា៖ «ឆ្នាំនេះ យើងរីករាយរង់ចាំជួយគាំទ្រអាទិភាពរបស់កម្ពុជា នៅក្នុងឆ្នាំដែលកម្ពុជាជាប្រធានអាស៊ាន។ លើសពីនេះ រឿងរ៉ាវរបស់យើង ជារឿងរ៉ាវនៃការរីកចម្រើនទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជន និងប្រជាជន និងជាទំនាក់ទំនងរឹងមាំ និងឆ្ពោះទៅមុខ។ យើងមានមូលហេតុធំចម្បងៗជាច្រើន ដែលធ្វើឱ្យយើងប្រារព្ធខួបនេះជាមួយគ្នា»។
ទិវាបុណ្យជាតិអូស្ត្រាលីជាទិវាជាតិផ្លូវការរបស់ប្រទេសអូស្ត្រាលីដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៦ ខែមករា។ ទិវាបុណ្យជាតិអូស្ត្រាលីជាទិវាមួយ ដើម្បីធ្វើការគិតអំពីអត្ថន័យក្នុងនាមជាជនជាតិអូស្ត្រាលី ព្រមទាំងធ្វើការអបអរអូស្ត្រាលីសហសម័យ និងទទួលស្គាល់ប្រវត្តិសាស្ត្រផងដែរ។ វាជាឱកាសមួយដើម្បីឆ្លុះបញ្ចាំង គោរព និងភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនអូស្ត្រាលីទាំងអស់។
ស្ថានទូតអូស្ត្រាលីបានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ឆ្នាំនេះដោយសារកម្ពុជា និងអូស្ត្រាលីធ្វើការប្រារព្ធខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងទ្វេភាគី ទិវាបុណ្យជាតិអូស្ត្រាលីក៏ជាឱកាស ដើម្បីឆ្លុះបញ្ចាំងពីទំនាក់ទំនងរបស់ប្រទេសអូស្ត្រាលីជាមួយកម្ពុជាផងដែរ។ ជនជាតិអូស្ត្រាលីជាង ៦៦ ០០០ នាក់ដែលមានដើមកំណើតខ្មែរបានចូលរួមចំណែកជាខ្លាំង ដល់លទ្ធិប្រជាធិបតេយ្យពហុវប្បធម៌ដ៏រស់រវើករបស់ប្រទេសអូស្ត្រាលី។
លោក ផាប្លូ កាងមានប្រសាសន៍ថា៖ «នាពេលចាប់ផ្តើមទំនាក់ទំនងរបស់យើង ក៏ដូចជាពេលនេះ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនអូស្ត្រាលីបានពង្រឹងទំនាក់ទំនងរបស់យើង។ យើងបាននិងកំពុងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរបស់យើងធ្វើឱ្យប្រសើរឡើងនូវកំណើនប្រកបដោយចីរភាព និងរក្សាស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ»។
នាឱកាសនោះដែរលោក ឯកអគ្គរាជទូតក៏បានរំលេចឡើងពីការជួយគាំទ្រលើប្រព័ន្ធសុខាភិបាលពីប្រទេសអូស្ត្រាលីមកដល់ប្រទេសកម្ពុជាអស់រយៈពេលជាយូរមកហើយ រួមទាំងក្នុងអំឡុងពេលមានជំងឺរាតត្បាតដោយកូវីដ ១៩ នេះផងដែរ។
លោកថា អូស្ត្រាលីបានផ្តល់ថវិកាចំនួន ៣៥,៧ លានដុល្លារ ដើម្បីជួយដល់ការទទួលបានវ៉ាក់សាំង និងជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ជាតិនៅក្នុងប្រទេសកម្ពុជា។ អូស្ត្រាលីបានផ្តល់វ៉ាក់សាំង Pfizer-BioNtech ចំនួនជាង ២,៣៥ លានដូសផងដែរ ដើម្បីជួយការពារប្រជាជនកម្ពុជាពីវីរុសនេះ។
លោក ផាប្លូ កាង បានថ្លែងថា៖ «យើងក៏កំពុងធ្វើការជាមួយ អង្គការយូនីសេហ្វអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដើម្បីចែករំលែកព័ត៌មានត្រឹមត្រូវអំពីជំងឺកូវីដ ១៩ និងអំពីវ៉ាក់សាំងនៅទូទាំងប្រទេសកម្ពុជាព្រមទាំងទិញសឺរ៉ាំង ផ្តល់ដំបូន្មានបច្ចេកទេស និងធានាថា ជនមានពិការភាព និងក្រុម-ងាយរងគ្រោះផ្សេងទៀត ត្រូវបានរួមបញ្ចូលនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ»។
លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ របស់អាជ្ញាធរមីនដែលបានចូលរួមក្នុងទិវាបុណ្យជាតិអូស្ត្រាលី និងខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីនេះបានលើកឡើងថា ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងអូស្ត្រាលីតាំងពីឆ្នាំ ១៩៥២ បានឈានចូលដល់ដំណាក់កាលនៃមិត្តភាពជាប្រវត្តិសាស្ត្រ។
លោកថ្លែងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ថា ទោះបីជាប្រទេសទាំង ២ ប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយក៏ទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើងបានសាកល្បងពេលវេលា ហើយត្រូវបានធ្វើឱ្យមានភាពចម្រុះ និងពង្រឹងយ៉ាងធំធេងលើវិស័យជាច្រើនរាប់ចាប់ពីការអភិវឌ្ឍនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចសង្គមសម្រាប់យើង»។
លោក លី ធុជ មានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំនៃប្រទេសទាំង ២ ដែលពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន និងអូស្ត្រាលីក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលីដើម្បីជំរុញទំនាក់ទំនងកាន់តែទូលំទូលាយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់៕