ភ្នំពេញៈ លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​ដឹងថា ផែនការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ក្រសួង​បានដាក់​ចេញ​ក្នុង​សន្និបាត​ឆ្នាំ​ ២០២០ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២១ គឺ​សម្រេចបាន​ ៨០ ​ភាគរយ ខណៈ​លោក​ណែនាំ​ឱ្យ​មន្ត្រីក្រោមឱវាទ​បន្ត​រឹតបន្តឹង​គុណភាព​ផ្លូវ​ឱ្យ​បាន​ហ្មត់ចត់​បន្តទៀត នៅក្នុង​ឆ្នាំ​ ២០២២ នេះ​។

លោក​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ «​ការធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​ការងារ​សាងសង់ និង​ថែទាំ​ផ្លូវស្ពាន​ឱ្យមាន​គុណភាព ដោយ​ផ្តោតលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​» កាលពី​ថ្ងៃទី​ ២៧ ខែមករា​។

លោក​ ស៊ុន ចាន់ថុល​ថ្លែងថា​៖ «​យើង​មិនបាន​ធ្វើឱ្យ​ចប់សព្វគ្រប់​ ១០០ ​ភាគរយ​នៃ​ទិសដៅ​ការងារ​ដែល​យើង​បាន​ដាក់ចេញ​កាលពី​ឆ្នាំ​ ២០២០ ទេ ព្រោះ​មាន​សកម្មភាព​ច្រើន​។ បើ​យើង​បូកសរុប​ការងារ​ដែល​យើង​ធ្វើបាន និង​កំពុងតែ​ធ្វើ​គឺ​បាន​ប្រហែល ៨០ ​ភាគរយ​។ ចំណែក ២០ ​ភាគរយ​ទៀត មិនទាន់បាន​ចាប់ផ្តើម​ដោយសារតែ​មាន​ការរាលដាល​ពី​ជំងឺ​កូវីដ ១៩​ផងដែរ​»​។

យ៉ាងណាក្តី​លោក​បញ្ជាក់ថា បើទោះជា​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​ក្តី ក៏​វិស័យ​សាធារណការ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម នៅតែ​បន្តសកម្មភាព និង​ការអនុវត្ត​គម្រោង​តូចធំ​បាន​យ៉ាងច្រើន​ដោយ​ប្រើប្រាស់​ទាំង​ថវិកាជាតិ និង​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា ដោយ​ពុំ​មាន​ការផ្អាក ឬ​ពន្យារពេល​ឡើយ​។

សម្រាប់​ឆ្នាំ​ ២០២២ ​នេះ លោក​ ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោមឱវាទ បន្ត​រឹតបន្តឹង​គុណភាព​ផ្លូវ​ឱ្យបាន​ហ្មត់ចត់ បន្ត​បណ្ដុះបណ្ដាល​ធនធានមនុស្ស ឱ្យមាន​សមត្ថភាព​អាច​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព និង​បន្ត​សាងសង់ ជួសជុល ថែទាំ​ផ្លូវ ដោយ​ផ្ដោតលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ធ្វើការ​ឱ្យ​មាន​ប្រសិទ្ធភាព គុណភាព កុំ​ធ្វើការងារ​ដដែលៗ ធ្វើ​ម្ដង​ធ្វើឱ្យបាន​ចប់សព្វគ្រប់​។

បន្ថែម​ពីនេះ​លោក​ក៏បាន​ជំរុញឱ្យមាន​ការខិតខំ​ផ្ដល់​សេវា​សាធារណៈ​ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ​នៅតាម​ដាន​ស្ថានីយ​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​ទំនិញ លើស​ទម្ងន់​កម្រិត​កំណត់ និង​ទីតាំង​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ និង​គ្រប់គ្រង​ការងារ​សាងសង់​ផ្លូវ​ស្ពាន​ឱ្យមាន​គុណភាព ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​គម្រោង​ដែល​នៅ​សេសសល់ និង​គម្រោង​ដែល​បានដាក់​ចេញ​ថ្មីៗ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា អង្គសន្និបាត ពិសេស​ថ្នាក់ដឹកនាំ​ក្រសួង ទីប្រឹក្សា តំណាង​មកពី​អគ្គនាយកដ្ឋាន និង​អង្គភាព​ជំនាញ និង​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត ត្រូវយក​ចិត្ដ​ទុកដាក់​រួមគ្នា ពិនិត្យ​ពិភាក្សា​អំពី​ចំណុចខ្លាំង​ចំណុចខ្សោយ បញ្ហា​ប្រឈម និង​សំណូមពរ​នៃ​ប្រធានបទ​របស់​សន្និបាត​ឱ្យបាន​ផុលផុស​។ លោក​បន្ថែមថា​៖ «​ព្រមទាំង​ពិភាក្សា​បន្ថែម​នូវ​បញ្ហា និង​ការងារ​សំខាន់ៗ​ជា​គន្លឹះ និង​ផ្តល់​ជា​យោបល់ និង​ធាតុ​ចូល​បន្ថែម​ទៅលើ​លទ្ធផល​នៃ​សកម្មភាព​ការងារ អនុវត្ត​ក្នុង​អនុវិស័យ និង​ជំនាញ​របស់ខ្លួន និង​លើក​វិធាន​ការចាំបាច់ ដែល​ត្រូវ​កែលម្អ កែទម្រង់ និង​អនុវត្ត​នៅ​ឆ្នាំ​ ២០២២ និង​នៅ​បណ្តា​ឆ្នាំ​ខាងមុខ​»​។

តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​ឱ្យដឹងថា គិត​មកទល់​បច្ចុប្បន្ន បណ្តាញ​ផ្លូវជាតិ និង​ផ្លូវ​ជនបទ​បាន​ស្ថាបនា​ដោយ​ចាក់​កៅស៊ូ និង​បេតុង​រួច​ប្រមាណ​ជាង ១៥ ០០០ ​គីឡូម៉ែត្រ ហើយ​ក្រសួង​បាន និង​កំពុង​លើក​កម្រិត​គុណភាព​ពី​កៅស៊ូ​ ២​ ស្រទាប់​ (DBST) ទៅ​បេតុង​កៅស៊ូ​ (AC) និង​ពង្រីក​ពី​ ២ ​គន្លង ទៅ​ ៤ ​គន្លង​នៅតាម​ខ្សែ​ផ្លូវ​អាទិភាព​មួយចំនួន​។

ដោយឡែក​កំណើន​រថយន្ត និង​ទោចក្រយានយន្ត​ដែល​ចរាចរ​នៅតាម​ដងផ្លូវ​នាពេល​បច្ចុប្បន្ន​ធៀប​នឹង​ឆ្នាំ​ ១៩៩៨ ចំនួន​រថយន្ត មាន​ការកើនឡើង​ប្រមាណ​ពី ៦៥ ០០០ ​គ្រឿង រហូតដល់ ៩២ ​ម៉ឺន​គ្រឿង រីឯ​ចំនួន​ទោចក្រយានយន្ត​វិញ កើនឡើង​ប្រមាណ​ពី ២០ ​ម៉ឺន​គ្រឿង រហូតដល់ ៥,២ ​លាន​គ្រឿង​។ នេះ​បើតាម​របាយការណ៍​ដដែល​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា បើទោះជា​ផែនការ​គោលដៅ​របស់​ក្រសួង​មិនបាន​អនុវត្តបាន​ ១០០ ភាគរយ​ក៏ប៉ុន្តែ លោក​មើលឃើញ​ថា ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ដាក់បញ្ចូល​គំនិត​ផ្តើម​ថ្មី ដែលជា​សេចក្តី​ត្រូវការ​របស់​សាធារណជន ក៏​ដូចជា​រូបលោក​ផ្ទាល់​ផងដែរ ដោយ​ធ្វើយ៉ាងណា ដើម្បី​បម្រើ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ចូន​។

លោកបាន​បញ្ជាក់​​ថា​៖ «​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ក្រសួង​សាធារណការ ក៏​ដូច​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ឱ្យមាន​គំនិត​ផ្តួចផ្តើម​ថ្មីៗ​បែបនេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​បង្ក​ឱកាស​សម្រាប់​ការយល់ដឹង និង​ការចូលរួម​ក្នុងការ​ផ្តល់​មតិ​ត្រឡប់​ពី​ប្រជាពលរដ្ឋ​របស់​យើង​ក្នុងការ​រួមចំណែក​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​»​។

លោក​មើលឃើញ​ដែរ​ថា បញ្ហា​កូវីដ​ ១៩ បានធ្វើឱ្យ​ការអនុវត្ត​សកម្មភាព​ការងារ​ជាច្រើន​ត្រូវបាន​ពន្យារពេល និង​អាក់ខាន​ផងដែរ ដែល​ធ្វើឱ្យ​សកម្មភាព​របស់​ក្រសួង​មិនអាច​សម្រេចបាន ១០០ ​ភាគរយ​តាម​ផែនការ ប៉ុន្តែ​លោក​សង្ឃឹមថា នៅពេល​ប្រទេសជាតិ​វិល​មករក​ប្រក្រតីភាព​ពេល​លេញ ក្រសួង​នឹង​បន្ត​បំពេញ​ការងារ​ដែល​នៅ​សេសសល់ និង​ផ្តួចផ្តើម​បង្កើត​គំនិត​ថ្មី​បន្តទៀត ដើម្បី​បម្រើ​ដល់​វិស័យនេះ​៕