កំពង់ធំៈ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានបញ្ជាក់ថា នៅពេលខាងមុខឆាប់ៗនេះ លោកគ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវប្រវែង ១២ គីឡូម៉ែត្រ ហើយនឹងរៀបចំបណ្ដាញប្រព័ន្ធរំដោះទឹក និងប្រឡាយទឹកសម្រាប់អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបែបនេះ ខណៈពេលដែលលោកបានចុះត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ១៤១ គ្រួសារកាលពីថ្ងៃទី ២៦ ខែមករានេះ ក្រោយពេលដែលបងប្អូនទាំងនោះទទួលបានលើដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីឆ្នាំ ២០២១ កន្លងមក។ បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីអាចរស់នៅប្រកបមុខរបរ និងដាំដុះដំណាំផ្សេងៗ អតីតយុទ្ធជនកាន់តែមានជីវភាពធូរធារជាងមុន។ នេះបើយោងតាមក្រសួងព័ត៌មាន។
អតីតយុទ្ធជនមួយគ្រួសារទទួលបានផ្ទះថ្មី ១ ខ្នង និងដីសម្បទានសង្គមកិច្ច ១ ហិកតាកន្លះ ដើម្បីដាំដំណាំបង្កបង្កើនផល ចិញ្ចឹមសត្វដោះស្រាយជីវភាពគ្រួសារ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ តំបន់នោះនៅមិនទាន់មានផ្លូវ ទឹកស្អាត និងអគ្គិសនី សម្រាប់ប្រើប្រាស់នៅឡើយ។
សមាគមអតីតយុទ្ធជនកម្ពុជាក៏បានផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចំនួន ៦២៨ គ្រួសារដែលមានផ្ទៃដីសរុបទំហំ ៩២៤ ហិកតា ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរកាលពីឆ្នាំ ២០២១។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្រសួងបានចុះពិនិត្យទីតាំងដីដែលរដ្ឋបាលខេត្តព្រះវិហារស្នើសុំកាត់ទំហំសរុប ៦ ៣៨៤ ហិកតា ចេញពីដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់គោលដៅសម្បទានដីសង្គមកិច្ចជូនគ្រួសារយោធិននៃកងពលតូចអន្តរាគមន៍លេខ ៧។ បន្ថែមលើនេះ ក្រុមការងារក្រសួងបានចុះពិនិត្យទីតាំងដីដែលរដ្ឋបាលខេត្តពោធិ៍សាត់ស្នើសុំអនុបយោគដីទំហំ ១ ១៣០ ហិកតា កាត់ ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សម្រាប់អនុវត្តគម្រោងសម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំង និងគ្រួសារ៕