ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានជ្រើសរើសជាជយលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ ដែលនឹងត្រូវប្រគល់នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំនេះនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដែលពានរង្វាន់នេះត្រូវបានសម្រេចផ្តល់ជូនដោយមូលនិធិសន្តិភាពស៊ុនហាក់។
យោងតាមលិខិតរបស់លោក Thomas G. Walsh ប្រធានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់បានផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ឱ្យដឹងថា លោក ហ៊ុន សែន ត្រូវបានជ្រើសរើសជាជយលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២។
លោក Thomas G. Walsh បានលើកឡើងថា៖ «សម្តេចតេជោត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល»។
ប្រធានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់រូបនេះបានបន្តថា ជាងនេះទៅទៀត គណៈកម្មាធិការទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន សែន ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។
លោក Thomas G. Walsh បានបញ្ជាក់ថា៖ «ហេតុដូច្នេះហើយ មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូនសម្តេចតេជោនូវពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់សម្តេចតេជោក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ»។
ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ដែលអាចជាគំរូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពានរង្វាន់សន្តិភាពស៊ុនហាក់គឺជាពានរង្វាន់សន្តិភាពអន្តរជាតិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដើម្បីរំឭកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម្ស៉ុនមូន និងលោកស្រី បណ្ឌិត ហាក់ ចា ហាន់ មូន។
លោក Thomas G.Walsh បានលើកឡើងទៀតថា៖ «គណៈកម្មាធិការជ្រើសរើសជយលាភី ពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការដែលសម្តេចតេជោយល់ព្រមទទួលយកពានរង្វាន់នេះ និងផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយផ្ទាល់នឹងថ្លែងសារនៃក្តីសង្ឃឹមសម្រាប់អនាគតដ៏សុខសាន្តរបស់មនុស្សជាតិផងដែរ»។
គណៈកម្មការពានរង្វាន់សន្តិភាពស៊ុនហាក់ សង្ឃឹមថានឹងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយលោក ហ៊ុន សែន ផ្ទាល់ក្នុងការកសាងពិភពលោកមួយពោរពេញដោយសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។
ទាក់ទងនឹងការផ្តល់ពានរង្វាន់សន្តិភាពនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីថ្ងៃ ៣០ មករាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាតួអង្គសំខាន់សម្រាប់សន្តិភាពនៅកម្ពុជា ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ ហើយលោកបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដែលធ្វើឱ្យកម្ពុជាបានសន្តិភាពពេញលេញ។
លោក គិន ភា បានបញ្ជាក់ថា៖ «ខ្ញុំយល់ថា ការផ្តល់នូវពានរង្វាន់សន្តិភាពជូនដល់សម្តេចនេះជារឿងត្រឹមត្រូវសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចក្នុងការនាំយកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ សម្តេចក៏បានចូលរួមចំណែកច្រើនផងដែរក្នុងក្របខ័ណ្ឌកម្ពុជា ក្នុងបេសកកម្មសន្តិភាពពិភពលោកតាមរយៈអង្គការសហប្រជាជាតិ»។
លោកបានបន្តថា កម្ពុជាបានបញ្ជូនកម្លាំងរក្សាសន្តិភាព កងកម្លាំងមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិទៅកាន់ប្រទេសជាច្រើន ដែលនេះសុទ្ធតែជាកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី។ ដូច្នេះជារឿង ១ ត្រឹមត្រូវ ស័ក្តិសមនឹងគុណវុឌ្ឍិដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មាន។
យោងតាមលិខិតរបស់លោក Thomas G. Walsh បានរៀបរាប់ថា ពិធីប្រគល់រង្វាន់លើកទី ១ ដែលផ្តោតលើបញ្ហា «ការប្រែប្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូនអតីតប្រធានាធិបតីប្រទេសគីរីបាទី គឺលោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យាសាស្ត្រជលផលមកពីប្រទេសឥណ្ឌា។
ចំណែកពិធីប្រគល់ពានរង្វាន់លើកទី ២ បានផ្តោតលើបញ្ហា «វិបត្តិជនភៀសខ្លួនជាសកល» ហើយម្ចាស់ជយលាភី គឺ លោក Gino Strada ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលោក Sakena Yacoobi អ្នកអប់រំនៅអាហ្វហ្គានីស្ថាន។
រីឯពិធីប្រគល់រង្វាន់លើកទី ៣ បានផ្តោតលើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក» ដែលជយលាភីគឺលោក Akinwumi Adesina ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិកដែលបានធ្វើឱ្យការអភិវឌ្ឍវិស័យកសិកម្មនៅទ្វីបអាហ្វ្រិកមានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជនសិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍អន្តរជាតិការយល់ដឹងអំពីការវះកាត់ផ្លូវភេទស្ត្រី៕