ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាជាថ្មីម្តងទៀត កុំឱ្យភ្លេចខ្លួន និងត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានថ្លែងដូចនេះ ក្នុងឱកាសប្រគល់ទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំងកូវីដ ១៩ ប្រភេទ AstraZeneca ចំនួន ៣០ ម៉ឺនដូសពីប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញមកដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ នៅវិមានសន្តិភាព។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «សូមអំពាវនាវឱ្យប្រជាជនកម្ពុជាមិនត្រូវភ្លេចខ្លួន និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ ការពារ និង ៣ កុំ និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបន្តរក្សាឱ្យបាននូវភាពស៊ាំសហគមន៍»។
កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។ ក្នុងស្មារតីនេះ ទើបលោកតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ ១៩ ដោយផ្ទាល់ ដើម្បីសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះសន្តានចិត្តមនុស្សធម៌របស់ប្រទេសជាមិត្ត។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ជាការពិត ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ ១៩ និងបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព»។
ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងប្រមាណ ៩០ ភាគរយនៃប្រជាជនសរុបប្រមាណ ១៦ លាននាក់គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដែរថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជា ក៏ដូចជាសកលលោកទាំងមូលបាននិងកំពុងទទួលរងនូវការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ជាពិសេសប្រភេទអូមីក្រុង (Omicron) ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ក្នុងបរិការណ៍នេះការចាក់វ៉ាក់សាំងនឹងនៅបន្ត ជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ ១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញនាពេលនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺនេះ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនកម្ពុជា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស»។
នាឱកាសនោះដែរ លោកស្រី ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ (Maria del Carmen Moreno) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការចែកចាយនូវវ៉ាក់សាំងកូវីដ ១៩ AstraZeneca ចំនួន ៣០ ម៉ឺនដូសអាចធ្វើទៅបានដោយសារសាមគ្គីភាព និងចិត្តសប្បុរសរបស់ប្រជាជនប៉ូឡូញ ដែលនឹងជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការការពារប្រជាជនកម្ពុជា។
លោកស្រីថ្លែងថា៖ «វ៉ាក់សាំងទាំងនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សហគមន៍អឺរ៉ុបក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងធានាឱ្យមានលទ្ធភាពទទួលបានវ៉ាក់សាំងជាសកល ដែលជាផ្នែកនៃដំណោះស្រាយយូរអង្វែងចំពោះជំងឺរាតត្បាត។ ក្នុងការគាំទ្រសុខភាព យើងរួមចំណែកពង្រីកសមត្ថភាពស្រាវជ្រាវ និងធ្វើតេស្តនៅកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល»។
ជាមួយគ្នានេះដែរ លោក Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំកម្ពុជា បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ជំងឺរាតត្បាតកូវីដ ១៩ មិនដឹងព្រំដែនទេ។ ការទប់ស្កាត់ជំងឺរាតត្បាតតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល និងសកម្មភាពនៃសាមគ្គីភាពជាមួយប្រទេសដែលត្រូវការជំនួយ។
ឯកអគ្គរដ្ឋទូតប៉ូឡូញរូបនេះ បានឱ្យដឹងថា៖ «ការបរិច្ចាគនេះតំណាងឱ្យសាមគ្គីភាពរបស់សហភាពអឺរ៉ុបក្នុងសកម្មភាព ហើយខ្ញុំសប្បាយចិត្តដែលប៉ូឡូញអាចចូលរួមចំណែកក្នុងសកម្មភាពក្រុមអឺរ៉ុបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយពន្លឿនការស្តារឡើងវិញក្រោយជំងឺរាតត្បាត (កូវីដ ១៩)»។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា សហភាពអឺរ៉ុប រដ្ឋជាសមាជិក និងស្ថាប័នហិរញ្ញវត្ថុដែលដើរតួនាទីរួមគ្នាជា «ក្រុមអឺរ៉ុប-Team Europe» ប្រមូលផ្តុំធនធាន និងជំនាញដើម្បីរួមគ្នាដោះស្រាយផលប៉ះពាល់បំផ្លិចបំផ្លាញនៃជំងឺកូវីដ ១៩ ជុំវិញពិភពលោក។ ក្រុមអឺរ៉ុបកំពុងកៀរគរមូលនិធិបន្ថែម និងសម្របកម្មវិធីរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការរបស់ប្រទេសជាដៃគូបានយ៉ាងឆាប់រហ័ស និងស្របគ្នា ព្រោះគ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ រហូតដល់គ្រប់គ្នាមានសុវត្ថិភាព។ គិតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ១៩ ទាំងជាការបញ្ជាទិញ ការផ្តល់ជំនួយតាមរយៈយន្តការកូវ៉ាក់ និងការផ្តល់ពីប្រទេសជាដៃគូសរុបជាង ៤៣ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលគិតត្រឹមយប់ថ្ងៃទី ២៩ មករា ប្រជាពលរដ្ឋចំនួន ៨៩,៧០% ធៀបនឹងប្រជាពលរដ្ឋសរុប ១៦ លាននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេស៕