ភ្នំពេញៈ រដូវប្រាំងឆ្នាំនេះមិនខុសពីរដូវប្រាំងឆ្នាំមុននោះទេ ប្រជាពលរដ្ឋនៅតាមតំបន់ជាយរាជធានីភ្នំពេញបានចាប់ផ្ដើមនិយាយត្អូញត្អែរអំពីការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈអាកាសធាតុមានភាពក្ដៅហួតហែងខ្លាំង។ ប៉ុន្តែមន្ត្រីរដ្ឋាករទឹកស្វយ័តបានស្នើសុំឱ្យពលរដ្ឋបង្កើនភាពអត់ធ្មត់ ដោយអះអាងថា នេះជាឆ្នាំចុងក្រោយនៃការផ្គត់ផ្គង់ទឹកស្អាតនារដូវប្រាំងមានការខ្វះខាត។
លោក លី ប្រុស អាយុ ៤៩ ឆ្នាំមានទីលំនៅ ភូមិ ១៣ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបាននិយាយត្អូញត្អែរថាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់ដែលគាត់កំពុងរស់នៅមានភាពរអាក់រអួលដោយពេលខ្លះគ្មានលំហូរទឹកសូម្បី ១ តំណក់ ចេញពីក្បាលរ៉ូប៊ីណេនោះទេ ជាពិសេសនៅចន្លោះពីម៉ោង ៧ ដល់ ១០ ព្រឹក ហើយថ្ងៃខ្លះនៅពេលល្ងាចក៏មានដាច់ទឹករហូតដល់ម៉ោង ៩ យប់ផងដែរ។
លោកបានថ្លែងថា៖ «កាលពីមុនខ្ញុំសង្ស័យថាមកពីប្រជាពលរដ្ឋនៅក្នុងតំបន់របស់ខ្ញុំនាំគ្នាភ្ជាប់ម៉ូទ័របូមទឹកច្រើនពេក ទើបផ្ទះខ្ញុំបើកទឹកមិនចេញ ប៉ុន្តែនៅពេលដែលខ្ញុំតភ្ជាប់ម៉ូទ័របូមទឹកស្វ័យប្រវត្តិនោះដែរ នៅតែបើកទឹកមិនចេញ គឺអត់មានទឹកតែម្ដង ពិសេសចាប់ពីម៉ោង ៧ ដល់ម៉ោង ១០ ព្រឹក»។
យ៉ាងណាក៏ដោយនៅតំបន់ខណ្ឌឫស្សីកែវ ការផ្គត់ផ្គង់ទឹកមិនសូវជាមានបញ្ហាចោទខ្លាំងនោះទេ ដោយអ្នកប្រើប្រាស់នៅតែអាចទទួលបានទឹកស្អាតប្រើប្រាស់តាមតម្រូវការ ប្រសិនបើពួកគេមានការប្រើប្រាស់ទឹកដោយភាពសន្សំសំចៃ ខណៈនៅឯតំបន់ជាយរាជធានីភ្នំពេញមួយចំនួនទៀត រកតែទឹកអណ្ដូងប្រើប្រាស់មិនគ្រប់គ្រាន់ផង។
ប្រជាពលរដ្ឋម្នាក់ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ លោក ឃុត សុចិន្តា អាយុ ៥០ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មួយសប្ដាហ៍ចុងក្រោយនេះ នៅក្នុងតំបន់រស់នៅរបស់គាត់បានជួបប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់។ អ្នកភូមិបាននាំគ្នាទៅយកទឹកពីធុងទឹកនៅតាមសួនច្បារ ដែលធុងទឹកនោះជាជំនួយរបស់លោកឧកញ៉ា ហុង ពីវ។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបុរីកំបូល ១ ប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ «ទឹកនោះជាទឹកអណ្ដូងដែលបានបុកសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងបុរីកំបូល ១ ប៉ុន្តែវាត្រូវបានសម្បទានដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងសង្កាត់កន្ទោក ហេតុដូច្នេះហើយទើបធ្វើឱ្យពួកយើងជួបប្រឈមការខ្វះទឹកប្រើប្រាស់»។
លោក សុចិន្តា បានបន្ថែមថា៖ «នេះមិនមែនជារដូវប្រាំងដំបូង ដែលខ្វះខាតទឹកនោះទេ គឺ ៣ ឆ្នាំហើយចាប់តាំងពីខ្ញុំនិងគ្រួសារបាននាំគ្នាមករស់នៅទីនេះ»។
ថ្វីបើយ៉ាងដូច្នេះក្ដីលោករីករាយក្នុងការចែករំលែកទឹកដល់អ្នកជិតខាងរបស់លោក ដែលពួកគេមិនមានពេលគ្រប់គ្រាន់ក្នុងការចេញទៅដឹកទឹកពីស៊ីទែនទឹកដែលត្រូវបានគេដាក់នៅតាមសួនច្បារនោះ ខណៈលោកអាចចេញទៅដឹកទឹកពីទីនោះបានប្រមាណពី ៣ ប៊ីដុងទៅ ៥ ប៊ីដុងក្នុងមួយថ្ងៃ (១ ប៊ីដុងចំណុះ ៣០ លីត្រ) សម្រាប់ការប្រើប្រាស់នៅក្នុងគ្រួសាររបស់លោក ដែលមានសមាជិក ៣ នាក់។
ទន្ទឹមនឹងនោះលោក សុចិន្តា បានសំណូមពរឱ្យអាជ្ញាធររាជធានីភ្នំពេញក៏ដូចជារដ្ឋាករទឹកស្វយ័តរាជធានី-ភ្នំពេញ មេត្តាជួយផ្គត់ផ្គង់ទឹកស្អាតបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ពួកគាត់ផង ព្រោះពួកគាត់បានជួបប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់ច្រើនថ្ងៃមកហើយ។
ជុំវិញករណីនេះ លោក សំរិទ្ធ សុវិទ្យា អគ្គនាយករង រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនប្រជាជន និងការអភិវឌ្ឍផ្នែកសំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ ក្លិបកម្សាន្ត រោងចក្រសហគ្រាស បានធ្វើឱ្យតម្រូវការទឹកប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការកើនឡើងយ៉ាងគំហុក គឺ លើសពីការរំពឹងទុក។
លោកបានបន្តថា ទោះយ៉ាងណាការផលិតទឹករបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញមិនបានថយចុះនោះទេ។ ការផលិតទឹកស្អាតមានការកើនឡើងជារៀងរាល់ឆ្នាំតែនេះដោយសារតម្រូវការប្រើប្រាស់មានការកើនឡើងខ្ពស់លើសការរំពឹងទុក។ ក្នុងឆ្នាំ ២០១៦ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញផលិតទឹកស្អាតបានត្រឹមជាង ៤០ ម៉ឺនម៉ែត្រគុបប៉ុណ្ណោះ ខណៈបច្ចុប្បន្នផលិតទឹកស្អាតបានជាង ៦០ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ។
លោក សុវិទ្យា បានបញ្ជាក់ថា៖ «បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តរាជធានី-ភ្នំពេញយើងផលិតទឹកស្អាតបានប្រមាណជាង ៦០ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃប៉ុន្តែតម្រូវការទឹកស្អាតប្រើប្រាស់មានរហូតទៅដល់ជាង ៧០ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃមានន័យថា ការផ្គត់ផ្គង់ទឹកស្អាតរបស់យើង នៅមានភាពខ្វះខាតប្រមាណជាង ១០ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃ»។ «នេះជាឆ្នាំចុងក្រោយនៃរដូវក្ដៅ ដែលការផ្គត់ផ្គង់ទឹកស្អាតរបស់យើងមានភាពខ្វះខាត។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋបន្តភាពអត់ធ្មត់ និងបន្តការជួយចែករំលែកទឹកស្អាតគ្នាប្រើប្រាស់តទៅទៀត។ នៅរដូវប្រាំងឆ្នាំ ២០២៣ ខាងមុននេះ បញ្ហានេះនឹងត្រូវបានដោះស្រាយហើយ»។
បើតាមលោក សុវិទ្យា គម្រោងរោងចក្រផលិតទឹកស្អាតនៅសង្កាត់ ព្រែកលៀបខណ្ឌជ្រោយចង្វារ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៣ ហើយវានឹងជួយបង្កើនសមត្ថភាពផលិតទឹកស្អាតកើនឡើងបន្ថែមទៀត។ នៅពេលគម្រោងនេះរួចរាល់ជាស្ថាពរនោះ គេរំពឹងថា ការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញនឹងត្រូវបានដោះស្រាយ គឺនឹងគ្មានការខ្វះខាតទឹកស្អាតទៀតឡើយ។ លោកថា៖ «នៅដើមឆ្នាំ ២០២៣ រោងចក្រផលិតទឹកស្អាតថ្មីនេះ នឹងអាចផលិតទឹកបាន ២០ ម៉ឺនម៉ែត្រគុបបន្ថែមទៀត ហើយនៅចុងឆ្នាំ ២០២៣ ផលិតបាន ២០ ម៉ឺនម៉ែត្រគុបទៀត ដូច្នេះនៅចុងឆ្នាំ ២០២៣ យើងអាចផលិតទឹកស្អាតបានរហូតដល់ជាង ១ លានម៉ែត្រគុប»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះបានជំរុញឱ្យរដ្ឋបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមដោះស្រាយ និងត្រូវមានរថយន្តដឹកទឹកជូនបងប្អូនពលរដ្ឋក្នុងមូលដ្ឋានជាពិសេសនៅតំបន់ជាយក្រុង។ លោកថា៖ «រាជធានីភ្នំពេញសព្វថ្ងៃមិនត្រឹមតែរីកទំហំផ្ទៃដីប៉ុណ្ណោះទេគឺលូតកម្ពស់ថែមទៀតដោយលំនៅឋានសង់ខ្ពស់ៗជាច្រើនដូចនេះតម្រូវការទឹកក៏មានការកើនឡើងច្រើនផងដែរ»៕
វីដេអូ៖