
គម្រោងសាងសង់ស្ពានអាកាសតាមបណ្ដោយផ្លូវជាតិលេខ ៥ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃម្សិលមិញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវនៅព្រឹកថ្ងៃទី ៣១ ខែមករាថា ការកសាងស្ពានអាកាសនេះ គឺជារឿងចាំបាច់ដើម្បីបញ្ចៀសចរាចរណ៍ នៅពេលស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបពីឫស្សីកែវទៅជ្រោយចង្វារត្រូវបានតភ្ជាប់។
លោកថ្លែងថា៖ «ការកសាងស្ពានអាកាសនៅទីនេះ គឺជាការចាំបាច់ដើម្បីបញ្ចៀសនូវចរាចរណ៍កកស្ទះ ព្រោះយើងមិនអាចធ្វើដំណើរកើតទេ នៅពេលស្ពានឆ្លងកាត់ពីខាងឫស្សីកែវទៅម្ខាងទៀតជ្រោយចង្វារត្រូវបានតភ្ជាប់ យើងមិនអាចធ្វើទៅរួចទេ ដូច្នេះជម្រើសដែលល្អបំផុត គឺការកសាងស្ពានអាកាសដើម្បីឱ្យផ្លូវនេះចរាចរធម្មតា ក៏ប៉ុន្តែផ្លូវឆ្លងទៅម្ខាងទៀតគឺឆ្លងទៅតាមស្ពានអាកាសនោះឯង»។
លោកលើកឡើងថា ការធ្វើដំណើរក្នុងពេលបច្ចុប្បន្ន គឺឆ្លងកាត់លើស្ពានដែកបណ្តោះអាសន្នក៏ប៉ុន្តែស្ពានបេតុងថ្មីដែលកំពុងធ្វើនេះអាចនឹងធ្វើរួចរាល់ក្នុងខែមីនា ឆ្នាំ ២០២៣ ខាងមុខ ហើយស្ពាននេះក៏ជាផ្នែកមួយបម្រើឱ្យការបើកស៊ីហ្គេមនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ផងដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទៅថ្ងៃអនាគតនឹងមានស្ពានអាកាសព្រែកព្នៅ និងព្រែកក្តាមជាបន្តបន្ទាប់ទៀត។ កម្ពុជាមានតម្រូវការនៃការតភ្ជាប់ទាំងការតភ្ជាប់ផ្ទៃក្នុងខ្លួនឯង ជាពិសេសនិងការតភ្ជាប់ជាមួយនឹងប្រទេសជិតខាង។ លោកថ្លែងថា៖ «ពាក្យដែលហៅថា ការតភ្ជាប់ទីនេះក៏អាចនិយាយបានថាជាការតភ្ជាប់រវាងត្រើយម្ខាងខាងកើត និងត្រើយម្ខាងខាងលិច គឺជាការតភ្ជាប់មួយដែលមុននេះយើងនិយមប្រើទូកដ ឬប្រើស្រឡាងដើម្បីឆ្លងកាត់»។
ជាមួយគ្នានេះ លោក ហ៊ុន សែន បានបង្ហាញពីមោទនភាពអំពីអាទិភាពនៃគោលនយោបាយរបស់លោកបានដាក់ចេញនៅឆ្នាំ ១៩៨៧ ដែលគិតមកដល់បច្ចុប្បន្នមានរយៈពេលជាង ៣០ ឆ្នាំ ប៉ុន្តែអាទិភាពនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជានៅតែត្រឹមត្រូវ។ លោកបន្តថា៖ «វាអាចនឹងត្រឹមត្រូវរយៈពេល ២០ ឬ ៣០ ឆ្នាំទៀតឯណោះនោះគឺទឹក ផ្លូវ ភ្លើង មនុស្ស ឯចុងក្រោយនេះ យើងដូរមុំរបស់វាទៅជាមនុស្ស ទឹក ផ្លូវ ភ្លើង វិញ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសឫស្សីកែវមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ និងស្ពានបេតុងអាមេខ្សែកាប្លិ៍ឆ្លងកាត់ទន្លេសាបក្នុងភូមិសាស្ត្រសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រុមហ៊ុនដែលត្រូវអនុវត្តគម្រោងគឺក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងសាងសង់រយៈពេល ១៥ ខែ និងចំណាយថវិកា ៩ ៧១០ ៤៧៤ ដុល្លារសហរដ្ឋអាមេរិកដែលជាកញ្ចប់ថវិកាបានមកពីមូលនិធិកោះនរាហ៍។

លោក ហ៊ុន សែនក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាស។ រូប SPM
លោកថ្លែងថា៖ «ស្ពាននេះនឹងក្លាយជាស្ពានអាកាសទី ៦ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី គឺការយកទីក្រុងចិញ្ចឹមទីក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត»។
លោកបន្ថែមថា គម្រោងសាងសង់ស្ពានឫស្សីកែវនេះ និងសាងសង់ទួលស្ពានទំហំ ១៥,៨ ម៉ែត្រ បណ្តោយស្ពានប្រមាណជា ១៤៥ ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៥៧ ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៨១ ម៉ែត្រ សរុបមានប្រវែង ៤៨៣ ម៉ែត្រ។ គន្លងផ្លូវរត់ទួលស្ពានមានទទឹង ៣,២៥ ម៉ែត្រ បូកនឹង ៣,៥០ ម៉ែត្រ សម្រាប់ចរាចរទ្វេទិសបែងចែកជា ២ គន្លងរថយន្តទៅ និង ២ គន្លងរថយន្តមក ហើយនៅផ្នែកខាងក្រោមស្ពានអាកាសត្រូវស្ថាបនាពង្រីកទួលផ្លូវមានទទឹងទំហំលើសពី ៤,៥០ ម៉ែត្រ សងខាងផងដែរ។
បច្ចេកទេសនៃការសាងសង់ស្ពានគឺត្រូវខួងគ្រឹះជម្រៅ ៤៥ ម៉ែត្រ និងមានអង្កត់ផ្ចិតមុខកាត់ចំនួន ១,២ ម៉ែត្រទៅ ១,៤ ម៉ែត្រ គ្រោងធ្នឹមស្ពានត្រូវប្រើប្រាស់ដែកអក្សរ I ដែលមានកម្ពស់ ១,៤ ម៉ែត្រ និងសសរស្ពានត្រូវប្រើបំពង់ដែកដែលមានអង្កត់ផ្ចិត ទំហំ ១,៤ ម៉ែត្រ ចំនួន ២ ដើមរួមនឹងជើងតាងកម្ពស់ ១,៥ ម៉ែត្រ។ ចំពោះលក្ខណៈរូបវន្តនៃការសាងសង់ស្ពាននេះមានទម្រេលទទឹងស្ពាន ២ ភាគរយ ដែលកំណត់ល្បឿនយានយន្តបើកលើស្ពាន ៤០ គីឡូម៉ែត្រ ក្នុង ១ ម៉ោង និងមានកម្ពស់សុវត្ថិភាព ៥ ម៉ែត្រ សម្រាប់ធ្វើផ្លូវឆ្លងផ្នែកខាងក្រោមស្ពានអាកាស។
លោក ឃួង ស្រេង បញ្ជាក់ថា ក្រៅពីសំណង់ទួលស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពាន ក៏មានហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលត្រូវបំពាក់ជាប់ក្នុងគម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ការបំពាក់ស្លាកសញ្ញាចរាចរណ៍ការលាបគំនូសចរាចរណ៍ ការរៀបចំបណ្តាញលូអមសងខាងផ្លូវ និងការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន។
បើតាមលោក ឃួង ស្រេង យុទ្ធសាស្ត្រនៃការស្ថាបនាស្ពានអាកាសឫស្សីកែវ គឺទន្ទឹមគ្នាទៅនឹងគម្រោងសាងសង់ស្ពានបេតុងអាមេខ្សែកាប្លិ៍ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ផ្លូវជាតិលេខ ៥ ទៅមកផ្លូវជាតិលេខ ៦ និងធ្វើឱ្យតំបន់នេះ និងជាពិសេសតំបន់អភិវឌ្ឍន៍ជ្រោយចង្វារកាន់តែមានសក្តានុពលក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកថ្លែងថា៖ «ជាពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងការកែសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ទៅមកចេញចូលរាជធានី-ភ្នំពេញ បញ្ចៀសការកកស្ទះចរាចរណ៍រយៈពេលយូរ និងជាសរសៃឈាមយុទ្ធសាស្ត្រដ៏សំខាន់ដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់វិស័យទេសចរណ៍ទាំងនៅក្នុងក្របខ័ណ្ឌរាជធានី ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា»៕
វីដេអូ៖