ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសពីសកម្មភាពការងារមួយចំនួនរបស់ខ្លួន ដែលសម្រេចបានក្នុងរយៈពេលកន្លងមកក្នុងអាណតិ្តទី ៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដោយក្នុងនោះសំណុំរឿងពុករលួយប្រមាណ ៥០ ត្រូវបានប្តឹងមកស្ថាប័ននេះឱ្យចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្តបន្ទាប់។
ការប្រកាសនេះបានធ្វើឡើងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក្នុងកិច្ចប្រជុំលើកទី ៨ អាណត្តិទី ៣ របស់ខ្លួន ដោយមានវត្តមានចំនួន ១០ រូប លើ ១១ រូប ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។
សេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី ៣១ មករា ឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ៧ អាណត្តិទី ៣ ផងដែរ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ក្នុងកិច្ចប្រជុំនោះ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានរាយការណ៍អំពីសកម្មភាពការងារមួយចំនួនរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដូចជាការងារពាក្យប្ដឹង ការងារបង្ការ និងទប់ស្កាត់ និងការងារបណ្តុះបណ្តាលជាដើម»។
លោក ឱម យ៉ិនទៀង លើកឡើងថា រយៈពេលកន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹងចំនួន ៥០ បណ្តឹងក្នុងនោះទទួលពីជនអនាមិកចំនួន ២៨ បណ្តឹង ស្មើនឹង ៥៦ ភាគរយ។ ចំពោះពាក្យបណ្តឹងទាំង ៥០ អង្គភាពប្រឆាំងអំពើពុករលួយបានចាត់ការលើពាក្យប្ដឹងចំនួន ២៧ ដោយបានស្រាវជ្រាវ និងបញ្ចប់ ហើយបានឆ្លើយតបទៅម្ចាស់បណ្តឹងរួចហើយ។
លោកបញ្ជាក់ថា៖ «អង្គភាពប្រឆាំងអំពើពុករលួយក៏បានធ្វើលិខិតឱ្យសាមីសា្ថប័ន សាមីខ្លួនបំភ្លឺចំពោះការចោទប្រកាន់ចំនួន ១៥ លិខិត និងធ្វើលិខិតកោះហៅមកស្តាប់ការបំភ្លឺចំនួន ២២ លិខិត ដែលសាមីស្ថាប័ន សាមីខ្លួនបានបំភ្លឺ និងភា្ជប់ឯកសារបង្អែកចំនួន ២៣ លិខិត និងធ្វើលិខិតអន្តរាគមន៍ចំនួន ១ លិខិត»។
ចំណែកការងារបង្ការ និងទប់ស្កាត់វិញលោក ឱម យ៉ិនទៀង និយាយថា អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ការប្រឡងចំនួន ៦ លើក ហើយបានបើកវគ្គបណ្តុះបណ្តាល បំពាក់បំប៉នផ្នែកច្បាប់ និងជំនាញទូទៅទាំងក្នុង និងក្រៅអង្គភាពជូនដល់មន្ត្រីរបស់ខ្លួនចំនួន ៥ វគ្គ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពកាន់តែល្អថែមទៀត។
ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានវាយតម្លៃខ្ពស់នូវការចូលរួម និងគាំទ្រពីមន្ត្រីរាជការ ប្រជាជន និងមជ្ឈដ្ឋាននានាក្នុងឆ្នាំកន្លងទៅ កាន់តែច្រើនឡើង និងសកម្មឡើងរួមគា្នកាត់បន្ថយអំពើអសកម្ម និងអំពើពុករលួយគួរឱ្យកត់សម្គាល់។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកឡើងថា៖ «សំណូមពរឱ្យអង្គភាពប្រឆាំងអំពើពុករលួយមានរបាយកាណ៍ជូនសាធារណៈអំពីពាក្យប្តឹងឱ្យបានពិស្តារជាងនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំថា ពាក្យប្តឹងមកហើយ អង្គភាពប្រឆាំងអំពើពុករលួយមិនបានយកចិត្តទុកដាក់ដោះស្រាយ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និយាយថា សកម្មភាពនានារបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺមានវិធីសាស្ត្រជាច្រើន សម្រាប់ធ្វើការវាយតម្លៃទៅលើប្រសិទ្ធភាពនៃការងាររបស់អង្គភាពមួយនេះ។ លោកថា ជាមួយនឹងការវាយតម្លៃនេះ ការដាក់ចំណាត់ថ្នាក់ពីស្ថានភាពអំពើពុករលួយនៅកម្ពុជាពីបណ្តាអង្គការអន្តរជាតិក៏ជាផ្នែកមួយក្នុងការឆ្លុះបញ្ចាំងពីអំពើពុករលួយ និងប្រសិទ្ធភាពរបស់ស្ថាប័ននេះដែរ។
លោកបញ្ជាក់ថា៖ «បើសិនជាសម្ទុះនៃតួលេខអំពើពុករលួយនៅមានកម្រិតខ្ពស់ អ៊ីចឹងគេអាចមានការសន្និដ្ឋានបានថា នៅមានចំណុចខ្វះខាតនៅឡើយនៅក្នុងវិធានការប្រឆាំងអំពើពុករលួយ ហើយទំនងជាផែនការយុទ្ធសាស្ត្ររបស់អង្គភាពនេះនៅមានកម្រិត បើធៀបនឹងការប្រព្រឹត្តអំពើពុករលួយ»៕