ភ្នំពេញៈ ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ស្នើសុំ​ផ្តល់​ដី​ ១​ កន្លែង​ជូន​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សម្រាប់ធ្វើ​សួន​សាធារណៈ​ទុកជា​អនុស្សាវរីយ៍​រវាង​កម្ពុជា និង​ជប៉ុន​។ សំណើ​នេះ​ត្រូវ​បាន​លោក​ ហ៊ុន សែន គាំទ្រ និង​បាន​ណែនាំ​លោក​ សុខ ចិន្តាសោភា ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Takahashi Fumaiki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​ ១ ខែកុម្ភៈ​។ លោក Takahashi Fumaiki បាន​ស្នើសុំ​ប្រគល់​ទីតាំង​ដី​ ១​ កន្លែង​ជូន​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​រៀបចំ​ធ្វើជា​សួន​អនុស្សាវរីយ៍ កម្ពុជា​-​ជប៉ុន ដែល​នឹងដាក់​ឈ្មោះថា សួន PKO សម្រាប់​សាធារណជន​ប្រើប្រាស់​ផង និង​សម្រាប់​ជា​តំណាង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ផង​។

លើសពីនេះ​លោក​ប្រធាន​សមាគម​ជប៉ុន-​កម្ពុជា ក៏បាន​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព ការដោះស្រាយ​បញ្ហា​ទឹកជំនន់​ព្រែកត្នោត ដែល​លោក​បានធ្វើការ​ដោះស្រាយ​រួច​មួយចំនួន​ក្នុងពេល​កន្លងមក​។ ជាមួយគ្នា​នោះ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាត់ការ​របស់លោក​ ហ៊ុន សែន និង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ លោក​ក៏បាន​សុំ​ការអនុញ្ញាត​ពី​លោកនាយករដ្ឋមន្ត្រី ដើម្បី​នាំ​ប្រតិភូ​អ្នក​វិនិយោគ​ធុន​កណ្ដាល​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងអំឡុង​ខែមេសា​ខាងមុខ​ផងដែរ​។

ជាការ​ឆ្លើយតប​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ទទួល​ស្វាគមន៍ និង​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុងការ​រៀបចំ​ឱ្យមាន​ជា​សួន​សាធារណៈ សម្រាប់​អនុស្សាវរីយ៍​រវាង កម្ពុជា និង​ជប៉ុន ដែល​បានដាក់​ឈ្មោះថា សួន PKO​។

លោក​ ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក Takahashi Fumaiki និង​បាន​ជម្រាបជូន​អំពី​វិធានការ និង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ អ្នកវិនិយោគ​ធុន​កណ្ដាល ដែលមាន​បំណង​នាំមក​កម្ពុជា​ផងដែរ​។

ដោយឡែក ពាក់ព័ន្ធ​នឹង​ការការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត លោក​ ហ៊ុន សែន បានធ្វើការ​ណែនាំ​ជូនទៅ​លោក​ សុខ ចិន្តាសោភា សហការ​សម្របសម្រួល​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​ការអនុញ្ញាត​ឱ្យ​ប្រតិភូ​របស់​លោក Takahashi Fumaiki ដើម្បី​ធ្វើ​បទបង្ហាញ​ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ​ថា ប្រទេស​ជប៉ុន​ជា​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ជា​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ជា​ម្ចាស់ជំនួយ​ដ៏សំខាន់​ដែល​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាច្រើន​វិស័យ​ក្នុង​រយៈពេល​ជិត​ ៣០​ឆ្នាំ​កន្លងមកនេះ​។ ហេតុនេះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការកសាង​សួន​សាធារណៈ​អនុស្សាវរីយ៍​កម្ពុជា​-​ជប៉ុន នឹង​ក្លាយជា​និមិត្តរូប​មួយ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​ជប៉ុន​។

លោក​ថ្លែងថា​៖ «​ការបង្កើត​សួន​សាធារណៈ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ ក៏​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​ផងដែរ​ដែល​ទីក្រុង​ភ្នំពេញ​យើង​បច្ចុប្បន្ន​មាន​ការខ្វះខាត​ទីធ្លា​សាធារណៈ និង​សួន​បៃតង​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​រួមទាំង​ការកម្សាន្ត និង​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​ផងដែរ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ១ កុម្ភៈ​ថា ការធ្វើ​សួន​សាធារណៈ​សម្រាប់​អនុស្សាវរីយ៍ កម្ពុជា-ជប៉ុន​នេះ​ជា​គំនិត​ផ្តួចផ្តើម​ល្អ​មួយ​ដែល​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា- ជប៉ុន កាន់តែ​ប្រសើរឡើង ព្រោះ​ជប៉ុន​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការកសាង រក្សា​សន្តិភាព​នៅ​កម្ពុជា​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ដែល​ជប៉ុន​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើងវិញ ក្រោម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

លោក​ថ្លែងថា​៖ «​បើ​យើង​និយាយ​ពី​ការចងចាំ​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ជប៉ុន ខ្ញុំ​គិតថា រូបភាព​ប្រទេស​ជប៉ុន​នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ខ្មែរ​ហ្នឹង​គឺមាន​រូបភាព​ជា​វិជ្ជមាន​ច្រើន​។ អ៊ីចឹង​ទេ​ខ្ញុំ​គិតថា សួន​អនុស្សាវរីយ៍​នេះ កាន់តែ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​ហើយ​ដិត​ជាប់​នៅក្នុង​ការចងចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ការរួមចំណែក​របស់​ជប៉ុន​ចំពោះ​កម្ពុជា​»៕

វីដេអូ៖