ភ្នំពេញៈ រដ្ឋបាលខេត្តកណ្តាល ប្រកាសដាក់ស្រុកចំនួន៤ ជាស្រុក បញ្ឈប់ ការបន្ទោបង់ពាសវាលពាសកាល(ODF)និងបានអំពាវនាវដល់ស្រុកផ្សេងៗទៀត ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តនេះអាចបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅទូទាំងខេត្តក្នុងឆ្នាំ២០២២នេះ។
ស្រុកចំនួន៤ ក្នុងចំណោមក្រុង-ស្រុកទាំង១១ របស់ខេត្តកណ្ដាល បានដាក់ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និងស្រុកលើកដែក។ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការដល់ស្រុកចំនួន៤នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមអធិបតីភាព លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
លោកអ៊ុក រ៉ាប៊ុន ថ្លែងនាឱកាសនោះថា ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទនេះ រាជរដ្ឋាភិបាលបានកំណត់គោលដៅយ៉ាងច្បាស់លាស់ ក្នុងគោលនយោបាយជាតិ ស្តីពី ការកំណត់ នូវទស្សនវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
លោកបានថ្លែងថា៖«រាជរដ្ឋាភិបាល បានកំណត់នូវទស្សនវិស័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងអ្នករស់នៅក្នុងសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ រួមនឹងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព»។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននិងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ២០២៣។
លោកអ៊ុក រ៉ាប៊ុន ថ្លែងថា៖«ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន៥ ឱ្យក្លាយជាខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅឆ្នាំ២០២៣ផងដែរ ក្នុងនោះ រួមមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្វាយរៀងផងដែរ»។
ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០% លោកអ៊ុក រ៉ាប៊ុន បានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់បន្តការចូលរួម និងសហការសម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តនូវផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ។
អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ ក៏បានលើកឡើងដែរថា ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានជួយឱ្យប្រជាពលរដ្ឋរស់នៅជនបទមានទឹកស្អាតប្រើប្រាស់ មានអនាម័យស្អាត មានបរិស្ថានល្អ មានបង្គន់អនាម័យប្រើប្រាស់។ កាត់បន្ថយជំងឺឆ្លងតាមរយៈទឹកមិនស្អាត ឬបន្ទោបង់ក្រៅបង្គន់ជាដើម ដែលបានជួយសន្សំសំចៃថវិកាផងដែរ។
លោកបញ្ជាក់ថា៖«ឆ្លៀតឱកាសនេះដែរ ខ្ញុំសុំស្នើដល់អភិបាលក្រុង-ស្រុកចំនួន៧ផ្សេងទៀត និងមេឃុំ-ចៅសង្កាត់ ត្រូវចូលរួមសហការនិងអនុវត្តឱ្យបានពេញលេញនិងច្បាស់លាស់។ យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជំរុញដល់ថ្នាក់ដឹកនាំភូមិ ដែលជាជនបង្គោលភូមិ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល របស់យើងសម្រេចបាន ODF ទូទាំងខេត្តនៅឆ្នាំ២០២២»។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងបណ្តាអង្គការដៃគូ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រនិងចូលរួមចំណែកអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតនេះ។ លើកកម្ពស់អនាម័យក៏ដូចវិស័យផ្សេងៗទៀតនៅខេត្តកណ្តាលឱ្យកាន់តែមានភាពប្រសើរឡើង។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោកស្រីជី ថាវី បានឱ្យដឹងថា សម្រាប់ខេត្តកណ្តាល គ្រួសារដែលមានទឹកស្អាតប្រើប្រាស់មានចំនួន៨៤.១% និងគ្រួសារទម្លាប់ទទួលទានទឹកស្អាត មាន៩៤.៧%។ ផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់មាន៩៥% ឯខ្នងផ្ទះប្រើបង្គន់រួម មាន៤.៥%។ ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន០.៥% ស្មើនឹង១ ៣៥១ខ្នងផ្ទះទៀតតែប៉ុណ្ណោះ។
ស្រុកទាំង៤ ក្នុងខេត្តកណ្តាល ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) កាលនោះ សរុបមានចំនួន៥៣ឃុំ និង៤៤៥ភូមិ។
គួររំឭកផងដែរថា ខេត្តស្វាយរៀង ជាខេត្តដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដោយសារការប្ដេជ្ញារបស់អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលជោគជ័យនេះមានការឧបត្ថម្ភពីអង្គការដៃគូផងដែរ៕