ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំមិនឱ្យអ្នកដែលបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ ១៩ មិនត្រូវលាក់លៀមជាមួយនឹងអាជ្ញាធរឡើយ ហើយប្រសិនបើរកឃើញមាន
ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងពិន័យជាប្រាក់ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្នុងសេចក្តីណែនាំបន្ថែមស្តីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ លោក ឃួង ស្រេង បានលើកឡើងថា ពេលលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ សាមីខ្លួនត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារនិងត្រូវមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាលឬអាជ្ញាធរមូលដ្ឋាន។
អាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យនឹងធ្វើការចុះវាយតម្លៃស្ថានភាពអ្នកជំងឺនិងពិនិត្យទីតាំងផ្ទះថាតើត្រូវអនុញ្ញាតឱ្យអ្នកជំងឺព្យាបាលនៅផ្ទះឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ដោយឡែកក្នុងករណីដែលទទួលបានលទ្ធផលតេស្ត PCR ពីមន្ទីរពិសោធន៍ បញ្ជាក់ថា ជាប្រភេទអូមីក្រុង នោះអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្ត PCR នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់និងមិនត្រូវចាកចេញពីទីតាំងដែលខ្លួនកំពុងស្នាក់នៅក្នុងករណីមិនចាំបាច់។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ «ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទទួលបានព័ត៌មានឬរកឃើញថាមានបុគ្គលណាមួយតេស្តវិជ្ជមានជំងឺកូវីដ ហើយគេចវេះ និងមិនព្រមរាយ
ការណ៍ជូនមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់និងការប្រឈមនឹងទោសដាក់ពន្ធនាគារស្របនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
សេចក្តីណែនាំនេះ បានបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដ១៩ រួមទាំងមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ដែលមានអាការកម្រិតស្រាលគ្មានរោគសញ្ញា និងគ្មានកត្តាប្រឈម ដែលបានទទួលការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ ត្រូវចុះកិច្ចសន្យានៅចំពោះមុខមន្ត្រីមានសមត្ថកិច្ចផងដែរ។
អភិបាលក្រុង លោក ឃួង ស្រេង បានលើកទឹកចិត្តនិងស្នើសុំប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំងផ្ទះរបស់បុគ្គលដែលសង្ស័យថាមានអ្នកជំងឺកូវីដ១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃនិងការអនុញ្ញាតពីមន្ត្រីសុខាភិបាលឬអាជ្ញាធរមូលដ្ឋានទេនោះត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមូលដ្ឋាន។
លោកបានបន្ថែមថា៖«រដ្ឋបាលរាជធានីភ្នំពេញនឹងធានារក្សាការសម្ងាត់ជូនដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ទៅក្នុងមូលដ្ឋានភូមិសង្កាត់ដែលខ្លួនកំពុងរស់នៅ»។
ជាមួយគ្នានេះដែរ គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលត្រូវសហការចុះត្រួតពិនិត្យនៅតាមមូលដ្ឋានរៀងៗខ្លួនដើម្បីធានានូវការអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំនេះ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ៖ «ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមការណែនាំនេះ ត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាលឱ្យខាងតែបាននិងដោយគ្មានការលើកលែងឡើយ ក្រោយពេលដែលបុគ្គលនោះបានទទួលការព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ»។
បើតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែមករា បានឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទអូមីក្រុងជាង៨០០ករណី តែក៏មានអ្នកខ្លះបានជាសះស្បើយផងដែរ។
គួររំឭកផងដែរថា កាលពីថ្ងៃទី២១ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យអ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងព្យាបាលនៅគេហដ្ឋានឬទីតាំងណាមួយដែលអ្នកជំងឺជ្រើសរើសបាន ទាំងជនជាតិខ្មែរនិងបរទេសដោយការសម្រេចនេះបន្ទាប់ពីលោកតាមដានមួយរយៈពីការវិវឌ្ឍនៃមេរោគនេះឃើញថា ទោះវាមានការចម្លងលឿន ប៉ុន្តែមិនមែនជាប្រភេទជំងឺដ៏គ្រោះថ្នាក់៕