ភ្នំពេញៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារបញ្ជាក់ពីអវត្តមានរបស់ព្រះអង្គពីមាតុប្រទេសរយៈពេល ៣ ថ្ងៃ ដោយសារព្រះអង្គនឹងយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជសារដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនរោត្តម សីហមុនី ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃម្សិលមិញបានបញ្ជាក់ថា ព្រះអង្គនឹងអវត្តមានពីមាតុប្រទេសចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រះករុណានរោត្តម សីហមុនី បញ្ជាក់ថា៖ «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា»។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២៥ ខែមករា ថា កម្ពុជា គឺជាប្រទេសជិតខាងល្អ ជាប្រពៃណីរបស់ចិនបានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង។
លោកបានបញ្ជាក់ទៀតថា៖ «ព្រះករុណាព្រះមហាក្សត្រ គឺជាមិត្តចាស់របស់ប្រជាជនចិន ដោយភាគីចិនបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គ ដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលរដ្ឋធានីប៉េកាំងនឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា»។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងតាមរយៈវីដេអូស្វាគមន៍ និងអបអរពិធីបុណ្យចូលឆ្នាំចិនកាលពីថ្ងៃទី ២៩ ខែមករា ថា កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំនេះប្រព្រឹត្តទៅចំពេលចូលឆ្នាំចិន។
លោកបាននិយាយថា៖ «អ្នកទាំងអស់គ្នាអាចខ្ចប់គាវបណ្តើរ មើលការប្រកួតកីឡាអូឡាំពិក រដូវរងាបណ្តើរតាមទូរទស្សន៍។ រីករាយបុណ្យចូលឆ្នាំចិនរីករាយនឹងទិដ្ឋភាពអស្ចារ្យនៃកីឡាអូឡាំពិករដូវរងា បន្ទាប់ពីក្រុងប៉េកាំងរៀបចំធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារួច»។
ជាមួយគ្នានេះ ភរិយារបស់លោក វ៉ាង វិនធាន លោកស្រី គូ សាវជុន ក៏បានលើកឡើងផងដែរថា បន្ទាប់ពីក្រុងប៉េកាំងរៀបចំធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារួចនោះ ប៉េកាំងនឹងក្លាយជាទីក្រុងដំបូងគេលើពិភពលោក ដែលបានរៀបចំធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងរដូវរងា។
លោកស្រីបញ្ជាក់ថា៖ «សូមឱ្យកម្លាំងចិត្តដល់ទីក្រុងប៉េកាំងដល់កីឡាករ និងដល់ព្រឹត្តិការណ៍ កីឡារដូវរងា»។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនារដូវរងាក្រុងប៉េកាំងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២៕