បន្ទាយមានជ័យៈ មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានរួមសហការគ្នាបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងស្រុកមង្គលបុរីប្រមាណជិត ១ ០០០ ហិកតាដែលកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព បន្ទាប់ពីធ្លាប់ជួយសង្គ្រោះបានជាង ១ ម៉ឺនហិកតារួចមក។
លោក ឡាយ ពុទ្ធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ១ កុម្ភៈថា ចាប់តាំងពីដើមខែមករាមក ក្រុមការងាររបស់លោកបានចុះសហការជាមួយមន្ត្រីកសិកម្មដើម្បីតាមដានការងារបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករក្នុងស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក និងស្រុកមង្គលបុរី ដែលមានផ្ទៃដីសរុបជាង ៥ ម៉ឺនហិកតា។
លោកថ្លែងថា៖ «តាមរយៈការជួយអន្តរាគមន៍របស់ក្រុមការងារយើងចាប់តាំងពីដើមខែមករាមកទល់ពេលនេះ ដំណាំស្រូវមួយចំនួនត្រូវបានប្រជាកសិករច្រូតកាត់ប្រមូលផលជាបណ្ដើរៗហើយ ខណៈស្រូវប្រាំងមួយចំនួនទៀតកំពុងចេញផ្កា និងដាក់គ្រាប់»។
បើតាមលោក ពុទ្ធី នៅពេលនេះ ប្រជាកសិករមួយចំនួនក្នុងស្រុកមង្គលបុរីបានចាប់ផ្ដើមធ្វើស្រូវប្រាំងវគ្គ ២ ជាបន្តទៀត បើទោះជាមន្ត្រីជំនាញបានពន្យល់ថា វាអាចនឹងមានការខាតបង់ ដោយសារខ្វះទឹកស្រោចស្រពក្នុងករណីមានគ្រោះរាំងស្ងួតអូសបន្លាយពេលវែងក៏ដោយ។ បច្ចុប្បន្នមានស្រូវប្រាំងរបស់ប្រជាកសិករក្នុងស្រុកមង្គលបុរីចំនួន ៩៨៨ ហិកតាកំពុងប្រឈមបញ្ហាខ្វះទឹកស្រោចស្រពដោយសារដីស្រែទាំងនោះនៅឆ្ងាយពីប្រភពទឹក។
លោកបានបញ្ជាក់ថា៖ «ដោយសារនៅពេលនេះប្រភពទឹកក្នុងស្រុកមង្គលបុរីនៅមានគ្រប់គ្រាន់ ក្រុមការងារយើងបានដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ និងមធ្យមចំនួន ៥ គ្រឿងទៅជួយអន្តរាគមន៍បូមទឹកបញ្ជូនពីស្ទឹងចូលទៅតាមប្រព័ន្ធប្រឡាយមេ ដើម្បីឱ្យកសិករបូមបន្តទៅសង្គ្រោះស្រូវរបស់ពួកគេ»។
ជាមួយគ្នានេះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅឆ្នាំនេះ ប្រជាកសិករបានដាំដុះស្រូវប្រាំងរហូតដល់ជាង ១ ម៉ឺនហិកតា ពោលគឺច្រើនជាងឆ្នាំមុនដែលមានត្រឹមតែ ៨ ០០០ ហិកតាប៉ុណ្ណោះ។
លោកថ្លែងថា៖ «តាមផែនការដាំដុះរបស់មន្ទីរកសិកម្ម គឺអនុញ្ញាតបានត្រឹមតែ ៦ ០០០ ហិកតាទេ តែប្រជាកសិករយើងគាត់នាំគ្នាដាំរហូតដល់ជាង ១ ម៉ឺនហិកតាឯណោះ។ ប៉ុន្តែឆ្នាំនេះ យើងនៅសល់ទឹកច្រើនទាំងក្នុងអាងស្តុកទឹក និងក្នុងស្ទឹងមង្គលបុរី ហើយយើងមានម៉ាស៊ីនបូមទឹកខ្នាតធំ និងមធ្យមជាច្រើនគ្រឿងសម្រាប់ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងទាំងនោះផងដែរ»។
លោក ដាស៊ីណង់ បានឱ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី ២៥ ខែមករាមកទល់ពេលនេះ ក្រុមមន្ត្រីជំនាញធនធានទឹក និងកសិកម្មបានជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅតាមបណ្ដាឃុំមួយចំនួនលើផ្ទៃដីសរុបជាង ១ ម៉ឺនហិកតា។
យោងតាមទិន្នន័យបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ប្រជាកសិករក្នុងខេត្តនេះបានដាំដុះស្រូវប្រាំងរហូតដល់ទៅ ៥,៤ ម៉ឺនហិកតា ខណៈផ្ទៃដីនៃផែនការដាំដុះគឺមានត្រឹមតែ ២,២ ម៉ឺនហិកតា។ ទោះយ៉ាងណា ក្នុងអំឡុងពេលនេះ ស្រូវទាំងនោះត្រូវបានប្រជាកសិករប្រមូលផលបានប្រមាណជាង ៥០ ភាគរយហើយក្នុងបរិមាណផលជាមធ្យម ៤,៥ តោន ក្នុង ១ ហិកតា។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍បន្ថែមថា ពេលនេះ ប្រជាកសិករកំពុងរីករាយនឹងផលស្រូវរបស់ពួកគាត់ បើទោះជាតម្លៃស្រូវនៅពេលនេះ មានការធ្លាក់ចុះបន្តិចក្ដី។
លោកថ្លែងថា៖ «កាលពីដើមខែមករា កសិករភាគច្រើនបានរអ៊ូរទាំអំពីការខ្វះខាតទឹក ប៉ុន្តែនៅពេលនេះ ពួកគេមិនខ្វះទឹកទៀតទេ ព្រោះក្រុមការងារសង្គ្រោះស្រូវប្រាំងបានចុះអន្តរាគមន៍នាំទឹកពីខេត្តឧត្តរមានជ័យមកជួយដល់ពួកគាត់ទាន់ពេលវេលា។ ឥឡូវនេះពួកគាត់មួយចំនួនបានចាប់ផ្ដើមដាំបន្លែវិញម្ដង»។
បើតាមលោក វណ្ណាសេដ្ឋ សណ្ឋានដីនៅខេត្តបន្ទាយមានជ័យមានភាពជម្រាល ដែលអាចឱ្យកសិករដាំដុះដំណាំស្រូវ និងបន្លែគ្រប់ប្រភេទបានគ្រប់រដូវកាល។ ទោះយ៉ាងណាលោកបានអំពាវនាវដល់កសិករឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃព្រោះក្នុងរដូវប្រាំងនេះនឹងមានគ្រោះរាំងស្ងួតអូសបន្លាយរយៈពេលវែង។
ជុំវិញការអំពាវនាវនេះ លោក ជឹម ហាច អាយុ ៦២ ឆ្នាំជាប្រជាកសិករក្នុងភូមិអន្លង់វិល ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្រូវប្រាំងជាង ២ ហិកតារបស់លោក ដែលប្រឈមខ្វះទឹកកាលពីដើមខែមករាកន្លងមកនេះ នឹងត្រូវប្រមូលផលនៅចុងខែកុម្ភៈខាងមុខនេះ។ ប៉ុន្តែក្រោយពីការប្រមូលផលស្រូវប្រាំងវគ្គ ១ នេះរួច លោកនឹងមិនដាំដុះស្រូវប្រាំងវគ្គ ២ ទៀតទេ។
លោកថ្លែងថា៖ «ធ្វើស្រូវប្រាំងគឺពឹងផ្អែកលើប្រភពទឹក បើពុំនោះទេ វានឹងមិនបានផលអ្វីឡើយ។ ប៉ុន្តែនៅភូមិរបស់ខ្ញុំគឺនៅឆ្ងាយពីប្រភពទឹក ដូច្នេះខ្ញុំមិនអាចដាំដុះស្រូវប្រាំងវគ្គ ២ បានទៀតទេ ព្រោះនៅវគ្គ ១ នេះ បើគ្មានការជួយអន្តរាគមន៍ពីក្រុមមន្ត្រីធនធានទឹក និងអាជ្ញាធរមូលដ្ឋានទេប្រហែលជាវាត្រូវងាប់ខូចខាតអស់ទៅហើយ»។
យ៉ាងណាក៏ដោយ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១ ខែកម្ភៈ ឆ្នាំ ២០២២ បានព្យាករថា ចាប់ពីថ្ងៃទី ២-៨ ខែកម្ភៈនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅក្នុងតំបន់ទំនាបកណ្ដាល និងខ្ពង់រាប ខណៈនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនព្រមទាំងមានខ្យល់បក់បោកខ្លាំង ពិសេសនៅក្នុងថ្ងៃទី ៥ និងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។
ការព្យាករនេះបានធ្វើឡើងក្រោយពីក្រុមមន្ត្រីជំនាញផ្នែកឧតុនិយមបានពិនិត្យឃើញថានៅក្នុងអំឡុងសប្ដាហ៍ទី ១ នៃខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម។ ក្នុងនោះចាប់ពីថ្ងៃទី ២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ស្ថិតក្នុងកម្រិតខ្សោយ ហើយចាប់ពីថ្ងៃទី ៤-៦ ខែកុម្ភៈ នឹងមានការកើតឡើងនូវឥទ្ធិពល ២ ស្របគ្នាពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម។ ចាប់ពីថ្ងៃទី ៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) នឹងមានក្នុងកម្រិតខ្សោយ៕
វីដេអូ៖