ពោធិ៍សាត់ៈ ដើម្បីអបអរសាទរទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងបរិស្ថានបានប្រារព្ធទិវានេះនៅខេត្តពោធិ៍សាត់ ដែលជាទីតាំងសម្បូរទៅដោយដីសើម ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងចូលរួមការពារជីវចម្រុះនៅក្នុងសហគមន៍មូលដ្ឋាន។
ទិវាដីសើមពិភពលោកនេះត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ទា ចំរ៉ាត់ ក្រុងពោធិ៍សាត់ ក្រោមប្រធានបទ “ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ”។
សាធារណជនអាចចូលរួមអបអរសាទរទិវាតំបន់ដីសើមពិភពលោកបានផងដែរ តាមបណ្តាញសង្គមដោយគ្រាន់តែបង្ហោះរូបភាពទេសភាពដ៏ស្រស់ស្អាតរបស់តំបន់ដីសើមជីវចម្រុះ ការរស់នៅរបស់សហគមន៍មូលដ្ឋាន ឬសកម្មភាពទេសចរណ៍ធម្មជាតិក្នុងតំបន់ដីសើមដែលអ្នកធ្លាប់បានទៅដល់ និងប្រើប្រាស់ ដោយភ្ជាប់ទៅទិវាតំបន់ដីសើមពិភពលោកឆ្នាំ ២០២២ និងក្រសួងបរិស្ថាន។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា សម្រាប់ឆ្នាំនេះក្រសួងជ្រើសរើសយកខេត្តពោធិ៍សាត់ ដើម្បីរៀបចំដោយសារខេត្តនេះ មានដីសើមច្រើន។
លោកបានបញ្ជាក់ថា៖ «ការរៀបចំនេះដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ពីសារៈសំខាន់ជីវចម្រុះជូនដល់ប្រជាពលរដ្ឋនៅខេត្តនោះ ហើយនៅខេត្តពោធិ៍សាត់ក៏ជាតំបន់ទំនាបលិចទឹកដើម្បីបង្ហាញដល់ប្រជាពលរដ្ឋថា កន្លែងនេះ កន្លែងដែលមានសារៈសំខាន់ផ្នែកប្រព័ន្ធអេកូឡូស៊ីក៏ដូចជាជីវចម្រុះ»។
លោកបន្តថា៖ «អ៊ីចឹងឱ្យពួកគាត់ការពារ ចូលរួមអភិរក្ស ជាពិសេសកុំប្រើប្រាស់នូវថ្នាំពុលកសិកម្មផ្សេងៗ ឬប្រើជីគីមីខ្លាំង ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវចម្រុះ ពេលខ្លះពុលដល់សត្វដែលរកចំណីនៅតំបន់ដីសើម»។
លោកបានគូសបញ្ជាក់ថា ការរៀបចំពិធីនេះក៏ជាការបញ្ជូនសារទៅតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាដែលមានតំបន់ដីសើម ដើម្បីឱ្យពួកគាត់ចូលរួមការពារ និងអភិរក្សនៅក្នុងការថែរក្សាកន្លែងជីវចម្រុះ ក៏ដូចជាកន្លែងទីជម្រកសត្វ។
លោកបន្តថា៖ «ព្រោះតំបន់ដីសើមមួយចំនួនសម្បូរចំណីរបស់សត្វ ដូចជានៅបឹងព្រែកល្ពៅ ជាតំបន់ការពារធម្មជាតិជាតំបន់ដីសើម ហើយជាកន្លែងរកស៊ីចំណីរបស់សត្វក្រៀល និងជាកន្លែងពងកូនរបស់សត្វមួយចំនួនទៀត»។
ទន្ទឹមនេះដែរលោក ភក្ត្រា បានស្នើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមការពារតំបន់ដីសើមទាំងអស់គ្នា ខណៈលោកគូសបញ្ជាក់ថា វាមានសារៈប្រយោជន៍ផ្នែកប្រព័ន្ធអេកូឡូស៊ីជាពិសេសទីតាំងសម្រាប់សត្វ ជាប្រភពទឹកផង ជាចំណីផង។
លោកបន្តទៀតថា ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងតំបន់ដីសើមដោយតំបន់ដីសើមបានផ្តល់នូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីដោយឥតគិតថ្លៃដូចជា ផ្តល់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពជួយកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតការស្រូបយកកាបូន និយតកម្មអាកាសធាតុ ប្រភពស្បៀងអាហារ កន្លែងកម្សាន្តធម្មជាតិ និងសិក្សាស្រាវជ្រាវ។ល។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា ថា សម្រាប់ក្រសួងបរិស្ថាននឹងបន្តការសិក្សាបន្ថែមទៀត បើសិនជាយល់ថា តំបន់ណាដែលមានសារៈសំខាន់ផ្នែកប្រព័ន្ធអេកូឡូស៊ី ដែលមានភាពផុយស្រួយហើយត្រូវការការពារ ក្រសួងនឹងស្នើសុំរាជរដ្ឋាភិបាល ដើម្បីពិនិត្យ រៀបចំបង្កើតទៅជាតំបន់ដីសើម។
ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា លោក កែន សេរីរដ្ឋា ធ្លាប់បានឱ្យដឹងថា ពិភពលោកបានបាត់បង់តំបន់ដីសើមអស់ ១ ភាគ ៣ នៃតំបន់ដីសើមទាំងអស់តាំងពីឆ្នាំ ១៩៧០មកម្ល៉េះ ដែលធ្វើឱ្យមនុស្សជាង ១ ពាន់លាននាក់នឹងជួបបញ្ហាខ្វះទឹក និងចំណីអាហារ។
លោកបន្តថា តាមរយៈការចូលរួមអភិរក្សសត្វស្លាបកន្លងមក គឺទទួលបានជោគជ័យ ដោយសង្កេតឃើញថា សត្វស្លាបបានកើនចំនួនជាបន្តបន្ទាប់។ ទន្ទឹមនេះដែរ លោកសម្តែងការព្រួយបារម្ភចំពោះទីជម្រកសត្វស្លាប ដោយសារតែការរីកចម្រើនក្នុងតំបន់ខ្លះធ្វើឱ្យពលរដ្ឋកាប់ឆ្ការព្រៃ ការសង់លំនៅឋាន និងការធ្វើដំណាំកសិកម្មដែលប្រើសារជាតិគីមីជាដើម។
ក្រសួងបរិស្ថានឱ្យដឹងថា គិតមកត្រឹមបច្ចុប្បន្នតំបន់រ៉ាមសារ (តំបន់ដីសើម) ក្នុងប្រទេសកម្ពុជាមានចំនួន ៥ កន្លែងគឺ តំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាមសារព្រែកទាល់ តំបន់រ៉ាមសារស្ទឹងសែន តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសាស្ទឹងត្រែង។
ក្នុងនោះដែរ ក្រសួងក៏មានតំបន់ការពារធម្មជាតិដែលជាតំបន់ដីសើមមានសារៈសំខាន់សម្រាប់បរិស្ថាន និងសង្គម ដូចជាតំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងការដេរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុង។
គួរបញ្ជាក់ថា ទិវាតំបន់ដីសើមពិភពលោកត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២ ខែកុម្ភៈដើម្បីអបអរការអនុម័តអនុសញ្ញាស្តីពីតំបន់ដីសើម (អនុសញ្ញារ៉ាមសារ) នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៧១។ សម្រាប់កម្ពុជាជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេស ១៧១ លើពិភពលោក ដែលមានកាតព្វកិច្ចគ្រប់គ្រង អភិរក្ស និងការពារតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ៕