ភ្នំពេញៈ ក្រសួងបរិស្ថានក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
បើតាមក្រសួងបរិស្ថានដែលក្នុងនោះរួមមាន ទី ១ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ២ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និង ៣ តំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។
លោក ឃិន ម៉េងឃាង ប្រធានគ្រប់គ្រងគម្រោង «គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» និងជាប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានថ្លែងថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាបកម្ពុជា»។
សិក្ខាសាលានេះមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនភាគីមានទាំងតំណាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ក្រុមការងាររដ្ឋបាលខេត្ត តំណាងមកពីមន្ទីរបរិស្ថាន មន្ទីរទេចរណ៍ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរផែនការជាដើម។
លោកបានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់ គឺបានរៀបចំឡើងពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងខេត្តចំនួន ៣ គឺមានខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
លោកថ្លែងថា គោលបំណងជាចម្បងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ គឺ ដើម្បីស្វែងយល់ពីភាគីពាក់ព័ន្ធនានានូវគោលបំណងជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងតំបន់អេកូទេសចរណ៍ថ្នាក់តំបន់ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍។ ចូលរួមរៀបចំនូវសេចក្តីព្រាងចក្ខុវិស័យរួមស្រាប់គោលដៅអេកូទេសចរណ៍ និងដើម្បីទទួលបាននូវព័ត៌មានត្រឡប់ដែលជាអនុសាសន៍នានាសម្រាប់ការវិនិយោគគោលដៅអេកូទេសចរណ៍ដោយផ្សារភ្ជាប់នូវការធានាឱ្យមានការឆ្លើយតបទៅនឹងបញ្ហានានា ព្រមទាំងកំណត់នូវអាទិភាពនៃអនុសាសន៍បទអន្តរាគមន៍ដែលបានបញ្ជាក់ក្នុងការសិក្សាវិភាគស្ថានភាព។
ប្រជាសហគមន៍តំបន់ការពារ និងអេកូធម្មជាតិ ចំបក់ ជារមណីយដ្ឋានធម្មជាតិទាក់ទាញមួយក្នុងខេត្តកំពង់ស្ពឺ ក្រៅពីរបរជាបង្គោលធ្វើចម្ការរកអនុផលព្រៃឈើ ប្រជាពលរដ្ឋក្នុងសហគមន៍មួយចំនួនបានងាកមកបម្រើលើសេវាទេសចរណ៍សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ ដែលនេះជាផ្នែកមួយនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា។
បើតាមក្រសួងបរិស្ថាន រមណីយដ្ឋានចំបក់ស្ថិតក្នុងទឹកដី ភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ។
លោក ទូច ម៉ក់ ប្រធានសហគមន៍តំបន់ការពារ និងអេកូទេសចរណ៍ ឃុំចំបក់ ស្រុក ភ្នំស្រួចខេត្តកំពង់ស្ពឺបានឱ្យដឹងថា សហគមន៍នេះបានបង្កើតឡើងនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០០៣។ អ្វីដែលជាភាពទាក់ទាញខ្លាំងនៅសហគមន៍ទេសចរណ៍នេះ គឺទឹកធ្លាក់ទេសភាពព្រៃភ្នំជាដើម។
លោកថា៖ «ទឹកធ្លាក់មានច្រើនកន្លែងរាប់ពីទី ១ រហូតដល់ទី ៧ កន្លែង និងក្រៅពីនេះ តំបន់នេះក៏ជាតំបន់ទេសភាពកន្លែងខ្លះ ដូចជាថ្មអំពិល ល្អាងប្រចៀវ សុទ្ធតែទេសភាពស្អាតគ្មានគូប្រៀប»។
លោក ទូច ម៉ក់ ថា នៅក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣ ៤៥១ ហិកតា ហើយនៅក្នុងនេះ មាន ៦៣៧ គ្រួសារចងក្រងជាសមាជិកនៅក្នុងសហគមន៍។ នៅក្នុងសេវាកម្មដែលជាផលិតផលទេសចរណ៍សហគមន៍មានដូចជាផ្ទះសំណាក់តាមសហគមន៍មានផ្នែករបាំ មានផ្នែកដឹកភ្ញៀវទាំងគោយន្ត រទេះគោ និងម៉ូតូជាដើម ហើយអ្វីដែលសំខាន់សហគមន៍បានទាញយកពីភ្ញៀវដែលមកដល់សហគមន៍ដោយបានរៀបចំជាកញ្ចប់សេវាទេសចរណ៍តែម្ដង។
លោកថ្លែងថា៖ «ដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូលបន្ថែមយើងបានបង្រៀន ការដុតក្រឡាន ពីព្រោះថាងាយរកចំណូល បង្រៀនចាក់កងដៃពីរបស់ធម្មជាតិ ឬបង្រៀនពីការកែច្នៃរបស់ផ្សេងៗទៀតដែលអាចរកចំណូលពីការលក់ជូនដល់ភ្ញៀវទេសចរ»។
លោក ម៉េងឃាង ថ្លែងថា កម្ពុជាមានតំបន់ការពារធម្មជាតិច្រើន ហើយផ្ទៃដីក៏ធំ វិសាលភាពក៏ធំ គ្រប់ទីកន្លែង ដូច្នេះភាគីពាក់ព័ន្ធធ្វើយ៉ាងម៉េចជំរុញការអភិវឌ្ឍផែនការយុទ្ធសាស្ដ្រនៅក្នុងការស្ដារទេសចរណ៍ឡើងវិញក៏ដូចជាការអភិរក្សតំបន់ធនធានធម្មជាតិរបស់កម្ពុជា។ សហគមន៍ចំបក់នេះ បានបង្កើតឡើង និងទទួលស្គាល់តាំងពីឆ្នាំ ២០០៣។ រាជរដ្ឋាភិបាលកំពុងតែអនុវត្ត «គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ក្នុងរយៈពេល ៦ ឆ្នាំ (២០២០-២០២៥) ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារ និងខ្សែចង្វាក់តម្លៃអនុផលព្រៃឈើនៅក្នុងតំបន់ទេសភាពភ្នំក្រវាញ និងទន្លេសាប ទំហំជាង ៣,៨ លានហិកតា។ ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទបានទទួលកញ្ចប់ថវិកាចំនួន ៥៧,៥៨ លានដុល្លារក្នុងការអនុវត្តគម្រោងនេះ៕
វីដេអូ៖