ផ្ទះបាយកុមារគឺជាទីកន្លែងមួយសម្រាប់ផ្ដល់អាហារពេលព្រឹក និងអហារថ្ងៃត្រង់ដោយឥតគិតថ្លៃដល់កុមារក្រីក្រ កុមារអនាថា កុមាររើសអេតចាយ និងកុមារដើរសុំទាន នៅតាមចិញ្ចើមថ្នល់ជាដើមដែលអង្គការមិនរកប្រាក់កម្រៃនេះមានទីតាំងស្ថិតនៅផ្ទះលេខ ១៥៣ និង ១៥៥ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រៅពីការផ្តល់អាហារហូបចុកអង្គការនេះ ក៏បានជួយជ្រោមជ្រែងដល់កុមារទាំងនោះឱ្យទទួលបានការសិក្សាថែមទៀតផង។
លោក ង៉ូវ ឈីវ ក្នុងវ័យ ៧៤ ឆ្នាំដែលជាស្ថាបនិក និងជាប្រធានគ្រប់គ្រងផ្ទះបាយកុមារបានផ្តល់បទសម្ភាសដល់កាសែតភ្នំពេញប៉ុស្តិ៍ពីមូលហេតុនៃការបង្កើតអង្គការនេះឡើង និងគោលដៅទៅថ្ងៃអនាគតសម្រាប់កុមារកម្ពុជាមានខ្លឹមសារដូចតទៅ ៖
តើផ្ទះបាយកុមារបង្កើតឡើងក្នុងឆ្នាំណា?
ផ្ទះបាយកុមារបង្កើតឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១០ ក្នុងគោលបំណងឱ្យកុមារក្រីក្របានហូបគ្រប់គ្រាន់ និងទទួលបានការសិក្សានៅសាលារៀនដូចកុមារក្នុងគ្រួសារដទៃទៀត។
ដោយយល់ច្បាស់ពីក្តីស្រមៃរបស់កុមារក្រីក្រ កុមាររើសអេតចាយ រូបខ្ញុំ និងមិត្តភក្ដិឈ្មោះ Yves Jacquin ជនជាតិបារាំងបានផ្តួចផ្តើមឱ្យមានផ្ទះបាយកុមារនេះ។ នៅថ្ងៃមួយមិត្តភក្ដិខ្ញុំបានមកលេងផ្ទះ ហើយឃើញកុមាររើសអេតចាយ ២ នាក់បានដើរកាយសំរាមនៅមុខផ្ទះ ដែលគ្រានោះ យើងបានហៅកុមារនោះមកហូបបាយ និងបានសួរនាំពីស្ថានភាពគ្រួសារ និងការសិក្សារបស់ពួកគេ។
ក្រោយមកយើងទាំង ២ បានពិភាក្សា និងស្រុះស្រួលគ្នាហើយបានបង្កើតផ្ទះបាយកុមារនេះឡើង ដោយមុនដំបូងគិតថា ជួយកុមារ ១០០ នាក់បានហើយ បើកសាកល្បងមើល ៣ ខែ ព្រោះមិនសូវមានលុយច្រើនទេ ប៉ុន្តែក្រោយមកមានសប្បុរសជនខ្មែរយើងក៏ជួយបរទេសក៏ជួយរហូតរីកធំធាត់ដល់ឥឡូវ។
តើការបង្កើតផ្ទះបាយកុមារនេះឡើងមានគោលបំណងអ្វីខ្លះ?
គោលដៅរបស់យើងឱ្យកុមារបានហូបឆ្អែត ឱ្យកុមារចេះអាន និងចេះសរសេរ។ ក្រៅពីការផ្តល់អាហារយើងក៏បានគិតគូរពីការសិក្សារបស់កុមារដែរ យើងបញ្ចូនពួកគាត់ទៅសាលាណាដែលនៅជិតផ្ទះយើងក៏មានសៀវភៅតាមដាន កត់ត្រាកុមារ បើសិនក្នុងករណីកុមារមិនបានទៅរៀន យើងនឹងជួបជាមួយឪពុកម្តាយគាត់ហើយទាក់ទងទៅសាលារៀន ដើម្បីចុះឈ្មោះឱ្យបានចូលរៀន។
កុមារទាំងអស់ដែលមកនេះភាគច្រើនបានចូលរៀនមានន័យថា មុនគាត់ស្គាល់អង្គការយើង គាត់នៅដើររើសអេតចាយ ដើរសុំទាន ដើម្បីចិញ្ចឹមគ្រួសារ មិនបានចូលរៀនទេ ប៉ុន្តែពេលគាត់ស្គាល់អង្គការទោះគាត់នៅរើសអេតចាយ ភាគច្រើនគាត់បានចូលរៀន ពីព្រោះយើងបានតាមដាន និងបានជួបឪពុកម្តាយកុមារ ហើយបានណែនាំឱ្យគាត់យកចិត្តទុកដាក់លើការសិក្សាចំពោះកូន។
តើកុមារប្រភេទណាខ្លះដែលអង្គការបានជួយ?
កុមារដែលខ្ញុំចាប់ផ្តើមជួយដំបូងគឺផ្តោតសំខាន់ទៅលើកុមារដែលរកស៊ីចិញ្ចឹមគ្រួសារ កុមារដើរសុំទាន រើសអេតចាយ ខាត់ស្បែកជើង និងកុមារដើរលក់ទឹកជាដើម។ ជាពិសេសក្នុងជំនាន់នោះកុមារដើរសុំទាននៅតាមភ្លើងស្តុប ហើយគោលដៅយើងជួយកុមារអាយុចាប់ពីអាយុ ៦ ទៅ ១៤ ឆ្នាំដែលស្ថិតនៅក្នុងវ័យបឋមសិក្សា។ ការងារដែលយើងផ្តោតសំខាន់ឱ្យកុមារហូបឆ្អែត ហើយមិនគិតតែរឿងផ្តល់អាហារនោះទេ យើងក៏បានផ្តល់សម្ភារសិក្សា និងខោអាវសិស្សផងដែរ។ មួយវិញទៀត មុនហូបបាយយើងពិនិត្យមើលផងដែរ បើកុមារគគ្រិចពេកយើងងូតទឹកឱ្យកុមារ កាត់សក់ កាត់ក្រចក យើងទទួលកុមារក្រីក្រទាំងអស់ អត់មានគិតពីសាសនា ជនជាតិ នោះទេ។ ក្នុង ១ ថ្ងៃកុមារដែលមកហូបបាយនៅទីនេះមានចន្លោះពី ២០០ ទៅ ២៥០ នាក់។ តាំងពីបង្កើតផ្ទះបាយកុមារមក យើងបានចែកអាហារដល់កុមារជាង ៨០ ម៉ឺនចានយើងបូកសរុបរាល់ថ្ងៃ។ ក្នុងនោះយើងចែកសម្ភារសិក្សា និងខោអាវសិស្សដល់កុមារជាប្រចាំ ៥០២ នាក់ដោយយើងដឹងថា គេទៅសិក្សា។
តើលោកគិតថា អង្គការរបស់លោកអាចរួមចំណែកជួយកុមារក្នុងការកាត់បន្ថយការជួញដូរ ឬការគេចចេញពីមេខ្យល់ដែលតែងជួញដូរពលកម្មកុមារបានខ្លះដែរឬទេ?
តាមពិតទៅកុមារដែលមកទីនេះ យើងអត់មានពាក់ស្លាកសម្គាល់ថា ជាកុមារអង្គការទេ ប៉ុន្តែមេខ្យល់ក៏មិនហ៊ានប៉ះពាល់អង្គការដែរ ព្រោះគេដឹងថា កុមារនោះបានមកទាក់ទងយើងជារៀងរាល់ថ្ងៃ ហើយយើងមានអ្នកគ្រប់គ្រងកុមារតាមតំបន់ត្រឹមត្រូវ អ៊ីចឹងបើមេខ្យល់ចង់ប៉ះពាល់កុមារនេះក៏គេមិនសូវហ៊ានដែរ។ ឧទាហរណ៍កុមារធ្លាប់មកជាក្រុម ៥ នាក់ បើបាត់ម្នាក់ យើងនឹងសួរហើយសង្កេតថា កុមារនោះទៅណា យើងមានការតាមដានត្រឹមត្រូវ ទាំងការសិក្សារបស់កុមារ និងសុខភាពពួកគាត់។ នៅផ្ទះបាយកុមារ ក្រៅពីជួយកុមារ យើងក៏មានកម្មវិធីជួបជុំជាមួយឪពុកម្តាយកុមាររៀងរាល់ខែម្តង ដើម្បីលើកទឹកចិត្ត និងណែនាំពួកគាត់ឱ្យបញ្ជូនកូនទៅសិក្សា និងបានចែកសម្ភារដូចជាអង្ករ និងអាហារហូបចុកជាដើម។
តើស្ថានភាពជំនួយនៃផ្ទះបាយកុមារមានការប្រែប្រួលបែបណា នៅមុនពេល និងក្រោយពីមានកូវីដ ១៩ រាតត្បាត?
ខ្ញុំបារម្ភដែរ ចំពោះសប្បុរសជនដែលជួយយើង ដោយសារមុនកូវីដ ៤០ ភាគរយ មានជំនួយមកពីខាងអឺរ៉ុប ដូចជា អ៊ីតាលី ស្វ៊ីស ដល់ពេលផ្ទុះកូវីដខ្លាំង គេកាត់បន្ថយជំនួយទៅតាមលទ្ធភាពរបស់គេ។ ប៉ុន្តែផ្ទុយមកវិញ នៅខាងខ្មែរយើង មានសប្បុរសជនបរទេសបានជួយច្រើនទាំងក្រុមហ៊ុនឯកជន និងបុគ្គលផ្ទាល់គេមកជួយច្រើន ដោយផ្តល់ជានំ សម្ភារសិក្សា អង្ករ និងសាច់ ជាប្រចាំ។ ក្នុងនោះដែរ យើងចែកអង្ករដល់កុមារប្រមាណ ៦ តោនក្នុង ១ ខែមានន័យថា មិនត្រឹមតែផ្តល់អាហារហូបទេ យើងចែកអង្ករដល់គាត់ទៅតាមទំហំគ្រួសារ កុមារខ្លះបាន ១០ គីឡូក្រាមខ្លះ ២០ គីឡូក្រាម។
តើមូលហេតុអ្វីបានជាសប្បុរសជនផ្តល់ទំនុកចិត្តលើអង្គការផ្ទះបាយកុមារ និងបានផ្តល់ជំនួយជាបន្តបន្ទាប់?
ជាដំបូងខ្ញុំអរគុណដល់ម្ចាស់ជំនួយ និងសប្បុរសជនដែលតែងតែផ្តល់ទំនុកចិត្តដល់ផ្ទះបាយកុមារ និងអំពាវនាវ សូមឱ្យបន្តចែករំលែកក្តីស្រឡាញ់បន្តទៀត ដើម្បីកុមារកម្ពុជា។ សព្វថ្ងៃនេះយើងមានសប្បុរសជនធានាផ្តល់ទឹក ទឹកដោះគោ អង្ករ សាច់ ព្រោះគេដឹងថា យើងមិនយកជំនួយទៅណាទេ ហើយផ្តល់ឱ្យកុមារ។ ខ្ញុំជឿថា សប្បុរសជនចង់ជួយទៅអ្នកក្រីក្រ និងកុមារដែរ ប៉ុន្តែរកមធ្យោបាយអត់បាន អ៊ីចឹងគេបានផ្តល់តាមរយៈយើង ហើយយើងបានបង្ហាញសកម្មភាពដែលបានធ្វើហើយជំនួយនោះបានដល់ដៃកុមារក្រីក្រពិតប្រាកដ អ៊ីចឹងសំខាន់គឺទំនុកចិត្ត។
តើនៅថ្ងៃអនាគត លោកមានគោលដៅអ្វីទៀត សម្រាប់កុមារក្រីក្រកម្ពុជា?
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខ្ញុំសប្បាយចិត្តនឹងការងារនេះណាស់ ដែលបានឃើញកុមាររាល់ថ្ងៃមានការហូបចុកគ្រប់គ្រាន់។ អ្វីដែលកាន់តែរំភើបនោះ កុមារដែលធ្លាប់ហូបបាយនៅទីនេះបានបញ្ចប់ការសិក្សា ហើយអ្នកខ្លះថែមទាំងមានការងារធ្វើ ធ្វើខាងអគ្គិសនី ទេសចរណ៍ ខ្លះខាងសំណង់។ ដូច្នេះនៅថ្ងៃអនាគត បើមានលទ្ធភាពយើងចង់ពង្រីកអង្គការនេះឱ្យកាន់តែធំ ឬបើក ១ ទៅ ២ កន្លែងទៀត ដើម្បីជួយកុមារទីទាល់ក្រឱ្យបានគ្រប់ទីកន្លែង៕