ភ្នំពេញៈ ក្នុងឆ្នាំ ២០២១ ប្រជាពលរដ្ឋបានរាយការណ៍ពីការប្រទះឃើញគ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាម និងបានសុំការជួយអន្តរាគមន៍ពីមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានជាង ៥ ០០០ ករណី ដែលគិតជាគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះមានចំនួនជិត ២០ ០០០ គ្រាប់។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែកុម្ភៈ ថា ក្នុងឆ្នាំ ២០២១ ប្រជាពលរដ្ឋដែលបានជួបប្រទះគ្រាប់យុទ្ធភណ្ឌសល់ពីសង្គ្រាម ហើយបានធ្វើការរាយការណ៍ដើម្បីសុំអន្តរាគមន៍ពី CMAC មានចំនួនជាង ៥ ០០០ ករណីដែលគិតជាគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះមានចំនួនប្រមាណជិត ២០ ០០០ គ្រាប់។ តួលេខនេះមានចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ និងបង្ហាញពីភាពជោគជ័យរបស់កម្ពុជាដែលមានមហាជនច្រើនចូលរួមជាមួយអាជ្ញាធរក្នុងការរាយការណ៍។
លោកថ្លែងថា៖ «ប្រជាជនបានចូលរួមជាមួយប៉ូលិស ជាមួយយើងហ្មង មិនមែនយើងទៅរកឃើញទេ គឺគាត់ឃើញមុនហើយ គាត់ហៅយើងទៅ មិនមែនអ្នកជំនាញគេទៅរាវរកឃើញទេ ពលរដ្ឋគាត់ឃើញហើយគាត់ហៅទៅ បានយើងរុករកថែមទៅយើងឃើញ។ ចំនួនហ្នឹងគឺខ្លះគាត់កាយឃើញ ខ្លះដើរទៅគាត់ប្រទះភ្នែកឃើញ នៅជិតគល់ឈើ នៅជិតអីអ៊ីចឹងទៅ»។
លោកបានប្រាប់ថា ប្រភេទគ្រាប់ដែលបានរកឃើញតាមរយៈប្រជាពលរដ្ឋរាយការណ៍នោះ ប្រភេទណាដែលត្រូវបន្សាបគឺ CMAC បានធ្វើការបន្សាប ចំណែកប្រភេទណាដែលបន្សាបមិនបានគឺត្រូវកម្ទេចចោលនៅនឹងកន្លែងមួយចំនួន និងមួយចំនួនយកទៅកម្ទេចចោលនៅកន្លែងសុវត្ថិភាពគឺអាស្រ័យទៅតាមប្រភេទគ្រាប់។ លោកលើកឡើងថា បើសិនជាប្រជាពលរដ្ឋមានការសង្ស័យ ឬមានការព្រួយបារម្ភក្នុងការជីកកាយនោះ លោកលើកទឹកចិត្តឱ្យធ្វើទំនាក់ទំនងជាមួយអង្គភាពជំនាញ ដើម្បីស្រាវជ្រាវពិនិត្យមើលជាមុនសិនទើបអាចធានាសុវត្ថិភាពព្រោះពេលខ្លះអ្វីដែលពលរដ្ឋកាយឃើញហើយ អត់ផ្ទុះនោះ គ្រាន់តែជាសំណាងប៉ុណ្ណោះ ហើយសំណាងនោះមិនមានរហូតទេ។
លោកបានថ្លែងថា៖ «អ៊ីចឹងសំណូមពរឱ្យគាត់ថា បើគាត់សង្ស័យទី ១ មុននឹងកាយហ្នឹងគួរតែទាក់ទងរកអ្នកជំនាញឱ្យជួយត្រួតពិនិត្យទី ២ ករណីដែលគាត់កាយ ប៉ុន្តែគាត់ជួបហើយសុំកុំឱ្យគាត់លើកដាក់ ឬវាយដំវា រក្សាឱ្យនៅធាតុដើមហើយទាក់ទងប៉ូលិស ឬជំនាញខាង CMAC នឹងទៅជួយ» ។
បើតាមលោក ហេង រតនា ការដែលប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមរាយការណ៍នៅពេលឃើញគ្រាប់យុទ្ធភណ្ឌសំណល់ពីសង្គ្រាមនេះ គឺដោយសារមានការចូលរួមផ្សព្វផ្សាយបានទូលំទូលាយពីវិស័យសារព័ត៌មានបានធ្វើឱ្យប្រជាជនកាន់តែយល់ដឹងច្រើនអំពីរបៀបនៃការដោះស្រាយបញ្ហានៅពេលជួបគ្រាប់ទាំងនោះ ។ ទន្ទឹមនោះ ការងារអនុវត្តជាក់ស្តែងរបស់ CMAC នៅតែខិតខំផ្តល់សារអប់រំបន្ថែមទៀតទៅតាមសាលារៀន និងមូលដ្ឋានផ្សេងៗ។
លោកបញ្ជាក់ថា៖ «លទ្ធផលនេះមួយផ្នែក គឺការចូលរួមរបស់សង្គមយើងទាំងមូលទាំងវិស័យសន្តិសុខជាតិរបស់យើង កម្លាំងប៉ូលិស អាជ្ញាធរមូលដ្ឋាន ជាពិសេសសារព័ត៌មានដែលផ្សព្វផ្សាយទៅប្រជាជនគាត់ជ្រួតជ្រាបពីការងារនឹងបូកផ្សំ និងកម្លាំងជំនាញដែលខិតខំចូលរួមក្នុងការអប់រំផ្សព្វផ្សាយ» ។
លោក ស ប៊ុនរិទ្ធ ប្រជាពលរដ្ឋដែលធ្លាប់ប្រទះឃើញគ្រាប់មិនទាន់ផ្ទះនៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែកខេត្តស្វាយរៀង ថ្លែងនៅថ្ងៃទី ៣ ខែកុម្ភៈ ថា លោកធ្លាប់រាយការណ៍ពីការប្រទះឃើញគ្រាប់បែកនៅលើវាលស្រែប្រាប់ទៅអាជ្ញាធរ ដើម្បីសុំអន្តរាគមន៍ជួយយកចេញ ការពារការប៉ះពាល់ផ្ទាល់ដោយខ្លួនឯង ដែលអាចជាហេតុនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។
លោក ស ប៊ុនរិទ្ធ បានបញ្ជាក់ថា៖ «ពីមុនពេលឃើញគ្រាប់ឃើញអីមិនទាន់ផ្ទុះហ្នឹង ខ្ញុំមិនហ៊ានរាយការណ៍ទៅណាទេ ក្រោយមកឃើញការផ្សាយតាមទូរទស្សន៍ វិទ្យុ គេណែនាំកុំឱ្យប៉ះពាល់ ហើយត្រូវប្រាប់ទៅអាជ្ញាធរភូមិឃុំ។ ខ្ញុំក៏ហ៊ានប្រាប់ ហ៊ានរាយការណ៍ទៅអាជ្ញាធរអ៊ីចឹងទៅ។ ម្យ៉ាងខ្ញុំខ្លួនឯងក៏ខ្លាចផ្ទុះដែរពេលឃើញគ្រាប់មិនទាន់ផ្ទុះនោះ»៕