ភ្នំពេញៈ លោក ​សូរ វ៉ិ​ច​ទ័​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ពិនិត្យ​ពិភាក្សា​ជំរុញ​វឌ្ឍនភាព​ការងារ​សាងសង់​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​នឹង​ថ្ងៃទី​៣ ខែកុម្ភៈ​នៅ​ទីស្ដីការក្រសួង ដើម្បី​ព​ន្លឿ​ន​ការសាងសង់​។

​កិច្ចប្រជុំ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ផងដែរ​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​អំពី​របាយការណ៍​វឌ្ឍនភាព​ការងារ​សម្រេចបាន ការកែសម្រួល​កាលវិភាគ​ការងារ សម្រាប់​ការងារ​សាងសង់​នៅក្នុង​រដូវប្រាំង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វឌ្ឍនភាព​ការងារ ការគ្រប់គ្រង​គុណភាព ការផ្គត់ផ្គង់​សម្ភារ​គ្រឿងចក្រ និង​កម្លាំង​ពលកម្ម កង្វះ​អ្នកបច្ចេកទេស​រចនា​ប្លង់ បញ្ហា​ទាក់ទង​នឹង​ការកាប់​ដើមឈើ សំណូមពរ បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​របស់​ក្រុមហ៊ុន​។

​កំណាត់​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​១៤៨ គីឡូម៉ែត្រ​ចាប់ពី​ចំការ​ហ្លួង ស្រុកស្រែ​អំបិល​ដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដែល​ត​ភ្ជាប់​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តកោះកុង​។ ផ្លូវជាតិ​លេខ​៤៨​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ដើមខែ​មុន ដែល​ត្រូវបាន​ចាប់ផ្តើម​សាងសង់​ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

​លោក​សូរ វ៉ិ​ច​ទ័​រ ដែលជា​ប្រធាន​គ្រប់គ្រង​គម្រោង​ផងដែរ​នោះបាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទាញយក​ឱកាស​នៅក្នុង​រដូវ​ប្រាំ​ឆ្នាំនេះ ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព​ការងារ​សាងសង់​របស់ខ្លួន ព្រោះថា​ស្ថានភាព ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ​៤៨​នេះ​មាន​លក្ខណៈ​ខុសគ្នា​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​ផ្លូវ​ផ្សេងទៀត​។ កំណាត់​ផ្លូវ​នេះ​ជា​ផ្លូវ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ជាប់មាត់​សមុទ្រ សម្បូរ​ទៅដោយ​ភ្លៀង​ធ្លាក់​ជោកជាំ បង្ក​ការលំបាក​ដល់​ការងារ​សាងសង់​។

​លោក​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់​កំណាត់​ផ្លូវ​នេះ ត្រូវ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ឱ្យបាន​ជាដាច់ខាត ជាពិសេស​ត្រូវ​អនុលោម​តាម​លក្ខខណ្ឌ​អាទិភាព​ចំនួន​២​គឺ​៖ សំណង់​ផ្លូវ​មានគុណ​ភាពរឹងមាំ​អាច​ប្រើប្រាស់​បានយូរ​អង្វែង និង​ការបញ្ចប់​គម្រោង​តាម​ផែន​ការដែល​បានកំណត់​។​

​បន្ថែម​ពីលើ​នេះ លោក​រដ្ឋលេខាធិការ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង បាន​កំណត់ឱ្យ​ក្រុមហ៊ុន​សាងសង់​ព​ន្លឿ​ន​វឌ្ឍនភាព​ការងារ​របស់ខ្លួន​ឱ្យបាន​១៥% គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​២០២២​ខាងមុខ និង​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​សាងសង់ អ្នកម៉ៅការ​បន្ត កម្មករនិយោជិត និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​សម្រេចបាន​វឌ្ឍនភាព​ការងារ​ដែល​បានកំណត់​ខាងលើនេះ​។

​លោក​ក៏បាន​ជំរុញ​ផងដែរ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​បន្ថែម​គ្រឿងចក្រ និង​កម្លាំង​ពលកម្ម​ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ធានា​ឱ្យ​ការសាងសង់​បញ្ចប់​ទៅតាម​កាលបរិច្ឆេទ​គ្រោងទុក​ប្រកបដោយ​គុណភាព​រឹងមាំ​។

​តំណាង​ក្រុមហ៊ុន​សាងសង់ បាន​ប្តេជ្ញា​អនុវត្ត និង​ទទួលយក​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋ លេខាធិការ និង​ក្រុមការងារ​បច្ចេកទេស ដើម្បីឱ្យ​គម្រោង​សាងសង់​ផ្លូវ​ទាំងនេះ​មានគុណ​ភាពរឹងមាំ និង ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

​គម្រោង​នេះ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៣២​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៤ សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture​។ គម្រោង​នេះ​គ្រោង​ចំណាយ ថវិកា​សរុប​ប្រមាណ ៦៥,១៤​លាន​ដុល្លារ​អាមេរិក ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​៕