កុងកោះៈ អាជ្ញាធរខេត្តកោះកុង និងអង្គការអុកស្វាមណូវីប (Oxfam Novib) ពិភាក្សារកដំណោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋ «ក្រុម ២០០គ្រួសារ» នៅឃុំជីខលើ ស្រុកស្រែអំបិល ជាមួយក្រុមហ៊ុនទទួលទិញស្ករសម្រេចពីកម្ពុជា ថេត អេន ឡាយ ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។
ជំនួបពិភាក្សានេះ ធ្វើឡើងរវាង លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងលោកស្រី ភាព សោភ័ណ នាយិកាអង្គការអុកស្វាមណូវីប (Oxfam Novib) រួមជាមួយនឹងអង្គការដៃគូ មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍(CLEC)ផងដែរ នាថ្ងៃទី៣ ខែកុម្ភៈ។
រដ្ឋបាលខេត្តកោះកុង បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី៣ ខែកុម្ភៈថា៖«គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃការចរចារកដំណោះស្រាយ លើករណីវិវាទរបស់ប្រជាពលរដ្ឋ ក្រុម ២០០គ្រួសារ។ ក្នុងជំនួបខាងលើ គឺទទួលបាននូវវឌ្ឍនភាពជាលទ្ធផលវិជ្ជមាន ដែលគ្រប់ភាគីពាក់ព័ន្ធ សម្រេចបង្ហាញនូវសុឆន្ទៈក្នុងការដោះស្រាយបញ្ចប់ករណី»៕