ភ្នំពេញៈ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ ចុះហត្ថលេខាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ» រវាងកងទ័ពជើងគោកនៃប្រទេសទាំង ២ ដើម្បីពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ និងជំរុញឱ្យមានកិច្ចពិភាក្សាដោយបើកចំហលើប្រធានបទដែលផ្តល់ផលប្រយោជន៍រួម។
ការចុះហត្ថលេខាធ្វើឡើងរវាងលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៣ ខែកុម្ភៈ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសដែល លោក ណារ៉ុងផាន់ ជិតកែវធែ មកបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅកម្ពុជាជាលើកដំបូង បន្ទាប់ពីលោកបានចូលកាន់តំណែង។
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៣ ខែកុម្ភៈ ថា ការចុះហត្ថលេខានេះ គឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវដើម្បី ឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក កម្ពុជា-ថៃ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍នេះ អាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំង ២ ផងដែរ»។
ភាគីទាំង ២ បានប្តេជ្ញាកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដោយឈរលើស្មារតីអត់ធ្មត់ និងសម្របសម្រួលដោះស្រាយបញ្ហា តាមយន្តការ គ្រប់កម្រិតក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។
ភាគីទាំង ២ បានចាត់ទុកសន្តិភាព សន្តិសុខ និង ស្ថិរភាព នៅតាមបណ្តោយព្រំដែន គឺពិតជា បានបង្កនូវលក្ខណៈអំណោយផល ដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជន នៃប្រទេសទាំង ២។
ភាគីទាំង ២ ក៏បានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិ ការរវាងកងទ័ពជើងគោក នៃប្រទេសទាំង ២ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងតំបន់ ដើម្បីបន្តចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោមធ្លុងសាមគ្គីភាព នៃកងទ័ពជើងគោកបណ្តាប្រទេសសមាជិកអាស៊ាន៕