គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ បានបញ្ជាឱ្យបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំ ធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថា លែងមានការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។
ការបញ្ជានេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាននាយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ដោយរាជធានីភ្នំពេញក៏បានព្រមានថា នឹងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលណាដែលមិនអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញនូវករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ជាស្រ្តីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឱ្យបាតុករទាំងអស់ទៅយកសំណាកនៅទីតាំង ដែលបានកំណត់ ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ថ្ងៃ។
ប្រភពដដែលបានបន្តថា តំណាងក្រុមបាតុករ លោក ជួប ចាន់ណាត បានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំធ្វើបាតុកម្ម ប៉ុន្តែជាក់ស្តែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករនៅតែរឹងរូស មានះមិនព្រមសហការឱ្យយកសំណាកទៀត។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្ដុំ ធ្វើបាតុកម្មនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំ ធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថា លែងមានការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ»។
បើតាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០៣-០៤ ខែកុម្ភៈ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។ ដូចនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយបាតុករ ត្រូវទៅយកសំណាកនៅទីតាំងដែលបានកំណត់ជូន ស្ថិតនៅកោះពេជ្របន្តទៀត។
រដ្ឋបាលរាជធានីភ្នំពេញថា៖ «ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ»។
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ សង្ឃឹមនិងជឿជាក់លើស្មារតីចូលរួមរបស់ក្រុមបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជា ធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ធ្វើយ៉ាងណាកុំឱ្យរាជធានីភ្នំពេញជួបសោកនាដកម្មដូចព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ឡើងវិញ៕