ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាន អះអាងថា ជ្រូកពោន ឬជ្រូកព្រុលដែលស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោកកំពុងបន្តមានវត្តមាននៅកម្ពុជា ប៉ុន្តែមិនមានការសិក្សាលម្អិតអំពីចំនួនសត្វនេះឡើយ។ សត្វនេះមាននៅតាមតំបន់ព្រៃធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគខាងជើងប្រទេស។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែកុម្ភៈនេះថា ជ្រូកពោន ឬជ្រូកព្រុល ដែលជាប្រភេទសត្វក្នុងក្រុមមានដោយកម្រ ស្ថិតក្នុងបញ្ជីក្រហម IUCN ដែលថា ជាប្រភេទងាយរងគ្រោះ បន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាមួយប្រភេទសត្វកម្រៗផ្សេងទៀតដូចជា៖ សត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពក ជាដើម។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា៖ «មិនមានការសិក្សាឱ្យបានលម្អិត អំពីចំនួនសត្វជ្រូកពោន នៅលើពិភពលោក និងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ជ្រូកពោនមាននៅតាមតំបន់ព្រៃធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោន ក៏មានផងដែរនៅប្រទេសចិន កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងកោះស៊ូមាត្រា ប្រទេសឥណ្ឌូនេស៊ី»។
លោកបន្តថា ជ្រូកពោន បច្ចុប្បន្នកំពុងរងគ្រោះដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួនមានជំនឿថា ខ្លាញ់ជ្រូកពោនអាចយកទៅធ្វើថ្នាំបុរាណជាដើម។
លោកថ្លែងថា៖ «សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹង អាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយងាកមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជា ឱ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់»។
លោកបន្ថែមថា សត្វជ្រូកប្រភេទនេះ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលនេះជាមោទនភាពរបស់កម្ពុជា និងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូរដោយធនធានជីវៈចម្រុះ។ ដោយសារតែកម្ពុជា មានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន។
បច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន និងខ្លះទៀតមានស្ថិភាព និងខ្លះមានការកើនឡើង និងខ្លះទៀត នៅតែបន្តថយចុះ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
យោងតាមការសិក្សារបស់អ្នកជំនាញបានឱ្យដឹងថា ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី ៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។
ជាទូទៅ វាមានសម្បុរលឿងខ្ចី ប្រផេះ ឬ ខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ ចេញពីត្រចៀកកាត់តាមភ្នែករហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។
ចំណែកលក្ខណៈជីវសាស្ត្រ៖ ជ្រូកពោន ជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោន មិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែលអាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ ៣ក្បាល៕