ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលមាន ១៥ ជំពូក និង ១១៣ មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីចុងសប្តាហ៍មុននេះ ដែលវានឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២។
សេចក្តីព្រាងច្បាប់ស្តី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅក្នុងប្រទេសកម្ពុជាព្រមទាំងកិច្ចព្រមព្រៀង និងអនុសញ្ញាក្នុងតំបន់ និងអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
លោក ផៃ ស៊ីផាន បានលើកឡើងថា៖ «សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម ដូចជាការការពារផលប្រយោជន៍របស់ប្រជាកសិករតាមរយៈការគ្រប់គ្រង ការពាររុក្ខជាតិនិងអនុវត្តវិធានការភូតគាមអនាម័យ ការគាំទ្រគោលនយោបាយនិងយុទ្ធសាស្ត្រ ជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្មកសិកម្ម…»។
លោកបានបន្ថែមថា ច្បាប់នេះផ្តល់ប្រយោជន៍ជាច្រើនទៀតដូចជា ការផ្តល់ជំនឿទុកចិត្តជាមួយ ប្រទេសដៃគូពាណិជ្ជកម្ម និងកម្លាំងពលកម្មពេញលេញ ក្នុងការចរចាបើកទីផ្សារនាំចេញកសិផល កម្ពុជាជាមួយបណ្តាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក។
យោងតាមសេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តរបស់វិស័យកសិកម្ម ក្នុងក្របខ័ណ្ឌបង្កើនផលិតភាព ពិពិធកម្មកសិកម្ម នឹងកសិ-ធុរកិច្ច។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា ៖ «សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងដោយផ្អែកលើអនុសាសន៍របស់ នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើននៃវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែង»។
សេចក្តីព្រាងច្បាប់នេះមានគោលបំណងកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម។
ច្បាប់នេះក៏សម្រាប់គ្រប់គ្រងនូវសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាម អនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផល ដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិផងដែរ៕